មនុស្ស​ចំនួន​៨​នាក់​​ត្រូវបាន​ជួយសង្គ្រោះ​ពី​ការ​លិច​ទូក​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​

​នៅ​ព្រឹក​ថ្ងៃ ចន្ទ ទី​៨ កុម្ភៈ​នេះ មាន​ទូក​ដឹក​ភ្ញៀវទេសចរ​មួយគ្រឿង បាន​លិច​នៅក្នុង​សមុទ្រ​ខេត្ត​ព្រះសីហនុ ដោយសារ​ត្រូវ​ទឹករលកធំ និង​ខ្យល់​បោកបក់​ខ្លាំង។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​អ្នកដំណើរ​នៅក្នុង​ទូក​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​ជួយសង្គ្រោះ​ដោយ​មិនមាន​អ្នក​បាត់បង់​ជីវិត​ឡើយ​។​

​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ដ មីន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទូក​ទេសចរណ៍​ដែល​បាន​លិច​នោះ​មាន​មនុស្ស​ចំនួន​៨​នាក់​រួមទាំង​ម្ចាស់​ទូក ដែល​បម្រុង​នឹងធ្វើ​ដំណើរ​ទៅលេង​កោះរ៉ុងសន្លឹម ។ បើតាម​លោក យន្ត មីន ដែល​បាន​ស្រង់​សំដី​ពី​ម្ចាស់​ទូក​ទេសចរណ៍​នោះ បាន​បន្ថែមថា អ្នកដំណើរ​ទាំងនោះ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ជួយសង្គ្រោះ​ហើយ មិនមាន​អ្នក​បាត់បង់​ជីវិត​ឡើយ​។​

​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អះអាងថា រូបលោក​និង​មន្ត្រី​ជំនាញ​មួយចំនួនទៀត​កំពុង​ស្ថិតនៅ​កន្លែងកើតហេតុ​។ តែ​យ៉ាងណា​លោក​មិនទាន់​អាច​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែ​ម​លើ​បញ្ហា​នេះ​ទេ​។​

​សូមបញ្ជាក់ថា កាលពី​ចុង​សប្តាហ៍​កន្លងមក លោក ជួន ណា​រិន្ទ បានស្នើ​ដល់​អ្នកនេសាទ​ទាំងអស់​កុំ​ចេញ​ទូក​នេសាទ ហើយ​ទូក​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ត្រូវ​ហាមឃាត់​បណ្តោះអាសន្ន ដោយ​បញ្ហា​អាកាសធាតុ ដែលមាន​ខ្យល់​ខ្លាំង រលក​ធំៗ​ជាប់ៗ​គ្នា​៕
 
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​