ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ ធនាគារ Citi កំពុង​តែ​កំណត់​គោលដៅ​ដើម្បី​បង្កើន​ចំនួន​អតិថិជន និង​ចំណូល​របស់​ខ្លួន​ចាប់ពី​១០% ទៅ​១៥%​នៅ​ឆ្នាំ​នេះ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​អតិថិជន​ដែល​មាន​ទំនាក់​ទំនងជា​អន្តរជាតិ ។

អតិថិជន​ដែល​មានគ្រួសារ ឬ​មុខ​ជំនួញ​នៅ​ក្រៅប្រទេស កំពុង​តែ​ក្លាយជា​ក្រុម​គោលដៅ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ជា​ខ្សែបណ្តាញ​សកល​របស់​ធនាគារ Citi ដើម្បី​បំពេញ​តម្រូវការ​របស់​ពួក​គេ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី Vira-anong Phutrakul ប្រធាន​ធនាគារ​អ្នក​ប្រើប្រាស់ ។

លោកស្រី Vira-anong Phutrakul បន្ត​ថា ៖ « ធនាគារ Citi មាន​គណនី​អ្នក​ប្រើប្រាស់​ជាង​១​លាន​នាក់​នៅ​ប្រទេស​ថៃ ដែល​នឹង​ត្រូវ​ផ្តល់​ការ​វិនិយោគ​នៅ​ក្រៅប្រទេស ។ ធនាគារ​បាន​សម្លឹង​ឃើញ​នូវ​និន្នាការ​ថ្មី ដែល​អតិថិជន​លក់រាយ​ចាប់ផ្តើម​វិនិយោគ​លើ​ទីផ្សារ​បរទេស ដែល​ជា​កាលានុវត្តភាព​នៃ​ការ​គ្រប់គ្រង​ជំនួញ​របស់​ធនាគារ ។ គោលដៅ​ទ្រព្យសកម្ម​របស់​ធនាគារ​នឹង​កើនឡើង​ពី​១០% ទៅ​១៥% ក្នុងឆ្នាំនេះ » ។

គួរ​បញ្ជាក់​ថា ផែនការ​របស់​ធនាគារ គឺជា​ផែនការ​ដំបូង​គេ​បំផុត​ក្នុង​ការ​ផ្តល់​សេវាកម្ម​វិនិយោគ​ក្រៅប្រទេស​សម្រាប់​វិនិយោគិន​លក់រាយ​នៅ​ប្រទេស​ថៃ នៅ​ត្រីមាស​ទី​១ ឆ្នាំ​នេះ បន្ទាប់​ពី​ធនាគារជាតិ​ថៃ​បាន​បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន ។

លើស​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​ថៃ​អាច​ដាក់​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​បរទេស​ចាប់ពី​៥​លាន​ដុល្លារ ទៅ​៥០០.០០០​ដុល្លារ ខណៈ​វិនិយោគិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​អាច​វិនិយោគ​លើ​ការ​ទិញ​មូល​ប​ត្រ​ដោយ​ផ្ទាល់​នៅ​ក្រៅប្រទេស​។  ការ​ទិញ​អចលនទ្រព្យ​នៅ​ក្រៅប្រទេស​របស់​ប្រជាជន​ថៃ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទិញ​ក្នុង​តម្លៃ​ចាប់ពី​១០​លាន​ដុល្លារ ទៅ​៥០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ។

លោកស្រី Vira-anong Phutrakul បន្ត​ថា ៖ « ធនាគារ Citi នឹង​ផ្តល់​សេវាកម្ម​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​លក់រាយ​អាច​ទិញ​កញ្ចប់​ថវិកា​ទាំង​ក្នុង និង​ក្រៅប្រទេស តាម​រយៈ​ទូរស័ព្ទ​បាន​យ៉ាង​ងាយស្រួល ។ ពួក​យើង​នឹង​ប្រកាស​សេវាកម្ម​ថ្មី​របស់​យើង​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ក្រោយ​ទៀត​។ សេវាកម្ម​នេះ នឹង​ផ្តល់​ឲ្យ​ទ្រព្យសកម្ម​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ក្នុង​ទឹកប្រាក់​ចំនួន​៣​លាន​បាត » ។

ធនាគារ​រំពឹង​ថា កាត​ឥណទាន និង​កម្ចី​សម្រាប់​ពាណិជ្ជកម្ម​ផ្ទាល់ខ្លួន​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុងឆ្នាំនេះ ទោះបីជា​កំណើន​មិន​ខ្ពស់​ដូច​ការ​រំពឹង​ទុក​នៃ​ការ​វិនិយោគ​នៅ​ក្រៅប្រទេស​ក្តី ៕