អាត់ ធន់ និងសហសេវិក ០៣នាក់ទៀត ត្រូវបានអាជ្ញាធរប្តឹង ទាក់ទិនអំពើហិង្សា នៅក្រុមហ៊ុនរថយន្តក្រុង កាពីតូល

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក អាត់ ធន់ ប្រធានសហជីព ស៊ីកាឌូ ព្រមទាំងសហការី ០៣រូបទៀត រួមមាន លោក គង់ អាទិត្យ លោក សុខ ឈុនអឿង និង លោក អៀន គីមហ៊ុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីការ ចោទប្រកាន់ពីបទ រារាំងអាជ្ញាធរសាធារណៈ និង ញុះញង់ឲ្យមានអំពើរហិង្សា។

លោក គង់ អាទិត្យ អគ្គលេខាធិាការសហជីព ស៊ីកាឌូ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ព្រះរាជអាជ្ញារអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ បានចេញដីការចោទប្រកាន់ មន្ត្រីសហជីព ០៤រូប ពីបទល្មើសទីមួយ រារាំងអាជ្ញាធរសាធារណៈ និងទីពីរ ញុះញង់ឲ្យមានអំពើរហិង្សា។ មន្ត្រីសហជីពទាំង ០៤រូបនោះមាន លោក អាត់ ធន់ ប្រធានសហជីព ស៊ីកាឌូ ព្រមទាំងសហការី រួមមាន លោក គង់ អាទិត្យ លោក សុខ ឈុនអឿង និង លោក អៀន គីមហ៊ុន។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ កន្លងទៅ អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុន កាពីតូល បានប៉ះទង្គិចជាមួយនឹងក្រុមពាក់មួយសុវត្ថិភាព ដែលគេសង្ស័យថា មកជួយក្រុមហ៊ុន កាពីតូល បណ្តាលឲ្យរងរបួស ជាង១០នាក់ ក្នុងនោះ មានសមត្ថិកិច្ចផង។

បន្ទាប់ពីឧបត្តិវហេតុកើតអំពើរហិង្សាគ្នានោះមក អាជ្ញាធរបានចាប់មន្ត្រីសហជីព ០២រូប របស់សហជីព ស៊ីកាឌូ ដែលបានជួយក្រុមអតីត អ្នកបើករថយន្ត កាពីតូល។

ក្រុមអង្គការសង្គមស៊ីវិល ចំនួន៣៤ បានចេញសេចក្តីថ្លែងការណី ពីសប្តាហ៍កន្លងទៅ ដោយបានថ្កោលទោស ចំពោះអំពើរហិង្សាខាងលើ និងបានសុំឲ្យអាជ្ញាធរដោះលែង មន្ត្រីសហជីព ទាំង០២រូបនោះ។

គួររំលឹកថា អតីតអ្នកបើករថយន្តក្រុមហ៊ុន កាពីតូល បានផ្ទុះការតវ៉ា ទៅលើក្រុមហ៊ុន កាពីតូល ដែលបានទាមទារយកអ្នកបើកបររថយន្តទាំងនោះ ចូលធ្វើការវិញ បន្ទាប់ពីបានបណ្តេញចេញ ដោយបានចោទប្រកាន់ថា ពួកគេមិនគោរព គោលការណ៍របស់ក្រុមហ៊ុន។

អាត់ ធន់ និងសហសេវិក ០៣នាក់ទៀត ត្រូវបានអាជ្ញាធរប្តឹង ទាក់ទិនអំពើហិង្សា នៅក្រុមហ៊ុនរថយន្តក្រុង កាពីតូល