ថ្វី​ត្បិត​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប​ទាំងមូល​ធ្លាក់ចុះ តែ​ភ្ញៀវ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅតែ​កើនឡើង​

ភ្នំពេញ: របាយការណ៍​របស់​ម​ន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប​​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅនេះ​មាន​ចំនួន ៥.០១១.៣១៦​នាក់ ថយចុះ​០,២៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​ក្នុងនោះ​ភ្ញៀវ​បរទេស​មាន ២.១២៤.៨៦៣​នាក់ ថយចុះ​៩,៦១% ភ្ញៀវ​ជាតិ​មាន​ចំនួន ២.៨៨៦.៤៥៣​នាក់ កើនឡើង​៨% បើ​ធៀប​ឆ្នាំ​២០១៤​។​

​ដោយឡែក របាយការណ៍​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​កន្លងមក​បង្ហាញ​ថា ចំនួន​ភ្ញៀវ​បរទេស​ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ​២០១៥​មាន​ចំនួន ២.១០០.០១៨​នាក់ កើនឡើង​ចំនួន​១,៩៦% ដោយ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែលមាន​ចំនួន​សរុប​ត្រឹមតែ​២.០៥៩.៧០២​នាក់​។​

​ហេតុអ្វី​ភ្ញៀវ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​មានការ​កើនឡើង ខណៈ​ភ្ញៀវ​ចូល​ទស្សនា​ខេត្តសៀមរាប​ទាំងមូល​មានការ​ធ្លាក់ចុះ​?

​ឆ្លើយតប​នឹង​បញ្ហា​នេះ លោកស្រី អ៊ុំ ម៉ា​រ៉ា​ឌី អនុប្រធាន​ទទួលបន្ទុក​រួម​នាយក​ដ្ឋា​ន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​លើកឡើងថា កំណើន​ភ្ញៀវទេសចរ​ចូល​ទស្សនា​អង្គរ​មានការ​កើនឡើង គឺ​ដោយសារ​កិត្តិសព្ទ​របស់​អង្គរ​ត្រូវបាន​ផ្សព្វផ្សាយ​កាន់តែខ្លាំង​ឡើង​។ កិត្តិ​ស័ព្ទ​នេះ គឺ​តាមរយៈ​ចំណាត់ថ្នាក់​លេខ​១​ជា​បន្តបន្ទាប់​របស់​អង្គរ ដែល​ឈ្នះ​រមណីយដ្ឋាន​ល្បីៗ​លើ​ពិភពលោក​។​

​មិន​ត្រឹមតែ​កិត្តិ​ស័ព្ទ​នេះ​ទេ តែ​ការធ្វើ​ឲ្យ​ភ្ញៀវ​មាន​ទំនុកចិត្ត​លើ​ដំណើរ​កម្សាន្ត​របស់ខ្លួន ការរៀបចំ​សេវាកម្ម​ទេសចរណ៍​បាន​ត្រឹមត្រូវ និង​ទំនាក់ទំនង​ល្អជា​មួយក្រុម​ហ៊ុន​ឯកជន​ក៏​ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ចូល​ទស្សនា​អង្គរ​នៅ​បន្ត​មានការ​កើនឡើង​ដែរ​។​

​លោកស្រី​បន្ថែមថា ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ឡើងវិញ ការរៀបចំ​និង​អនុវត្ត​ផែនការ​គ្រប់គ្រង​ទេសចរណ៍ ដូចជា​ការរៀបចំ​វង់​ទស្សនា ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​សន្តិសុខ​ភ្ញៀវ​ជាដើម ដែល​បានផ្តល់​តម្លៃ​ដល់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ ក៏​ជា​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើ​
​ឲ្យ​ភ្ញៀវ​ទេចរ​ទទួលបាន​បទពិសោធ​ន៍​ល្អៗ ពី​ការ​ទស្សនា​រមណីយដ្ឋាន​អង្គរ​។​

​ជារួម​មក​លោកស្រី​បញ្ជាក់ថា ភ្ញៀវទេសចរ​នៅតែ​ជា​ចាត់ទុកថា អង្គរ​គឺជា​បេះដូង​នៃ​វប្បធម៌​របស់​ខ្មែរ​។ ភ្ញៀវទេសចរ​ភាគច្រើន​ដែល​មក​សៀមរាប​តែងតែ​ចូលមក​ទស្សនា​អង្គរ ។ ដូច្នេះ​ចំនួន​ភ្ញៀវ​ដែល​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ នៅតែ​កើន​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​នេះ​ស្តែង​ចេញពី​ពី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​តំបន់​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​៕​

ថ្វី​ត្បិត​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប​ទាំងមូល​ធ្លាក់ចុះ តែ​ភ្ញៀវ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅតែ​កើនឡើង​

ថ្វី​ត្បិត​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប​ទាំងមូល​ធ្លាក់ចុះ តែ​ភ្ញៀវ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅតែ​កើនឡើង​

ថ្វី​ត្បិត​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប​ទាំងមូល​ធ្លាក់ចុះ តែ​ភ្ញៀវ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅតែ​កើនឡើង​