អេស៊ីលីដា​គ្រោង​ចំណាយ​ថវិកា ២១​លាន​ដុល្លារ សង់​អគារសិក្សា​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​

ភ្នំពេញ: ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹងថា ធនាគារ​អេស៊ីលីដា ភីអិលស៊ី​គ្រោង​នឹង​ចំណាយ​ថវិកា​២១​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អគារសិក្សា វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា ក្រោយពី​ទទួលបាន​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ពី​រាជរដ្ឋាភិបាល​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ គម្រោង​សាងសង់​អគារ​នឹងត្រូវ​បញ្ចប់​រួចរាល់​នៅ​ឆ្នាំ​២០១៨​។​

​យោងតាម​វេ​ប​សាយ​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​បាន​ឲ្យ​ដឹងថា អេស៊ីលីដា ត្រេ​ន​នី​ង សេន​ធ័​រ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបាន​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដែលមាន​ឈ្មោះថា "​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា​" យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ​១៣ អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​។​

​អេស៊ីលីដា ត្រេ​ន​នី​ង សេន​ធ័​រ​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៥០ ផ្លូវ​លេខ​៥១៦ កែង​នឹង​ផ្លូវ​លេខ​៣៣៥ ភូមិ​៦ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​ដែល​បាន​បង្កើតឡើង​កាលពី​ខែមិថុនា ឆ្នាំ​២០១១​។​

​លោក ឆន ពន្លឺ នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា បាន​មានប្រសាសន៍ថា ការទទួលបាន​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា គឺ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​បណ្តុះបណ្តាល​កម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​លើ​ដេ​ប៉ា​តឺ​ម៉​ង​គ្រប់គ្រង​ពាណិជ្ជកម្ម មុខជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​លើ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដល់​សិស្ស​-​និស្សិត អង្គការ​ជាតិ និង​អន្តរជាតិ ទាំង​ក្នុង​និង​ក្រៅប្រទេស ប្រកបដោយ​គុណភាព​ខ្ពស់ ស្តង់ដារ​អន្តរជាតិ​។​
 
​លោក​បាន​បន្តថា​វិទ្យាស្ថាន បាន​វិនិយោគ​ទិញ​ដី​ជា​កម្មសិទ្ធិ​ផ្ទាល់ ទំហំ ៧៥,៧៥០ ម៉ែត្រក្រឡា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​សាងសង់​អគារសិក្សា ដែលមាន​ផាសុខភាព តាម​ស្តង់ដារ​អន្តរជាតិ​ចំនួន ៦​អគារ ដែល​គ្រោង​ថវិកា​ចំណាយ​អស់​ប្រមាណ​ជាង ២១ លាន​ដុល្លារ​សហរដ្ឋ​អាម​រិ​ក សម្រាប់​ទីកន្លែង​ធ្វើការ​បុគ្គលិក​ចំនួន ៦២៧​នាក់ និង​ទទួល​សិស្ស​-​និស្សិត​ចំនួន ២.៨៦៦​នាក់ ក្នុង​មួយ​វេន​។ វិទ្យាស្ថាន នឹងមាន​អគារ​បណ្ណាល័យ​ចំនួន​មួយ​អគារ មាន​ក្រឡា​ផ្ទៃ​សរុប​ចំនួន ១,៦៥១.៣៧ ម៉ែត្រក្រឡា និង​អគារ​អន្តេវាសិកដ្ឋាន​ចំនួន​ពីរ​អគារ អាច​ទទួល​ឲ្យ​សិស្ស​-​និស្សិត​ស្នាក់នៅ​ចំនួន ៣៦២​នាក់ ហើយ​គម្រោង​សាងសង់​អគារ​ទាំងអស់នេះ នឹងត្រូវ​បញ្ចប់​រួចរាល់​នៅ​ឆ្នាំ​២០១៨​។​

​លោកស្រី សូ ផន​ណា​រី ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​ស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា ការបង្កើត​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា គឺជា​សក្ខីកម្ម​បង្ហាញ​ពី​ការ​បេ្ដ​ជ្ញា​ចិត្ត​ខ្ពស់​មួយ​បន្ថែមទៀត ក្នុងការ​រួមចំណែក​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​ប្រកប ដោយ​គុណភាព​ខ្ពស់ លើ​មុខជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ ជូន​ដល់​សិស្ស​-​និស្សិត អង្គការ​ជាតិ និង​អន្តរជាតិ ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​លោកស្រី បាន​មានប្រសាសន៍​បន្តទៀតថា សិស្ស​-​និស្សិត​ដែល​ទទួលបាន​ការបណ្តុះ​បណ្តា​លពី វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា នឹងមាន​សមត្ថភាព​គ្រប់គ្រាន់ មាន​វិជ្ជាជីវៈ​ពិតប្រាកដ លើ​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុង​ការចូល​បម្រើការ​ងារ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នានា ទាំង​នៅក្នុង​ប្រទេស បណ្តា​ប្រទេស​សហគមន៍​អាស៊ាន និង​អន្តរជាតិ​។ សិស្ស​-​និស្សិត ដែល​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ត្រូវ​ទទួល​សញ្ញាបត្រ​តាម​កម្រិត​ដែល​បាន​សិក្សា ដោយមាន​ការទទួលស្គាល់​ពី​វិទ្យាស្ថាន និង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​គួររំលឹកថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ​, អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី​, អេស៊ីលីដា ត្រេ​ន​នី​ង សេន​ធ័​រ​, ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា​, និង អេស៊ីលីដា ប្រូ​ភើ​ធី អិ​ល​ធី​ឌី ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ៣.៨៤៤ លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ២.៤៥៤ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ២.៦១៦ លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៥​កន្លងមកនេះ​៕

អេស៊ីលីដា​គ្រោង​ចំណាយ​ថវិកា ២១​លាន​ដុល្លារ សង់​អគារសិក្សា​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​

នេះ​ជា​អគារ​អេស៊ីលីដា ត្រេ​ន​នី​ង​សេន​ធ័​រ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​(​ធនាគារ​)​