​ដល់​រដូវ​ពេទ្យសត្វ​រកលុយ​បាន ខណៈ​ពលរដ្ឋ​សម្រុក​ដឹក​ជ្រូក​មាន់​ទាម​កល​ក់​ទីផ្សារ​រាជធានី​

ភ្នំពេញ: រដូវចូលឆ្នាំ ចិន មកដល់ គឺជា​ឱកាស​ក្រុម​ពេទ្យសត្វ​ខេត្ត ក្រុង​រកលុយ​បាន ខណៈដែល​ប្រជាពលរដ្ឋ និង​ពួក​ឈ្មួញ​រកស៊ី​មួយចំនួន សម្រុក​ដឹកជញ្ជូន​សត្វពាហនៈ មាន ជ្រូក មាន់ ទា មក​លក់​លើ​ទីផ្សារ​នានា​ទូទាំង​រាជធានី ក្រុង ខេត្ត ដោយ​ក្រោមលេស​ធ្វើការ​ត្រួតពិនិត្យ​មេរោគ​ជំងឺឆ្លង និង​ច្បាប់​អាជីវកម្ម​ដឹកជញ្ជូន​ផ្សេងៗ ។ ល ។

​ប៉ុន្ដែ​ផ្ទុយទៅវិញ​ក្រុម​អ្នករកស៊ី​លក់ដូរ ជ្រូក មាន់ ទា ( ស៊ុត ) គោ ក្របី ពិសេស​ប្រជាពលរដ្ឋ​តាម​ខេត្ត មួយចំនួន​ដែល​ចិញ្ចឹមសត្វ​ទាំងនោះ បាន​ហើយ​ត្រូវ​ដឹកយក​មក​លក់​នៅ​ភ្នំពេញ​ត្អូញត្អែរ ឲ្យ​ដឹងថា ក្រុមមន្ដ្រី​ពេទ្យសត្វ​បានដាក់​កុងត្រូលជជុះ​នៅតាម​ដងផ្លូវ ជាតិ​ជុំវិញ​រាជធានី​ភ្នំពេញ ហើយ​បាន​ចាប់​ឃាត់​រថយន្ដ ម៉ូតូ ដឹក​សត្វ ឬ ពងមាន់ ទា ហើយ​បង្ខំ​ឲ្យ​ពួកគាត់​បង់លុយ​ដោយ​គ្មាន​ប្រណី​ដៃ​នោះឡើយ ពិសេស នោះ គឺ​ក្រុម​ពេទ្យសត្វ​ខេត្តកណ្ដាល​ក្រោម​ការបញ្ជា​ពី​លោក អ៊ុ ល ដូ​រិន្ទ ប្រធានការិយាល័យ​បសុព្យាបាល ខេត្តកណ្ដាល និង​ក្រុម​ពេទ្យសត្វ នាយកដ្ឋាន កូនចៅ​លោក តាន់ ថា​ន់​ណា​រ៉ា ប្រធាន​នាយកដ្ឋាន​បសុពេទ្យ ដោយមាន​ឈ្មោះ លោក បុត្រ ជា​មេក្រុម​ទប់ស្កាត់​រាល់​បទល្មើស ។

