ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ចំនួន​សហគ្រាស និង​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​ឆ្នាំ​២០១៥​កន្លង​មកនេះ សរុប​មាន​ចំនួន​២៥០​សហគ្រាស បើ​ធៀប​នឹង​ឆ្នាំ​២០១៤ មាន​ចំនួន​១៦៥​សហគ្រាស ពោល​គឺ​កើនឡើង​ប្រមាណ​ជា​៥០% ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៦ កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មាន​ប្រសាសន៍​ថា ៖ « គុណភាព​ទឹកបរិសុទ្ធ ទឹកដប សម្រាប់​ស្តង់ដា​ជាតិ​របស់​យើង​ស្មើនឹង​ស្តង់ដា​ប្រទេស​ផ្សេង​ទៀត ។ អ្នក​ណា​ចង់​ផលិត​ទឹកបរិសុទ្ធ​នាំ​ចេញ​ទៅ​ក្រៅប្រទេស គឺ​ត្រូវ​គោរព​តាម​ស្តង់ដា​ជាតិ​ខ្លួនឯង​ជា​មុន​សិន ទើប​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​បាន និង​នាំ​ចេញ​ទៅ​អឺរ៉ុប​កាន់តែ​ស្រួល ព្រោះ​ស្តង់ដា​ទឹក​ស្អាត​យើង​ស្មើនឹង​ស្តង់ដា​នៅ​អឺរ៉ុប ។ គេ​ពិសា​ទឹកបរិសុទ្ធ​ផលិត​នៅ​កម្ពុជា​បាន យើង​ក៏​ពិសា​ទឹកបរិសុទ្ធ​នៅ​គេ​បាន ព្រោះ​ទឹកបរិសុទ្ធ​ទាំងនេះ​មាន​ស្តង់ដា​ខ្ពស់​ដូច​គ្នា » ។

លោក​ទេស​រដ្ឋមន្ត្រី​លើក​ឡើង​ថា ៖ « នា​ពេល​កន្លង​ទៅ មាន​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​មួយ​ចំនួន​បាន​សាកល្បង​នាំ​ផលិតផល​របស់​ខ្លួន​ទៅ​រក​ទីផ្សារ​នៅ​ខាងក្រៅ តែ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មិន​បាន​ប្រាប់​ថា មាន​ចំនួន​ប៉ុន្មាន​ទេ ទាល់តែ​មើល​ជើង​លេខ​នៅ​គយ បានដឹង​ច្បាស់ » ។

លោក​ទេស​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ត​ថា ៖ « ការ​កំណត់​ស្តង់ដា​លើ​មុខទំនិញ​នីមួយ​ៗ​ត្រូវការ​ស៊ីពេល​យូរ ដោយសារ​សមត្ថភាព និង​ថវិកា​យើង​មិន​មាន​គ្រប់គ្រាន់ ។ តែ​អ្វី​ដែល​យើង​ត្រូវធ្វើ គឺ​ត្រូវ​ហក់លោត និង​ក្តាប់​យក​នូវ​អ្វី​ជា​ស្តង់ដា​ដែល​ប្រទេស​ដទៃ​ទទួលស្គាល់ រួច​ហើយ​យើង​យក​ស្តង់ដា​ទាំងនោះ​មក​ធ្វើ​ជា​ស្តង់ដា​សម្រាប់​ប្រទេស​យើង ដោយ​មិន​ចាំបាច់​ចំណាយពេល​អង្គុយ​សិក្សា​ច្រើន ។ នៅ​ពេល​គេ​មក​វិនិយោគ ខាង​សិប្បកម្ម​ដែល​ផលិត​នូវ​ផលិតផល​ត្រូវ​គោរព​តាម​ស្តង់ដា​ទាំងនោះ ទើប​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​បាន » ។

