ស្វិសស្នើសុំកម្ពុជា គំាទ្រក្នុងការចូលរួមជាដៃគូអភិវឌ្ឍតាមផ្នែករបស់អាស៊ាន

ភ្នំពេញ៖ក្នុងជំនួបទ្វេរភាគីរវា លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Ivo Sieber ឯកអគ្គរដ្ឋទូតស្វិស ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ នេះ ភាគីស្វិសបានស្នើសុំកម្ពុជា ជួយគំាទ្ររដ្ឋាភិបាលស្វិស ក្នុងការចូលរួមជាដៃគូអភិវឌ្ឍតាមផ្នែករបស់អាស៊ាន។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទីរ បានដកស្រង់ប្រសាសន៍របស់ ឯកអគ្គរដ្ឋទូតស្វិស ប្រចាំកម្ពុជា ក្នុងជំនួបនោះថា លោក Ivo Sieber បានប្រាប់លោកឧបនាយករដ្ឋមន្រ្តី អំពីបំណងរបស់ប្រទេសស្វិស ក្នុងការចូលរួមជាដៃគូអភិវឌ្ឍតាមផ្នែករបស់អាស៊ាន ដោយបានស្នើសុំការគំាទ្រពីកម្ពុជា ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង បានស្វាគមន៍ចំពោះសំណើរនេះ។

ក្នុងនោះដែរ លោក Ivo Sieber ក៏បានជំរាបអំពីគម្រោងទឹក និងសន្តិភាព ដែលរដ្ឋាភិបាលស្វិសបានផ្តួចផ្តើមឡើង ទន្ទឹមនឹងនោះ ស្វិសក៏សម្តែងបំណងប្រាថ្នាចង់ឲ្យមាន កិច្ចសហប្រតិបត្តិការល្អរវាងស្វិស និងកម្ពុជា ក្នុងក្របខ័ណ្ឌមេគង្គ លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង បានស្វាគមន៍ និងបំណងប្រាថ្នានេះ លោកបញ្ជាក់ថា បញ្ហាទឹកជារឿងសំខាន់ណាស់នៅកម្ពុជា ដោយសារតែទឹក និងត្រី នៅទន្លេសាប វាអាស្រ័យដោយសារទឹក នៅទន្លេមេគង្គ ហើយគម្រោងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌមេគង្គនេះ មានសារៈសំខាន់សម្រាប់កម្ពុជា ហើយទន្លេសាបគឺជាអាយុជីវិត ប្រជាជនកម្ពុជាទំាងមូល។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ទៀតថា បញ្ហាទឹកស្អាតនេះ ក៏ជាបញ្ហាមួយមានសារៈសំខាន់ សម្រាប់ប្រជាជនកម្ពុជា ពិសេសនៅក្នុងរដូវប្រាំង ដែលកម្ពុជាខ្វះទឹក រាជរដ្ឋាភិបាលកម្ពុជា កន្លងមកបានជីអណ្តូងជាច្រើន ដើម្បីធានាដល់ការប្រើប្រាស់ របស់ប្រជាជន តែក៏នៅតែប្រឈមនិងការខ្វះទឹកនៅក្នុងរដូវប្រាំង។

នៅក្នុងជំនួបនេះភាគីទំាងពីរ ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលលើវិស័យអប់រំផងដែរ ដោយភាគីកម្ពុជា បានស្នើសុំភាគីស្វិស ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីមានឱកាសទៅសិក្សានៅប្រទេសស្វិសផងដែរ៕

ស្វិសស្នើសុំកម្ពុជា គំាទ្រក្នុងការចូលរួមជាដៃគូអភិវឌ្ឍតាមផ្នែករបស់អាស៊ាន