ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ ថវិកា​ចំណូល​សរុប​របស់​រដ្ឋ​កាលពី​ខែមករា​កន្លង​មក​ស្មើនឹង​៩៥% នៃ​ប្រាក់​ចំណូល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយសារ​តែ​ចំណូល​នៃ​ការ​លក់​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ ។ នេះ​បើ​យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ក្រសួង​ឲ្យ​ដឹង​ទៀត​ថា ប្រាក់​ចំណូល​សរុប កាលពី​ខែ​មុន​មាន​ចំនួន​១០២,៦​ទ្រី​លាន ឬ​ស្មើនឹង​១០,១%​នៃ​ប្រាក់​ចំណូល​រំពឹង​ទុក និង​៩៥%​នៃ​ប្រាក់​ចំណូល​កាលពី​ខែមករា ឆ្នាំ​២០១៥ ។ ប្រាក់​ចំណូល​ដែល​បាន​ពី​ទីផ្សារ​ក្នុងស្រុក បាន​កើនឡើង​៥,៨%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​៤,២៣​ទ្រី​លាន​ដុ​ង (៤,២៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ។

ការ​កើនឡើង​នេះ ដោយសារ​តែ​ប្រាក់​ចំណូល​ដែល​បាន​ពី​វិស័យសេដ្ឋកិច្ច​ធំ​ៗ​កើនឡើង​។ ក្នុង​នោះ​ដែរ ប្រាក់​ចំណូល​ក្នុង​វិស័យ​ឧស្សាហកម្ម​ឯកជន និង​វិស័យ​ពាណិជ្ជកម្ម​បាន​កើនឡើង​១៤,២%, វិនិយោគ​បរទេស​លើ​សហគ្រាស​កើនឡើង​១៣,៧% និង​ពន្ធ​ប្រាក់​ចំណូល​បុគ្គល​បាន​ឡើង​ខ្ពស់​រហូត​ដល់​២០% ។

ទោះជា​យ៉ាងណា ក្រសួង​ហិរញ្ញវត្ថុ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​៦៥,៧% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គិត​ជា​ទឹកប្រាក់​ប្រមាណ​៣,២​ទ្រី​លាន​ដុ​ង (១៤៥.៥​លាន​ដុល្លារ​អា​មេ​រិ​ក​) ក្នុង​ខែមករា ។

ជាក់ស្តែង ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​នេះ គឺ​បណ្តាល​មក​ពី​តម្លៃ​ប្រេង​ឆៅ​ជា​មធ្យម​នៅ​វៀតណាម មាន​តម្លៃ​ពី​២២​ដុល្លារ​អា​មេ​រិ​ក ទៅ​៣៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​បារ៉ែល ។ ចំណែក​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​សកម្មភាព​នាំ​ចេញ នាំ​ចូល​បាន​ធ្លាក់​ចុះ​១៨,៩% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ពោល​គឺ​មាន​ទឹកប្រាក់​ចំនួន​១៧,៨​ទ្រី​លាន​ដុ​ង (៨០៩,១​លាន​ដុល្លារ​អា​មេ​រិ​ក​) ។

ក្រសួង​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ដូច​គ្នា​។ តួយ៉ាង តម្លៃ​នៃ​ការ​នាំ​ចេញ​គ្រឿងបន្លាស់​រថយន្ត​បាន​ធ្លាក់​ចុះ​៥៥,៩%, ដែកថែប​២០,៩% ឧបករណ៍ និង​សមាស​ភាគ​៤,៨% ។

ទន្ទឹម​នឹង​នេះ ប្រាក់​ចំណូល​នៃ​ការ​ចំណាយ មាន​ស្មើនឹង​១០៧,៨៦​ទ្រី​លាន​ដុ​ង (៤,៩​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​ធ្វើ​ឲ្យ​មាន​ឧ​នភា​ព​ថវិកា​៥,២៦​ទ្រី​លាន​ដុ​ង (២៤០​លាន​ដុល្លារ​អា​មេ​រិ​ក​) នៅ​ខែមករា ។

ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឲ្យ​ដឹង​ថា តម្លៃ​លក់រាយ​នៃ​ប្រេងឥន្ធនៈ​បាន​ធ្លាក់​ចុះ​៦៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​លី​ត្រ​, ជីវ​ឥន្ធនៈ​ធ្លាក់​ចុះ​៦៣​សេន​ក្នុង​១​លី​ត្រ និង​ប្រេង​ម៉ា​សូត​ធ្លាក់​ចុះ​៤២​សេន​ក្នុង​១​លី​ត្រ ។ ចំណែក​ប្រេងកាត​បាន​ធ្លាក់​ចុះ​៣៩​សេន​ក្នុង​១​លី​ត្រ ។

ក្រសួងពាណិជ្ជកម្ម​លើក​ឡើង​ទៀត​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេងឥន្ធនៈ​ក្នុងស្រុក​នេះ បណ្តាល​មក​ពី​និន្នាការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​សកល​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មក និង​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លង​មក ៕​