បក្សពួកក្រុមឧទ្ទាមស៊ីរីកម្រិតមធ្យមប្រឈមនឹងការរំលាយ

បក្សពួកក្រុមឧទ្ទាមស៊ីរីកម្រិតមធ្យមប្រឈមនឹងការរំលាយ

Kasim Genco អាយុ​២១ឆ្នាំអ្នក​ប្រយុទ្ធ​ម្នាក់​ជាមួយ​ក្រុម​ប្រឆាំង​របស់​ស៊ីរីដែល​បាន​រង​របួស​ខណៈពេល​យន្តហោះ​ទម្លាក់​គ្រាប់​បែក​នៅ​ភូមិ​ជា​ច្រើន​ក្នុង​ប្រទេស​ស៊ីរី​ក្បែរ​ព្រំដែន​តួកគី សម្រាកក្នុង​មន្ទីរពេទ្យ​ភាគ​ខាងជើង​ទីក្រុង​ Kilis កាលពី​ថ្ងៃទី៧ កុម្ភៈ ២០១៦។

ពួក​សកម្មជន​នយោបាយ​និង​ពួកមេបញ្ជាការ​ឧទ្ទាម​បាននិយាយថាការ​វាយ​លុក​គាំទ្រ​ដោយ​រុស្សីនៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ដោយ​កង​យោធា​របស់​ប្រធានាធិបតី​ Bashar al-Assad និង​ពួក​យុទ្ធជន​មក​ពី​ប្រទេសអ៊ីរ៉ង់, លីបង់​និង​ប្រទេសអាហ្វហ្កានីស្ថាន កំពុងបណ្តាលឱ្យ​មានវិបត្តិ​មនុស្សធ៌ម​មួយ​ដោយ​បានជំរុញ​ជនស៊ីវិល​រាប់ម៉ឺន​នាក់ឱ្យ​រត់​គេច​ខ្លួន​ទៅ​កាន់ព្រំដែន​នៃ​ប្រទេសតួកគី។

ពួកគេបាននិយាយថាការវាយ​លុកដ៏​គួ​រឲ្យ​ខ្លាចនេះកំពុង​កែប្រែ​តុល្យភាពកង​កម្លាំងពួក​បះបោរ​នៅ​ក្នុងប៉ែក​ខាង​ជើង​ប្រទេស​ដោយផ្តល់​អត្ថប្រយោជន៍​ដល់ក្រុម​ដែល​មាន​ទំនាក់ទំនងជាមួយ​ពួកអាល់​កៃដា និង​ពួក​រដ្ឋ​ ឥស្លាម។​

ជន​ខ្លះ​បានទស្សន៍​ទាយ​អំពី​ការ​រលាយ​នៃក្រុម​ជីវពល​មិន​កាន់សាសនា​និង​ពួក​ជីវពលមិន​សូវ​ផ្អែក​លើ​សាសនា​ដែល​ជា​សម្ព័ន្ធ​មិត្ត​ជាមួយ​កងទ័ពស៊ីរី​សេរី​ហៅកាត់​ថា​ FSA ដែលគាំទ្រ​ដោយ​ពួកបស្ចឹម​ប្រទេសនៅ​ក្នុងផ្នែកខាង​ជើង​នៃ​ប្រទេស​ស៊ីរី។ លោក​ Bassam al-Kuwaiti ដែល​ជា​ឥស្សរជន​ល្បីឈ្មោះ​ម្នាក់​នៅ​ក្នុង​ក្រុម​ប្រឆាំង​ខាង​នយោបាយ​នៅ​ស៊ីរីបាននិយាយ​ប្រាប់ VOA ​ថា​ «នេះ​ជា​ទី​បញ្ចប់​របស់ FSA នៅ​ក្នុងប៉ែក​ខាង​ជើង​នៃប្រទេស​ស៊ីរីហើយ។»

លោកបានថ្លែងថា​ពួក​ជីវពល​ខ្លះដែល​មិនជ្រុល​និយម​នឹង​ត្រូវបង្ខំឱ្យរួម​បញ្ចូលជា​មួយ​គ្នា​ ក្រុមខ្លះ​ទៀត​នឹង​គ្មាន​ជម្រើសក្រៅ​ពី​រំសាយ​ខ្លួន​ឯងហើយចូល​រួម​ជាមួយ​ពួក​បះបោរឥស្លាម​និយម Ahrar al-Sham ដែល​មានឥទ្ធិពល​ឬ​ចូល​រួម​ជាមួយពួក​ Jabhat al-Nusra ដែល​ជា​សាខា​របស់​ពួក​អាល់​កៃ​ដា នៅ​ក្នុងប្រទេស​ស៊ីរី៕