ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ​៖ បណ្តា​សត្វព្រៃ​ដ៏កម្រ​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ការ​បាត់បង់​ផុត​ពូជ​ ​​ត្រូវ​បាន​គេ​ព្រួយបារម្ភ​ថា មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​ៗ​នឹង​លែង​បានឃើញ លែង​បាន​ស្គាល់​​ទៀត​ហើយ បាន​ប្រមូលផ្តុំ​ជា​និមិត្តសញ្ញាបង្ហាញខ្លួន​នៅ​ក្នុង​ក្បួន​ដង្ហែ​តុក្កតា​យក្ស ​ឬ​ទីងមោង​យក្ស​ប្រចាំឆ្នាំ​នៅ​ក្រុង​ទេសចរណ៍​សៀមរាប ​នា​យប់​ថ្ងៃ​​ទី​៦ ​កុម្ភៈ ឆ្នាំ​២០១៦ ក្រោម​ការ​ចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ រួម​ទាំង​​ប្រជាពលរដ្ឋជា​ម្ចាស់ផ្ទះ​ផង​ដែរ ។ ​ជាមួយ​ព្រឹត្តិការណ៍​ដង្ហែ​តុក្កតា​យក្ស ឆ្នាំ​នេះ គឺ​ទទួល​បាន​ជោគជ័យ​ជាង​ឆ្នាំ​កន្លង​មក ។

លោក អ៊ុ​ន សាវ៉ា​ន់ អ្នកគ្រប់គ្រង​គម្រោង​តុក្កតា​យក្ស​បាន​​ឱ្យ​ដឹង​ថា​ នា​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៥​ កន្លង​ទៅ ព្រឹត្តិការណ៍​ដង្ហែតុក្កតា​យក្ស​លើក​ទី​៩ ​មាន​អ្នកចូលរួម​មិន​តិច​ជាង​១​ម៉ឺន​នាក់​នោះ​ឡើយ ប៉ុន្តែ​នៅ​ដើមឆ្នាំ​២០១៦ គឺជា​ជំ​ហាន​ឆ្នាំ​ទី​១០ នៃ​គម្រោង​ដង្ហែ​តុក្កតា​យក្ស ។ ​លោក​បាន​បន្ត​ឱ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​ដង្ហែតុក្កតា​យក្ស ឬ ទីងមោង​យក្ស ​​ក្នុង​គោលបំណង ផ្ញើ​សារ​អប់រំ​ជូន​ដល់​សាធារណជន​ទូទៅ​ឱ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត ​ចលនា​បំផុស​មនសិការ ស្រឡាញ់ ថែរក្សា​ការពារ អភិរក្ស ប្រភេទ​សត្វ​កម្រ ដែល​កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់បង់ផុត​ពូជ​នោះ ។

​លោក​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា ​តុក្កតា​យក្ស​ឆ្នាំ​២០១៦​នេះ ក៏​មាន​វត្តមាន​ទីងមោង​យក្ស និមិត្តសញ្ញា​ក្រុមកីឡា​បាល់ទាត់​ចូលរួម​ផង​ដែរ ដែល​តុក្កតា​កីឡាករ​យក្ស​ទាំងនេះ​បង្ហាញ​ថា ​កីឡា​ គឺជា​ស៊ីម៉ងត៍​រស់​ផ្សារ​ភ្ជាប់​ចំណងមិត្តភាព សាមគ្គីភាព និង​ជា​ថា​ម​ពល​នៃ​សុខភាព (លេង​កីឡា​ឲ្យ​បាន​ច្រើន ចៀង​វាង​ការ​ខ្ជះខ្ជាយ​ពេលវេលា ទៅ​សេព​គ្រឿងញៀន) ដែល​លើក​ទី​៩ ឆ្នាំ​២០១៥​ កន្លង​ទៅ តុក្កតា​យក្ស​បាន​បង្ហាញ​អំពី​ការ​ថែរក្សា​សិល្បៈ​វប្បធម៌​ជាតិ ។

លោក អ៊ុ​ន សាវ៉ា​ន់ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ​មាន​វិច​ត្រករ និង​សិល្បករ​មក​ពី​ខេត្តបាត់ដំបង បាន​ផ្តល់​កិច្ចសហការ​ផលិត​តុក្កតា​យក្ស​នេះ និង​មាន​ក្រុម​កុមារ​ដែល​កំពុង​ទទួល​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ សិស្សានុសិស្ស ប្រមាណ​ជា​៥០០​នាក់​ បាន​ជួយ​​ដំឡើង​​តុក្កតា​យក្ស ​។ ​សាលា​គរុកោសល្យ​ខេត្ត បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​គម្រោង​តុក្កតា​យក្ស​នេះ​ ។​

រីឯ​ថវិកា​ទ្រទ្រង់​គម្រោង​នេះ គឺ​បាន​មក​ពី​ការ​ឧបត្ថម្ភ​ដោយសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​សប្បុរស​ជនជាតិ អន្តរជាតិ បណ្តា​អង្គការ​អន្តរជាតិ ដែល​កំពុង​ធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុង​ប្រទេស​កម្ពុជា អង្គការក្រៅរដ្ឋាភិបាល ជា​ដៃគូ​អភិវឌ្ឍក្នុង​វិស័យ​អប់រំ ​ក៏​បាន​ចូលរួម​ផង​ដែរ ​។ ​ក្រុមការងារ និង​បណ្តា​អង្គការក្រៅរដ្ឋាភិបាល​ដែល​បាន​ចូលរួម​មាន​បំណង​ចង់ឱ្យ​សកម្មភាព​នេះ បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំ​រដូវ​កាល ចូលរួម​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ ៕​​