​អាហ្វ្រិក​នាំគ្នា​រៀន​ចិន​ជា​អាណានិគម​បែប​ថ្មី​?

​ចាប់តាំងពី​ឥទ្ធិពល​សេដ្ឋកិច្ច​ចិន​កើនឡើង​ខ្លាំង​នៅ​តំបន់​អាហ្វ្រិក​ប្រទេសមួយ​ចំនួន​ចាប់ផ្តើម​ដាក់​ឲ្យ​មានការ​សិក្សា​ភាសា​ចិន​នៅតាម​សាលារៀន​ផង​។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​ជួយ​ឲ្យ​ប្រជាជន​ខ្លួន​ទទួលបាន ឱកាស​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ចិន​និង​ទទួល​ប្រយោជន៍​ផ្សេងទៀត​ពី​ទំនាក់ទំនង​ជាមួយ​ចិន ។ នៅ​អាហ្វ្រិក​ខាងត្បូង នី​ហ្សេ​រី​យ៉ា​ជាដើម ភាសា​ចិន​ក្លាយជា​ភាសា​ពេញនិយម​សម្រាប់​សិស្ស​ជ្រើសរើស​ក្រៅពី​ភាសា​អង់គ្លេស​ផង​។​

​បច្ចុប្បន្ននេះ​មហា​យក្ស​ចិន​មាន​វិទ្យាស្ថាន​ខុង​ជឺ ប្រហែល​៣៨ ដែល​ប្រតិបត្តិការ​នៅ​តំបន់​អាហ្វ្រិក​ដើម្បី​បណ្តុះបណ្តាល​ភាសា​ចិន និង​ផ្សព្វផ្សាយ​វប្បធម៌​ចិន​ដល់​ប្រជាជន​អា​ហ្វ្រិ ក​ផង​។ រដ្ឋាភិបាល​ចិន​ក៏បាន​ចំណាយលុយ​ច្រើនសន្ធឹក​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ ២០១៥ ដោយ​នាំយក​ប្រជាជន​អាហ្វ្រិក​ប្រហែល ៣​ម៉ឺន​នាក់​ទៅ​ចិន​ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល​រយៈពេល​ខ្លី​ផង​។​

​បច្ចុប្បន្ន​ប្រទេសមួយ​ចំនួន​ដែលមាន​ទំនាក់ទំនង​សេដ្ឋកិច្ច​រឹងមាំ​និង​ជិតស្និទ្ធ​ជាមួយ​ចិន​បានចាប់ផ្តើម​កំណត់​ថ្នាក់​ពិសេស​សម្រាប់​បណ្តុះបណ្តាល​ក្មេងៗ​ថ្នាក់​បឋម និង​ថ្នាក់​វិទ្យាល័យ ឬ​សាកលវិទ្យាល័យ​ផង​។ ម្យ៉ាងទៀត​ប្រទេស​ទាំងនោះ​រំពឹង​ទទួលបាន​ប្រយោជន៍​ពី​ចិន ក្នុង​វិស័យ​ទេសចរណ៍​ផង ព្រោះ​ចំនួន​អ្នកទេសចរ​ចិន​មក​ទស្សនកិច្ច​នៅ​អាហ្វ្រិក​បន្ត​កើនឡើង​រៀងរាល់ឆ្នាំ​។​សម្រាប់​រដ្ឋ​អាហ្វ្រិក​ការសិក្សា​ភាសា​ចិន ជា​ជម្រើស​ល្អ ហើយ​អាច​ថា​ជា​ជម្រើស​ចាំបាច់​មិនអាច​ចៀសផុត​ផង​។ ប៉ុន្តែ​សម្រាប់​លោកខាងលិច​និង​អ្នកវិភាគ​មួយចំនួន យល់ថា ចិន​កំពុងតែ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន និង​ដាក់​អាណានិគម​បែប​ថ្មី​សម្រាប់​តំបន់​អាហ្វ្រិក​ថែមទៀត​។​

​ត្រលប់​មកវិញ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ជា​ប្រទេសមួយ​ដែល​បានចាប់ផ្តើម​ដាក់ចេញ​គោលនយោបាយ​អប់រំ​ថ្មី​ដោយ​បង្រៀន​ភាសា​ចិន​ដល់​សិស្ស តាំងពី​ដើមឆ្នាំ ២០១៥​ម្ល៉េះ​។ សិស្ស​ចាប់ពី​ថ្នាក់​ទី​៤​ដល់​ថ្នាក់​ទី​៩ ហើយ​ចាប់ពី​ឆ្នាំ ២០១៦​តទៅ​រដ្ឋាភិបាល​នឹង​បង្កើត​ថ្នាក់​ភាសា​ចិន​សម្រាប់​សិស្ស​ថ្នាក់​ទី​១០​ផង​។ ឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨ សិស្ស​ថ្នាក់​ទី ១១ និង​ទី ១២ អាច​រៀន​ភាសា​ចិន​បានដែរ​។​

​ចំណែក​នៅ ប្រទេស​អាហ្វ្រិក​ខាងលិច នី​ហ្សេ​រី​យ៉ា ថ្នាក់​ភាសា​ចិន​ក៏​កំពុង​ពេញនិយម ហើយ​ប្រជា​ជននី​ហ្សេ​រី​យ៉ា​ក៏​សម្លឹង​ឃើញ​ពី​សារសំខាន់​នៃ​ការសិក្សា​ភាសា​ចិន​ដូចគ្នា​ដែរ​។ នៅ​រដ្ឋធានី​ឡា​កូ​ស  (Lagos) សិស្ស​ជាច្រើន​នាក់​បានសម្រេច​ចិត្ត​រៀន​ភាសា​ចិន ស្រប​ពេលដែល​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​និង​ចិន​ចាប់ផ្តើម​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​កាន់តែខ្លាំង ហើយ​ចំណង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់​រីកធំឡើង​រាល់​ឆ្នាំ​។

​នៅ​ប្រទេស​សំ​ប៊ី ក៏​ចាប់ផ្តើម​ដាក់​គោលនយោបាយ​បញ្ចូល​ភាសា​ចិន​នៅក្នុង​ប្រព័ន្ធ​អប់រំ​របស់ខ្លួន​ដែរ កាលពី​ចុង​ឆ្នាំមុន​។ រដ្ឋមន្ត្រី​អប់រំ​សំ​ប៊ី​លោក Sydney Mushanga បាន​បញ្ជាក់ថា រដ្ឋាភិបាល​កំពុង​ខ្នះខ្នែង​បញ្ចូល​ភាសា​ចិន​ក្នុង​ប្រព័ន្ធ​សិក្សា​បន្ទាប់​ភាសា​បារាំង​និង​ភាសា​ព័រទុយហ្កាល់​។ លោក​ក៏​សង្កត់ធ្ងន់ថា ការដាក់​ភាសា​ចិន​ឲ្យ​សិស្ស​សំ​ប៊ី​នេះ​រៀន​នេះ​ជា​គោលនយោបាយ​សំខាន់​សម្រាប់​ជួយ​ក្មេងៗ​និង​យុវជន​ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ទទួល​ការងារ​ល្អ និង​អាច​ស្វែងយល់​ពី​វប្បធម៌​ចិន​បាន​ស៊ីជម្រៅ​ថែមទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​