កម្ពុជា ស្វ៊ីស រិះរកមធ្យោបាយ ធានានិរន្តភាពមន្ទីរគន្ធបុប្ផា

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងស្វ៊ីស បានស្វះស្វែងនិងរិះរកមធ្យោបាយបន្ថែម ដើម្បីបន្តនិរន្តភាពមន្ទីរគន្ធបុប្ផានៅកម្ពុជា ដែលត្រូវបានគេប្រសិទ្ធនាមថា មន្ទីរពេទ្យទេវតាសម្រាប់កុមារ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកកាសែត ក្រោយជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងឯកអគ្គរដ្ឋទូតស្វ៊ីសប្រចាំកម្ពុជា លោក Ivo Sieber នាព្រឹកថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេសថា លោកឧបនាយករដ្ឋមន្រ្តី និងលោកទូត បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសុខាភិបាល ដើម្បីធានាឲ្យបាននូវការបំពេញមុខងារនៃមន្ទីរពេទ្យគន្ធបុប្ផា។