ពលរដ្ឋខ្មែរទី៣ ក្នុងហេតុការណ៍ប៉ះទង្គិច នៅផ្សាររោងគ្លឿ ត្រូវបានធានាឲ្យនៅក្រៅឃុំ ពីអាជ្ញាធរថៃ ក្រោយកិច្ចអន្តរាគមន៍ពីភាគីកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានអះអាងនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ នេះថា ពលរដ្ឋខ្មែរទី៣ ដែលត្រូវបានអាជ្ញាធរថៃ ឃុំខ្លួន ក្នុងហេតុការប៉ះទង្គិចគ្នា នៅក្នុងផ្សាររោងគ្លឿ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីមានកិច្ចអន្តរាគមនពីខាងអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ។

លោក ជុំ សុន្ទរី បានមានប្រសាសន៍ថា ពីម្សិលមិញទទួលព័ត៌មានពីស្ថានទូត និងស្ថានអគ្គកុងស៊ុល នៅស្រះកែវ បញ្ជាក់ថា ពលរដ្ឋខ្មែរទី៣ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួន ដែលជាប់ពាក់ព័ន្ធ និងហេតុការប៉ះទង្គិច ត្រូវបានដោះស្រាយជួយធានាឲ្យនៅក្រៅឃុំ ដោយឡែកពីរ នាក់ទៀត ដែលត្រូវតុលាការថៃ កាត់ទោសឲ្យជាប់ពន្ធនាគារ ៣ខែ នៅថ្ងៃទី៤ ខែកុម្ភៈ នោះ ខាងអគ្គកុងស៊ុល និងខាងសាច់ញាតិជនជាប់ចោទ បានដោះស្រាយធានាឲ្យនៅក្រៅឃុំ។

លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា "តាមរបាយការណ៍របស់អគ្គកុងស៊ុល យើងសង្ឃឹមលទ្ធផលវិជ្ជមាន នៅក្នុងសប្តាហ៍នេះ ហើយការងារនេះ យើងកំពុងតែខិតខំ បញ្ហានេះ គឺមានការណែនាំច្បាស់ ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី ថាទោះជាមានចំនួនប៉ុន្មាននាក់ក៏ដោយ ដែលត្រូវអាជ្ញាធរថៃ ចោទប្រកាន់ ពាក់ព័ន្ធនិងការប៉ះទង្គិចនេះ ក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែខិតខំ ការពារ និងរកមេធាវីការពារ"។

សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស កាលពីថ្ងៃទី៧ ខែកុម្ភៈ នេះ បានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពេលកំពុងចូលរួមកិច្ច ប្រជុំលើកទី៣ នៃគណៈកម្មាធិការ សម្របសម្រួលអន្តរ រដ្ឋាភិបាល កម្ពុជា-ចិន នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី ០៥ កុម្ភៈ ២០១៦ ទទួលបានការណែនាំ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អោយយកចិត្តទុកដាក់ ការពារពលរដ្ឋខ្មែរ ដែលត្រូវបានចោទប្រកាន់ក្នុង ហេតុការណ៍ នៃការប៉ះទង្គិចគ្នារវាងក្រុមអាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ជាមួយក្រុមស៊ើបអង្កេតពិសេសថៃមកពី ទីក្រុងបាងកក ដែលចុះមកត្រួតពិនិត្យកម្មសិទ្ធ បញ្ញាលើទំនិញនៅផ្សាររ៉ុងក្លឿ នៅថ្ងៃទី ០៣ កុម្ភះ ២០១៦ កន្លងមកនេះ។ ក្រោយពីទទួលបានទទួលការណែនាំនេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានណែនាំបន្ទាន់ភ្លាមឲ្យ ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា នៅប្រទេសថៃ រកមេធាវី ដើម្បីការពារពលរដ្ឋយើង ទោះជាចំនួនប៉ុន្មាននាក់ និងទោះជាក្នុង ករណីណាក៏ដោយ ដូចអ្វីដែលយើងបានធ្វើកន្លងមក។

ឯកអគ្គរាជទូត និងអគ្គ កុងស៊ុលកម្ពុជា នៅប្រទេសថៃ បានរាយការណ៍ជូន លោកឧបនាយក រដ្ឋមន្រ្តី ហោ ណាំហុង ពីលទ្ធផលនៃការអនុវត្តន៏ តាម ការណែនាំខាងលើនេះថា "ពលរដ្ឋខ្មែរទី៣ ដែលត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនពាក់ព័ន្ធ និងការប៉ះទង្គិច ខាងលើនេះ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជានៅ ស្រះកែវ សហការជាមួយគ្រួសារជនជាប់ចោទ ដោះស្រាយធានា អោយនៅក្រៅឃុំរួចហើយ។ ចំពោះពលរដ្ឋខ្មែរ ២ នាក់ទៀត ដែលត្រូវបានតុលាការថៃ កាត់ទោស នៅថ្ងៃទី០៤ កុម្ភៈ ២០១៦ ឲ្យជាប់ពន្ធនាគារ ៣ ខែ ស្ថានអគ្គកុងស៊លកម្ពុជានៅស្រះកែវ បានសហការជាមួយគ្រួសារ ជនជាប់ចោទ ដោះស្រាយធានាអោយនៅក្រៅឃុំ ហើយសង្ឃីមថា អាចនិងទទួលបានផលវិជ្ជមានក្នុងសប្តាហ៍ក្រោនេះ៕