ចំណែក​ប្រធាន​ផ្នែក​ផលិតកម្ម​អង្គភាព​ទឹកបរិសុទ្ធ Oral លោក ហ៊ា​ង ដា​រ៉ូ បាន​ប្រាប់​កោះសន្ដិភាព​ថា ៖ « សង្វា​ក់​ផលិតកម្ម​ទឹកបរិសុទ្ធ Oral គឺ​ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជា​ច្រើន​ដំណាក់កាល និង​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ មុន​នឹង​ចែកចាយ​នៅ​លើ​ទីផ្សារ ។ ទន្ទឹម​នឹង​នេះ ក៏​មានការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ៗ និង​កែប្រែ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​នៃ​សម័យកាល​បច្ចេកវិជ្ជា​ទំនើប ។ បច្ចុប្បន្ន ទឹកបរិសុទ្ធ Oral មាន​៥​ប្រភេទ​គឺ ចំណុះ​២២០​មី​ល្លី​លី​ត្រ ក្នុង​១​កេស​មាន​៤៨​កែវ​, ចំណុះ​៣៥០​មី​ល្លី​លី​ត្រ និង​ចំណុះ​៥០០​មី​ល្លី​លី​ត្រ ដែល​ប្រភេទ​ទាំង​ពីរ​នេះ​ក្នុង​១​កេស​មាន​២៤​ដប​, ចំណុះ​១.៥០០​មី​ល្លី​លី​ត្រ ក្នុង​១​កេស​មាន​១២​ដប និង​ប្រភេទ​២០​លី​ត្រ ។ ពេល​នេះ​អង្គភាព​យើងខ្ញុំ​បាន​ផ្លាស់​ប្តូរ​រូបភាព​ដប និង​សម្បក​កេស​ថ្មី​ដើម្បី​អបអរ​ខួប​១០​ឆ្នាំ​នៃ​អង្គភាព​ផលិត​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់ ដែល​នឹង​ចែកចាយ​នៅ​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ រូបភាព​ដប​ថ្មី​នេះ គឺ​ស្រស់ថ្លា និង​មាន​សោភ័ណ​ភាព​ស្អាត​សម្រាប់​អ្នក​ប្រើប្រាស់​សម័យ​ទំនើប ព្រមទាំង​មាន​អាំង​ប៉ាវ​សំណាង​រហូត​ដល់​២០០​លាន​រៀល​នៅ​ក្នុង​កេស​ផង​ដែរ » ។

លោក​ប្រធាន​ផ្នែក​ផលិតកម្ម​រូប​នេះ​គូសបញ្ជាក់​ថា ៖ « បច្ចុប្បន្ន អង្គភាព​ផលិត​ទឹកបរិសុទ្ធ Oral មាន​សមត្ថភាព​ផលិត​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​អតិថិជន​នៅ​លើ​ទីផ្សារ​។ បុគ្គលិក​ទាំងអស់​ត្រូវ​បាន​ពិនិត្យ​សុខភាព​មុន​ពេល​ចូល​បម្រើ​ការងារ និង​ត្រូវ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​យ៉ាង​ត្រឹមត្រូវ និង​ស្ទាត់ជំនាញ​។ ចំណែក​ផលិតផល​សម្រេច ត្រូវ​បាន​ត្រួតពិនិត្យ​លើ​គុណភាព​យ៉ាង​ត្រឹមត្រូវ​រាល់ពេល ដោយ​មន្ទីរពិសោធន៍​របស់​រោងចក្រ​ផ្ទាល់​មុន​ចែកចាយ​លើ​ទីផ្សារ ។ ផលិតផល​សម្រេច​ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​គុណភាព​នៅ​មន្ទីរពិសោធន៍​ប៉ាស្ទ័រ និង​មន្ទីរពិសោធន៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា ជា​រៀង​រាល់​ខែ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​មន្ទីរពិសោធន៍​របស់​រោងចក្រ ។ ទន្ទឹម​នឹង​នេះ​ដែរ អង្គភាព​ត្រូវ​បាន​អង្គការ​ស្ដង់ដា​ពិភពលោក ចុះ​មក​ពិនិត្យ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ » ។

លោក​បន្ត​ថា  ដោយ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​លើ​ការ​គ្រប់គ្រង ការ​បង្កើន​គុណភាព ការ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និង​អនាម័យ​ត្រឹមត្រូវ​តាម​ស្ដង់ដា​ជាតិ និង​អន្តរជាតិ ទើប​ធ្វើ​ឲ្យ​អង្គភាព​ទឹកបរិសុទ្ធ Oral ទទួល​បាន​នូវ ៖

-​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១០ ទទួល​បាន​វិញ្ញាបនបត្រ ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ HACCP ថ្នាក់​អន្តរជាតិ ។
-​ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​២០១០ ទទួល​បាន​វិញ្ញាបនបត្រ ប្រព័ន្ធ​គ្រប់គ្រង​គុណភាព ISO 9001:2008 ថ្នាក់​អន្តរជាតិ ។
-​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១១ ទទួល​បាន​វិញ្ញាបនបត្រ ប្រព័ន្ធ​គ្រប់គ្រង​គុណភាព ISO 9001:2008 ថ្នាក់​ជាតិ ពី​វិទ្យាស្ថាន​ស្ដង់ដា​កម្ពុជា ។
-​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១១ ទទួល​បាន​វិញ្ញាបនបត្រ ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ HACCP ថ្នាក់​ជាតិ ពី​វិទ្យាស្ថាន​ស្ដង់ដា​កម្ពុជា ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ឆ្នាំ​២០១៥​កន្លង​មកនេះ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បង្ហាញ​ថា កម្ពុជា​មាន​ស្តង់ដា​ជាតិ​របស់​ខ្លួន​ប្រមាណ​ជា៦៨៨​ស្តង់ដា ៕