ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផលិតផល​ម្រេច​កំពត​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ធ្វើ​ឲ្យ​អ្នក​វិនិយោគ ដែល​មាន​ទុន​ច្រើន​ចាប់អារម្មណ៍​ដាំ​ដំណាំ​នេះ​នៅ​ក្នុង​ខេត្តកំពត ។ ទោះបី​យ៉ាងណា ទីផ្សារ​ម្រេច​កំពត​មួយ​រយៈពេល​ចុង​ក្រោយ​នេះ បើ​មើល​ពី​ជ្រុង​ម្ខាង​ឃើញ​ថា វា​ហាក់ដូចជា​កំពុង​តែ​រីក​ខ្លាំង តែបើ​ចូល​ឱ្យ​ដល់​ឃើញ​ថា អ្នក​ផលិត​ហាក់ដូចជា​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ពី​ទីផ្សារ អាច​នឹង​ចង្អៀត​បន្តិច​ម្ដង​ៗ ដោយសារ​តែ​ម្នាក់​ៗ​បាន​ពង្រីក​ផ្ទៃដី​ដាំ​បន្ថែម​កាន់តែ​ច្រើន ខណៈ​ក្រុមហ៊ុន​ធំ​ៗ​ក៏​បាន​មក​បោះទុន​ដាំ​ច្រើន​ដែរ ។ ម្យ៉ាងទៀត បើ​យោង​តាម​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត​បញ្ជាក់​ថា ទីផ្សារ​នៅ​តែ​ទូលាយ និង​រក​ផលិតផល​ឱ្យ​អ្នកទិញ​ស្ទើរ​មិន​បាន។ ចំណែក​អ្នក​ផលិត​ដែល​ជា​ប្រជា​កសិករ​ដាំ​ម្រេច​ឯណោះ​វិញ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ខ្លាច​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី ទីផ្សារ​ម្រេច​អាច​នឹង​ចង្អៀត ។

ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត លោក ងួ​ន ឡាយ បាន​មាន​ប្រសាសន៍​ថា ៖ « ទីផ្សារ​ម្រេច​កំពត​នៅ​តែ​ទូលាយ​នៅឡើយ សម្រាប់​ការ​លក់​ចេញ​ជូន​ឈ្មួញ​ដើម្បី​នាំ​ចេញ​។ ជាក់ស្ដែង នៅ​ពេល​ថ្មី​ៗ​នេះ មាន​ឈ្មួញ​ជនជាតិ​កូរ៉េ​ចុះ​មក​សិក្សា​ពី​ផលិតផល​ម្រេច​កំពត និង​បាន​សុំ​ចុះ​កិច្ចសន្យា​ទិញ​ម្រេច​ពី​ខេត្តកំពត សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​កូរ៉េ ។ កូរ៉េ​គេ​ចុះ​មក​សិក្សា​និង​បាន​សុំ​យើង​ទិញ​ចំនួន​៥០​តោន តែ​យើង​អត់​មាន​ម្រេច​ឱ្យ​គេ​ទេ គឺ​យើង​បានឱ្យ​ត្រឹមតែ​១០​តោន​ប៉ុណ្ណោះ ព្រោះ​យើង​ផលិត​មិន​បាន​ច្រើន​ជូន​ពួក​គេ​ទេ » ។

ជា​រៀង​រាល់​ឆ្នាំ សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត តែង​ធ្វើ​កិច្ចសន្យា​រវាង​អ្នក​ផលិត និង​ឈ្មួញ​នៅ​ក្នុង​សមាគម​សម្រាប់​កំណត់​ចំនួន​ម្រេច និង​តម្លៃ​សម្រាប់​ទីផ្សារ​ម្រេច ។ លោក ងួ​ន ឡាយ ឱ្យ​ដឹង​ដែរ​ថា ៖ « ឆ្នាំ​២០១៦​នេះ សមាគម​បាន​ចុះ​កុងត្រា​រវាង​អ្នក​ដាំ​ដែល​ជា​សមាជិក និង​ឈ្មួញ​ដើម្បី​កំណត់​ចំនួន​និង​តម្លៃ ហើយ​ក្នុង​ឆ្នាំ​២០១៦​នេះ យើង​រំពឹង​ថា នឹង​ទទួល​បាន​ចំនួន​៨០​តោន​សម្រាប់​លក់​ជូន​ភ្ញៀវ​តាម​រយៈ​សមាគម​ច្រើន​ជាង​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ​៦០​តោន តែ​រហូត​មក​ដល់​ពេល​នេះ យើង​ទើបតែ​ធ្វើ​កុងត្រា​បាន​តែ​ជាង​២៥​តោន​ប៉ុណ្ណោះ » ។

លោក ងួ​ន ឡាយ មាន​ប្រសាសន៍​បន្ត​ថា ៖ « មូលហេតុ​ដែល​សមាគម​ហ៊ាន​រំពឹង​ថា ឆ្នាំ​នេះ​ទិន្នផល​ម្រេច​ទទួល​បាន​ច្រើន​ជាង​ឆ្នាំ​មុន ដោយសារ​តែ​ផ្ទៃដី​ដំណាំ​ម្រេច​ដែល​ទទួលផល​ឆ្នាំ​នេះ កើន​ជាង​ឆ្នាំ​មុន ។ តែ​ឆ្នាំ​នេះ យើង​មាន​ផ្ទៃដី​ឱ្យ​ផល​៤០​ហិ​កតា​ច្រើន​ជាង​ឆ្នាំ​មុន ដែល​ឆ្នាំ​មុន យើង​មាន​ផ្ទៃដី​ឱ្យ​ផល​តែ​ជាង​២៥​ហិ​កតា​ប៉ុណ្ណោះ » ។

