ខេត្ត​ភាគឦសាន​របស់​ថៃ​កំពុង​សម្លឹង​រក​វិធី​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន

ខេត្ត​ភាគឦសាន​របស់​ថៃ​កំពុង​សម្លឹង​រក​វិធី​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន

រូប​ភាព​ឯកសារ៖ កម្មករ​ផ្ទេរ​ស្រូវ​ចេញ​ពី​ឡាន​ដឹក​ទំនិញ​មួយ​ នៅ​រោង​ស្រូវ​មួយ​ក្នុង​ខេត្ត​ Rot Et ភាគ​ឦសាន​ប្រទេស​ថៃ កាល​ពីថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​២០១៣។​បណ្តា​ខេត្ត​នៅ​ភាគឦសាន​របស់​ប្រទេស​ថៃ ​ដែល​គេ​ស្គាល់​ថា​ជា​តំបន់​ Isaan​ កំពុង​ទទួល​រងគ្រោះ​ពី​ការ​បញ្ចប់​កម្មវិធី​តំណាង​ឲ្យ​ប្រយោជន៍​ប្រជាជន​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋាភិបាល​មុន។ ប៉ុន្តែ​តំបន់​នេះ​ឥឡូវនេះ​កំពុងតែ​ពឹង​ផ្អែក​លើ​ការងើប​ឡើងវិញ​ តាមរយៈ​ការ​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឡាវ​ និង​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ថៃ។ បាង​កក—

សេដ្ឋកិច្ច​នៅ​ភាគឦសាន​របស់​ប្រទេសថៃ​ ដែល​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់ក្រីក្រ​បំផុត​នៃ​ប្រទស​នេះ ​កំពុង​ស្វែង​រក​ការ​ពង្រីក​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឡាវ​នៅ​ជិត​ខាង​ និង​អាជីវកម្ម​នៅ​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ (GMS) នៅ​ខណៈ​ដែល​តំបន់​នេះ​កំពុង​ងើបឡើង​វិញ​ពី​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។

ការ​ធ្លាក់​ចុះ​នេះ​បាន​កើត​ចេញពី​ការ​បញ្ចប់គម្រោង​តំណាង​ផល​ប្រយោជន៍​ប្រជាជន​ ក្រោម​កា​រដឹក​នាំ​របស់​អតីត​រដ្ឋាភិបាល ​លោកស្រី ​យីងឡាក់ ​ស៊ីណាវ៉ាត្រា។ ​រដ្ឋ​ប្រហារ​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៤ បាន​បញ្ចប់​ការ​គ្រប់​គ្រង​ជិត​បី​ឆ្នាំ​របស់​លោកស្រី​ និង​បាន​បញ្ចប់​កម្មវិធី​ផ្សេងៗ​ដែល​កើត​ចេញ​ពី​ផែន​ការ​សន្យា​ទិញ​ស្រូវអង្ករ​។

នៅ​ក្រោម​គម្រោង​នេះ កសិករបាន​ទទួល​តម្លៃ​ក្នុងអត្រា​៥០ភាគរយ​លើ​តម្លៃ​ទីផ្សារ​ពិភពលោក ​មុន​ពេល​ដែល​កិច្ច​ខិតខំប្រឹងប្រែង​នេះ​បាន​ដួល​រលំ ​ដែល​ធ្វើ​ឱ្យ​ប្រជា​ជន​ថៃ​ត្រូវ​បង់​ពន្ធ​ច្រើន​ជាង​ ១៤ពាន់​លាន​ដុល្លារ​ ​និង​ធ្វើ​ឲ្យ​កសិករ​នៅ​ទូទាំង​តំបន់​បាន​ធ្លាក់​ខ្លួន​ជំពាក់បំណុល​គេ​យ៉ាង​ច្រើន។

ខណៈ​ពេល​ដែល​ពេល​វេលា​ល្អ​នៅ​តែ​មាន​នៅ​ឡើយ​ មូលនិធិ​ជា​ច្រើន​បាន​ជំរុញ​ឱ្យ​មាន​ការ​រីក​ចម្រើនក្នុង​ការ​វិនិយោគ​លើ​ការលក់​រា​យ​និងពាណិជ្ជកម្ម ក៏​ដូច​ជា​ការចំណាយ។ ហាង​លក់​ទំនិញ​ធំៗ ​បាន​ផុស​ឡើង​នៅ​ក្នុង​ទី​ប្រជុំជនដូចជា​នៅ​ខេត្ត​ ​Ubon Ratchathani និង​ក្រុង​ Udon Thani។

