ប្រមុខ​រាជរដ្ឋាភិបាល ចេញ​សេចក្តីណែនាំ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​នានា ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​

ភ្នំពេញ: ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីណែនាំ អំពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​សម្តេច​តេ​ជោ ថា សព្វថ្ងៃនេះ​ទទួលបាន​នូវ​របាយការណ៍​ជា​ព័ត៌មាន​ចម្រុះ​រួមទាំង​ពាក្យបណ្តឹង និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​

​សម្តេច​តេ​ជោ ក៏បាន​បន្ថែមទៀតថា​ដើម្បី​ក្តាប់បាន​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា សូម​សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ចាត់តាំង​ក្រុមការងារ​តាមដាន​ស្រង់​របាយការណ៍​ព័ត៌មាន​ប្រចាំថ្ងៃ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ដែល​បាន​ផ្ញើមក​កាន់​គេហទំព័រ​របស់​សម្តេច​តេ​ជោ បន្ទាប់មក​ត្រូវ​ឆ្លើយតប និង​ត្រូវ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។​

​យោងតាម​សេចក្តីណែនាំ​របស់​សម្តេច​តេ​ជោ ក៏បាន​ឱ្យដឹង​ផងដែរ​ថា ជំនួយការ​របស់​សម្តេច​តេ​ជោ​ដែល​ទទួលបន្ទុក​កិច្ចការ​នេះ នឹង​ផ្ញើជូន​នូវ​របាយការណ៍មួយចំនួន​បន្ថែម ដែល​ពាក់ព័ន្ធ​ទៅតាម​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត​នីមួយៗ ដែល​សម្តេច​តេ​ជោ​បានទទួល​ផ្ទាល់​ក្នុង​ប្រអប់​សំបុត្រ​ពី​ប្រជាពលរដ្ឋ​។​

​ចំណុច​ចុងក្រោយ​ក្នុង​សេចក្តីណែនាំ​នេះ សម្តេច​តេ​ជោ ក៏បាន​សំណូមពរ​ដល់ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ចការ​សំខាន់​នេះ ដើម្បី​រួមសហការ​គ្នា​ដោះស្រាយ​រាល់​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​៕

ប្រមុខ​រាជរដ្ឋាភិបាល ចេញ​សេចក្តីណែនាំ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​នានា ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​