ចំណែក​លោក សោម សុខា ផលិតករ​ម្រេច​កំពត​មួយ​រូប​បានឱ្យ​ដឹង​ថា ៖ « ទីផ្សារ​ម្រេច​ហាក់ដូចជា​ចង្អៀត​បន្តិច​ហើយ ព្រោះ​ក្រុមហ៊ុន​ដែល​ធ្លាប់​បញ្ជា​ទិញ​ម្រេច ហាក់ដូចជា​ពន្យារពេល​ក្នុង​ការ​ដាក់​ប្រាក់​កក់​ជូន​ផលិតករ​។ កាលពីមុន​ឱ្យ​តែ​ខែ​៧ ឬ​ខែ​៨ (​កក្កដា​-​សីហា​) ក្រុមហ៊ុន​ដែល​បញ្ជា​ទិញ​ម្រេច​ពី​យើង គេ​យក​លុយ​មក​កក់​មុន​សម្រាប់​ប្រមូល​ទិញ​ម្រេច តែ​រហូត​មក​ដល់​ពេល​នេះ មាន​តែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ​ដែល​បាន​យក​លុយ​មក​កក់​ទុក​សម្រាប់​ប្រមូល​ទិញ ដោយ​គេ​ទិញ​តែ​ម្រេចស និង​ម្រេច​ក្រហម​ប៉ុណ្ណោះ ចំណែក​ម្រេចខ្មៅ អត់​មាន​ក្រុមហ៊ុន​ណា​យក​លុយ​មក​កក់​ឡើយ » ។

លោក​បន្ត​ថា ៖ « ឆ្នាំ​នេះ ផលិតផល​ម្រេច​អាច​នឹង​នៅ​សល់ ដោយសារ​តែ​សមាជិក​មួយ​ចំនួន​ហាក់ដូចជា​ដំអក់ មិន​ទាន់​មក​ចុះ​កុងត្រា កំណត់​ចំនួន​លក់​ជូន​ឈ្មួញ ឬ​ក្រុមហ៊ុន​នៅឡើយ ហើយ​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រមូល​ទិញ​គ្រប់​ចំនួន​កុងត្រា​នឹង​ឈប់​ទិញ ដូចនេះ​ផលិតផល​នឹង​នៅ​សល់ » ។

លោក​បន្ថែម​ថា ៖ « ទាក់ទង​នឹង​ទិន្នផល​ម្រេច​ឆ្នាំ​នេះ​អាច​នឹង​កើនឡើង ពីព្រោះ​ម្នាក់​ៗ​បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែម ហើយ​ផ្ទៃដី​ម្រេច​ដែល​ទទួលផល​ឆ្នាំ​នេះ​ក៏​កើនឡើង តែបើ​ប្រៀបធៀប​ក្នុង​មួយ​ជន្លង់ ប្រហែលជា​មិន​កើនឡើង​ទេ អាច​ធ្លាក់​ប្រមាណ​៣០%​ក្នុង​មួយ​ជ​ង្ល​ង់​ៗ ដោយសារ​តែ​សព្វ​ថ្ងៃនេះ អាកាសធាតុ​ប្រែប្រួល​ក្តៅ​ខ្លាំង ជា​ហេតុ​នាំ​ឱ្យ​ផ្លែ​ម្រេច​ជ្រុះ​តាំងពី​ក្ដិ​ប​ៗ​មក​ម្ល៉េះ » ។

គួរ​បញ្ជាក់​ដែរ​ថា ប្រជាពលរដ្ឋ​ផ្សេង​ទៀត ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ម្រេច​កំពត​ផង​ដែរ ដោយសារ​តែ​ក្រុមហ៊ុន​ធំ​ៗ​មាន​ទុន​ច្រើន​បាន​បោះទុន​ធំ​សម្រាប់​វិនិយោគ​ដំណាំ​មួយ​នេះ ព្រោះ​ក្រុមហ៊ុន​ធំ​ៗ​មាន​ទីផ្សារ និង​ជា​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​នៅ​ខាងក្រៅ ច្រើន​ជាង​ប្រជា​កសិករ​ដែល​ដាំ ហើយ​ពឹង​ទៅ​លើ​ទីផ្សារ​រត់​មក​រក ខុស​ពី​ក្រុមហ៊ុន​ដែលរ​ត់រក​ទីផ្សារ ។

«​ដំណាំ​ម្រេច​កំពត​នេះ មិនមែន​ឲ្យ​តែ​ដាំ​នៅ​ខេត្តកំពត សុទ្ធតែ​ជា​ម្រេច​កំពត​នោះ​ទេ សូមកុំ​ច្រឡំ គឺ​មាន​តែ​ប៉ុន្មាន​ស្រុក​ប៉ុណ្ណោះ​ដែល​ចុះ​ក្នុង​បញ្ជី​GI » ។ នេះ​បើ​តាម​លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៥ ៕