ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ​៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ចំនួន​២.៧៩០​សន្លឹក ត្រូវ​បាន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​​ ធ្វើ​ពិ​ធី​ប្រគល់​ជូន​ប្រជាពលរដ្ឋចំនួន​២.៧៩០​នាក់ នៅភូមិ​ពាម ​ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ​កាល​ពី​​ព្រឹក​ថៃ្ង​ទី​៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ នៅ​ក្នុង​វត្ត​ត្រពាំង​ខ្មៅ ក្នុងភូមិ​ពាម​ ។

​លោក​អភិបាលខេត្ត​ ​បាន​មាន​ប្រសា​សន៍​ក្នុង​ពិ​ធី​នោះ​ថា អត្ត​សញ្ញាណប័ណ្ណ​ មាន​សារៈសំខាន់​ណាស់​ស​ម្រាប់​​សម្គាល់​អត្តសញ្ញាណ​របស់​ខ្លួនយក​ទៅ​ប្រើប្រាស់​បាន​ដោយ​ស្របច្បាប់ ដូច​ជា ​​ចូល​​បម្រើ​​ការងារ ​​ទិញ​លក់​របស់ទ្រព្យ ​​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ទៅ​បោះ​ឆ្នោត ជ្រើសរើសតំណាង​របស់​ខ្លួន ដែល​ខ្លួន​ពេញចិត្តជាដើម  ។ លោក​បាន​បន្ត​ថា ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ធ្វើឱ្យ​​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព​ស្ថិរ​ភាព និង​រក្សា​បាន​សណ្តាប់ធ្នាប់​សង្គម​​ល្អ​គ្រប់​ទីកន្លែង ដែល​កត្តា​ទាំង​អស់នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មានការ​អភិ​វ​ឌ្ឍ​លើ​គ្រប់​វិស័យ ​និង​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋនៅទូ​ទាំង​ប្រទេស​មាន​ភាព​រីក​ចម្រើន ​។ ទន្ទឹម​នឹង​មានការ​រីក​​ចម្រើន​​​លើ​គ្រប់​វិស័យ​នេះ​ដែរ​ ប្រជាពលរដ្ឋ​គ្រប់​រូប​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ទៅ​ ត្រូវការ​ជា​ចាំបាច់​នូវ​អត្ត​សញ្ញាណ​ប័ណ្ណ​​​សម្រាប់​ប្រើប្រាស់​ដើម្បី​សម្រួល​ដល់​ការងារ​ផ្ទាល់ខ្លួន​ផង​ដែរ​ ។

​លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ថា​ ​សូម​បងប្អូន​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ​ទៅ​ប្រើប្រាស់​តាម​​តម្រូវ​ការ ​​ត្រូវ​​ចេះ​ថែរ​រក្សាឱ្យ​​បាន​គង់វង្ស​ល្អ​កុំ​ឱ្យ​​ខូចខាត ឬបាង់​បង់  ព្រោះ​អត្តសញ្ញាណប័ណ្ណ​​គំរូ​ថ្មី​នេះ​មាន​សុពលភាព​រហូត​ដល់​១០​ឆ្នាំ​ ។ ​​មិន​ត្រូវ​​យក​អត្តសញ្ញាណប័ណ្ណ​នេះ​ទៅ​ឱ្យ​​គេ​ខ្ចី​យក​ទៅ​ថតចម្លង​ធ្វើ​ការងារ​ខុសច្បាប់​ផ្សេង​ៗ​ដែល​នាំ​ឱ្យ​​មាន​ផល​លំបាក​ដល់​ខ្លួន  ឬ​ដាក់​ប្រចាំ​ខ្ចីប្រាក់​ពី​អង្គការ​ផ្សេង​ៗឡើយ​  ព្រោះថា​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ជិត​មក​ដល់​ហើយ លោកសង្ឃឹមថា  បងប្អូន​ដែល​មាន​អត្តសញ្ញាណប័ណ្ណ នឹង​អាច​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ/សង្កាត់​ដែល​ជា​តំណាង​ស្របច្បាប់​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​ខាង​មុខ​នេះ ។

នៅ​ក្នុង​ពិធី​នេះ​ដែរ លោក​អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ​ប្រាក់​​ដល់​សមត្ថកិច្ចទាំង​៣​ប្រភេទ ​និង​ប្រជា​ការពារ ដោយ​ក្នុង​មួយ​អង្គភាព​ៗ​ទទួល​បាន​​​ចំនួន​១០​ម៉ឺន​រៀល​ ​៕ ​