​តាម​សេចក្ដីរាយការណ៍​ពី​មន្ដ្រី​ពេទ្យសត្វ​បាន អះអាងថា លោក អ៊ុ​ល ដូ​រិ​ន បានដាក់​ពង្រាយ​កូនចៅ​គ្រប់​ផ្លូវជាតិ​ជុំវិញ​រាជធានី ភ្នំពេញ ហើយ​បានដាក់​ប៉ុស្ដិ៍​ដាក់​ប៉ៅ​អ៊ី និង​ចង​អង្រឹង ហើយ​មាន​ទាំង​រថយន្ដ​ចាំ​ប្រដេញ​ឡាន​ដឹក​ជ្រូក គោ មាន់ ទា ស៊ុត គ្មាន​ដែល​របូត​មួយណា​ឡើយ សូម្បីតែ​ប្រជាពលរដ្ឋ​ដឹក​ទា ឬ គោ ឆ្លងខេត្ត​យកទៅ​ប្រើប្រាស់​និង​ផ្លាស់​ទី​ចិញ្ចឹម​ក៏ត្រូវ​កូនចៅ​លោក អ៊ុ​ល ដូ​រិ​ន គម្រាម​ទារប្រាក់​ផងដែរ ដោយ​ចោទប្រកាន់ថា ខុស​នេះ ខុស​នោះ មិនចេះចប់​នោះទេ ។ ក្នុងនោះដែរ មន្ដ្រី​ពេទ្យសត្វ​នាយកដ្ឋាន​កូនចៅ​លោក តាន់ ថា​ន់​ណា​រ៉ា ឈ្មោះ បុត្រ ក៏បាន​ពង្រាយ​កម្លាំង​ដាក់​ប៉ុស្ដិ៍ ខ្សែក្រវ៉ាត់ ក្រុងភ្នំពេញ ហើយ​ធ្វើ​សកម្មភាព​ដូច​ពេទ្យសត្វ​ខេត្តកណ្ដាល​ផងដែរ ហើយ​អ្នករកស៊ី​គោ ក្របី មាន់ ទា ( ស៊ុត ) បាន​បញ្ជាក់ថា សកម្មភាព ទាំងនេះ ត្រូវបាន​ក្រុម​ពេទ្យសត្វ​ខាងលើ​ធ្វើជា​យូរ​ឆ្នាំ​ឡើង​ដុះ​ស្លែ​ទៅហើយ ។ ដូច្នេះ​ប្រជាពលរដ្ឋ​អ្នករកស៊ី​លក់ដូរ​សត្វ គោ ក្របី ពិសេស​ពលរដ្ឋ​ដែល​ទិញ​គោ ក្របី យកទៅ​ប្រើ​និង​អ្នក​ចិញ្ចឹមសត្វ​លក់​ទីនោះ​សុំ​សំណូមពរ​ដល់​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល​ជួយ​សម្រួល​ដល់​ពួកគាត់ ហើយ​ប្រើ​ធម៌​ក្ដៅ​លើ​មន្ដ្រី ពេទ្យសត្វ​ខិលខូច​ទាំងនោះ​ផង ។ លោក តាន់ ថា​ន់​ណា​រ៉ា ប្រធាន​នាយកដ្ឋាន​បសុព្យាបាល​នៃ​ក្រសួងកសិកម្ម ក៏​គួរ​មើល​កូនចៅ​របស់លោក​ជុំវិញខ្លួន​ផង ព្រោះ​កត្ដា​ទាំងនោះ ហើយ​ដែល​នាំ​ឲ្យ​បាត់បង់​សន្លឹកឆ្នោត​របស់​គណបក្ស​ប្រជាជន​ជា​បន្ដបន្ទាប់​នោះ ។ ទាក់​ទិននៃ​ការចោទប្រកាន់​ខាងលើនេះ លោក អ៊ុ​ល ដូ​រិ​ន ប្រធាន​ពេទ្យសត្វ​ខេត្តកណ្ដាល តែងតែ​បញ្ជាក់ប្រាប់​អ្នកយកព័ត៌មាន​ថា ការដាក់​ប៉ុស្ដិ៍​នោះ​គឺជា​គោលដៅ​ត្រួតពិនិត្យ​ទៅលើ​សត្វពាហនៈ​ការពារ ខ្លាច​មាន​ជំងឺឆ្លង ហើយ​ត្រូវ​ត្រួតពិនិត្យ​នូវ​ច្បាប់​ដឹកជញ្ជូន​ផងដែរ ជាពិសេស​ត្រួតពិនិត្យ​លើ​ចំណុច​សំខាន់ៗ​មួយ ដូចជា ដឹក​លើស​ចំនួន ដែល​ច្បាប់​អនុញ្ញាត សត្វ​ដែល​ត្រូវបាន​នាំចូល​នោះ ពុំមាន​លិខិតបញ្ជាក់​សុខភាព​សត្វ​ពី​បសុពេទ្យ នៃ​ប្រភព និង​ត្រូវបាន​ដឹក​ក្នុង​បំណង​នាំចូល​រាជធានី​ភ្នំពេញ ដោយ​មិនបាន​ចូល​ទី​សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​សត្វ តាម​បច្ចេកទេស​​។​

​ជាការ​កត់សម្គាល់ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​ឃើញថា សត្វ​សម្រាប់​ប្រើ​ជា​អាហារ ជាពិសេស​ជ្រូក ទា និង មាន់​សាច់ ត្រូវបាន​នាំចូល​ពី​ប្រទេសជិតខាង យ៉ាង​អាណាធិបតេយ្យ ហួស​ពី​ការអនុញ្ញាត​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​៕​

​ដល់​រដូវ​ពេទ្យសត្វ​រកលុយ​បាន ខណៈ​ពលរដ្ឋ​សម្រុក​ដឹក​ជ្រូក​មាន់​ទាម​កល​ក់​ទីផ្សារ​រាជធានី​