ប៉ុន្តែ​ឥឡូវ​នេះ ​ក្រុម​អ្នក​លក់​ទំនិញ​ក្នុង​កម្រិត​តូច​តាច​បាន​រាយការណ៍​ថា ការ​លក់​ដូរ​មិន​សូវ​គាប់​ប្រសើរ​ ហើយ​ធនាគារ​កណ្តាល​ថៃ​បាន​ព្រមាន​ពីការ​កើន​ឡើង​នៃការ​ជំពាក់​បំណុល​ធនាគារ​ក្នុង​ចំណោម​កសិករ​ជា​ច្រើន​ ស្រប​ពេល​ដែល​តម្លៃ​អង្ករ​ធ្លាក់​ចុះ​ទាប​បំផុត​ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។

វិស័យ​កសិកម្ម​រួម​ចំណែក២០​ភាគរយ​នៃ​សេដ្ឋកិច្ច​របស់​តំបន់​នេះ​ បន្ទាប់​មក​គឺវិស័យ​ពាណិជ្ជកម្ម។ ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​នៅ​ភាគ​ឦសាន មាន​កម្រិត​ទាប​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ គឺមានជិតស្មើ​៥៥០​ដុល្លារ​ក្នុងមួយ​ខែ។ ចំនួន​នេះ​ទាប​ខ្លាំង​ណាស់​បើ​ប្រៀបធៀប​ជា​មួយ​តំបន់​ទីក្រុង​បាងកក​ ដែល​គ្រួសារ​នី​មួយៗ​ យ៉ាង​ហោច​ណាស់​ក៏​រក​បាន​១២០០​ដុល្លារ​ដែរ​ក្នុង​មួយ​ខែ។

ប៉ុន្តែ​លោក​ ​Adhikar Rungcharoen ​ប្រធាន​សភាពាណិជ្ជកម្ម​ក្នុង​ខេត្ត ​Amnat Charoen ​ដែល​ជាប់​ព្រំដែន​ឡាវ​ បាន​និយាយ​ថា ​សេដ្ឋកិច្ច​ក្នុង​តំបន់​កំពុង​ចាប់​ផ្តើម​កើន​ឡើង ​បើទោះ​បីជា​នៅ​តែ​មាន​កម្រិត​ទាប​ជាង​កាល​ពី​ពីរឆ្នាំ​មុន​ក៏​ដោយ។

Athikarn និយាយ​ថា​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​គាំទ្រ​និង​បង្កើន​ពាណិជ្ជកម្ម​ឆ្លង​ដែន​ជាមួយប្រទេស​ឡាវ​ កំពុង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មាន​សន្ទុះឡើងវិញ។ លោក​បាន​បន្ថែម​ថា ​ថ្វី​បើសេដ្ឋកិច្ច​សកល​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ក៏​ដោយ​ ក៏​ទស្សន​វិស័យ​នៅ​តាម​ខេត្ត​ មាន​លក្ខណៈ​ល្អ​ដដែល។

ការ​ចំណាយ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ក៏​ត្រូវ​បាន​កំណត់​ឱ្យ​មាន​ជំនួយ​ក្នុង​តំបន់​នេះ​ដែរ។ លោក​ Athikarn​ បាន​និយាយ​ថា ​គម្រោង​ឱ្យ​ប្រសើរ​ឡើង​ផ្លូវ​យន្ត​ហោះ ​Royal Thai Airforce ​ដែល​នៅ​ចម្ងាយ​តិច​ជាង​៣០​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង ​Amnat Charoen ​ដើម្បី​ភ្ជាប់​ជើង​ហោះ​ហើរទៅ​ព្រលាន​យន្ត​ហោះ​ក្នុង​តំបន់​ ក៏​ទទួលបាន​យល់​ស្រប​ផង​ដែរ។

