ពលរដ្ឋ​ខ្មែរ​ម្នាក់ ក្នុងចំណោម​៣​នាក់ សមត្ថកិច្ច​ថៃ​ដោះលែង

ភ្នំពេញ: ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ក្នុងចំណោម​៣​នាក់ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ ចាប់ខ្លួន​ពាក់ព័ន្ធ​ការប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​ស៊ើប​ការ​ពិសេស​ថៃ ពេល​ចុះ​ចាប់​ទំនិញ​រំលោភ​លើ​កម្ម​សិទ្ធិបញ្ញា នៅ​ផ្សារ​រុង​ក្លឿ​ង ខេត្ត​ស្រះកែវ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​។ ចំណែក​២​នាក់​ទៀត  ឯកអគ្គរាជទូត​ខ្មែរ និង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ កំពុងតែ​ខិតខំ​ជួយ​អន្តរាគមន៍​។​
​    ​លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅ​ក្រសួងការបរទេស កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ថា អនុវត្តតាម​ការណែនាំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​រក​មេធាវី​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់ ហើយ​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ គឺ​ខាង​ឯកអគ្គរាជទូត​ខ្មែរ និង​អគ្គ​កុងស៊ុល​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ (​អ្នក​ទី​៣ ដែល​ចាប់ខ្លួន​) ត្រូវបាន​ធានា​ឲ្យ​នៅក្រៅ​ឃុំ​រួចហើយ​។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ទៀត ដែល​ត្រូវបាន​តុលាការ​ថៃ​កាត់ទោស​ឲ្យ​ជាប់​​ពន្ធនាគារ​៣​ខែ កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រូវ​បា​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ បាន​សហការ​ជាមួយ​សាច់ញាតិ​របស់​ជនជាប់ចោទ បាន​ដោះស្រាយ​ការធានា​នៅក្រៅ​ឃុំ​។ ដោយ​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​បាន​អះអាងថា យើង​មាន​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន​នៅក្នុង​សប្តាហ៍​នេះ ហើយ​ខាង​ទូត​និង​អគ្គ​កុងស៊ុល កំពុងតែ​ខិតខំ​ប្រឹងប្រែង​។​
​    ​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា បញ្ហា​នេះ​គឺមាន​ការណែនាំ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ​ណាំហុង រដ្ឋមន្ត្រី​ម​ក្រសួងការបរទេស ថា ទោះ​ជាមាន​ចំនួន​ប៉ុន្មាន​នាក់​ក៏ដោយ ត្រូវតែ​ខិតខំ​ការពារ រក​មេធាវី​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​។​