ហេដ្ឋា​រចនាសម្ព័ន្ធ​រយៈ​ពេល​វែង ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​តំបន់​នេះ រួម​បញ្ចូល​ទាំង​ផ្លូវ​ដែក​ចិន-ថៃ​ចម្ងាយ​៨៧០ គីឡូម៉ែត​ ​ដែល​ចំណាយ​ប្រាក់​អស់​១០ពាន់​លាន​ដុល្លារ ​ភ្ជាប់​ពី​ខេត្ត ​Nong Khai​ ជាប់ព្រំដែន​ឡាវ​ទៅ​ដល់​ទីក្រុង​បាងកក។ អ្វី​ដែល​នឹង​កើត​ឡើង​ឆាប់​ៗ​នេះ​ គឺ​ផ្លូវ​ដែក​ ជប៉ុន-ថៃ ​ភ្ជាប់​ពីខេត្ត​ Tak ​ជាប់​ព្រំដែន​មីយ៉ាន់ម៉ា​ ទៅ​ខេត្ត ​Mukdahan ​ជាប់​ព្រំដែន​ជា​មួយឡាវ។

លោក ​Titipol Phakdeewanich​ អ្នកជំនាញវិទ្យាសាស្រ្ត​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ Ubon Ratchathani និយាយ​ថា​ ទំនាក់​ទំនង​ពាណិជ្ជកម្ម​ឆ្លង​កាត់​ព្រំដែន​ បាន​ជួយ​បន្ធូរ​បន្ថយ​ការធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច។

«ឥឡូវ​នេះ ​ក្រុម​ហ៊ុន​អាជីវកម្ម​ជាច្រើន​បាន​ងាក​ទៅ​រក​អតិថិជន​ពី​ប្រទេស​ឡាវ។​ ប្រសិន​បើ​អ្នកចូល​ទៅ​កាន់​ផ្សារ​ទំនើប​ផ្សេងៗ ​ពួកគេ​មាន​ស្លាក​សម្គាល់​ជា​ភាសា​ឡាវ ​ហើយ​នៅ​ពេល​ដែល​ទីផ្សារ​មាន​ទំនាក់​ទំនង​គ្នា​ វា​នឹងជួយ​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​ក្នុង​កម្រិត​ណា​មួយ។ ដូច្នេះ​សេដ្ឋកិច្ច​ក្នុង​ស្រុក​នៅក្នុង​តំបន់​នោះ​ ខ្ញុំ​មិន​គិតថា​ វាពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ទី​ផ្សារ​ពិភព​លោក​នោះ​ទេ»។

មេដឹកនាំ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​យោធា​ គឺលោក​ឧបនាយក​រដ្ឋមន្រ្តី Somkid Jatusripitak ​បាន​ប្រកាស​អំពី​ការ​ចំណាយ​លើស​ពី​៩៧០​លាន​ដុល្លារ​ ក្នុង​គម្រោង​ផ្សេងៗ​ដែល​ផ្តោត​គោល​ដៅ​លើភូមិ​ចំនួន​៧០.០០០ ​នៅ​ទូទាំង​ប្រទេស។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា ​គម្រោង​នេះ ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​គំនិត​ផ្តួចផ្តើម​ស្រដៀង​គ្នា​ទៅ​នឹង​រដ្ឋាភិបាល​មុន ​ដែល​គេ​ហៅ​ថា «មូលនិធិភូមិ»​ ដើម្បី​បង្កើន​ការ​ទិញ​ដូរ​នៅ​តំបន់​ជនបទ។

សហព័ន្ធ​ឧស្សាហកម្ម​ថៃ​ដែល​បាន​ស្វាគមន៍​កម្មវិធី​នេះ ​និយាយ​ថា ត្រូវការ​មានវិធានការ​ជា​ច្រើន​ទៀតដើម្បី​ធានា​បាន​នូវ​និរន្តរភាព។

សហព័ន្ធ​នេះ​បាន​ព្រមាន​ថា ​វិស័យ​នៅ​ជនបទ​នៅ​តែងាយ​រងគ្រោះ​ដោយ​ការធ្លាក់​ចុះ​តម្លៃ​ទំនិញ​ទិញ​ដូរ ​ដែល​អាច​ប៉ះ​ពាល់​ប្រជាជន​៣០​លាន​នាក់​នៅ​ក្នុង​វិស័យ​កសិកម្ម​ ដែល​មាន​ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប៕

ប្រែ​សម្រួល​ដោយ ឆាយ គីមហ៊ង