ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​តុល្យការ​ថ្មី​មួយ​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ បាន​ខិតខំ​តាម​រុករក​មនុស្ស​ជាង​១២០​នាក់​ទៀត ដែល​កប់​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​រលំ​បាក់​ក្រោយ​ការ​រញ្ជួយ​ដី​មួយ​នៅ​ភាគ​ខាងត្បូង​ដែន​កោះ​នេះ ដែល​បណ្តាល​ឱ្យ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​យ៉ាងតិច​៣៤​នាក់​ហើយ ។

តុល្យការ​នៃ​ការ​រញ្ជួយ​ដី​កម្លាំង​៦,៤​រី​ស្ទ័​រ​នេះ​នៅ​ភាគ​ខាងត្បូង​តៃវ៉ាន់ កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក បណ្តាល​ឱ្យ​បាក់​អគារ​ស្នាក់​នៅ​កម្ពស់​១៦​ជាន់ មួយ​ទាំងស្រុង ហើយ​លំនៅ​ឋាន​ជិត​១០០​ទៀត រង​ការ​បំផ្លាញ​ដែរ​នៅ​ទីក្រុង​តៃ​ណា​ន ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​តៃវ៉ាន់ CNA ដែល​ដកស្រង់​សម្តី​របស់​បណ្តា​អ្នក​ទទួលខុសត្រូវ​តៃវ៉ាន់​ថា មនុស្ស​១២១​នាក់​រស់នៅ​ក្នុង​អគារ​១៦​ជាន់ ដែលរ​លំបាក់​នៅ​តែ​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៦ មក​ទី​៧ កុម្ភៈ ។ មុន​នេះ​អភិបាលក្រុង​តៃ​ណា​ន លោក WILLIAM LAI រៀបរាប់​ពី​មនុស្ស​១០៣​នាក់​កប់​ជាប់​យ៉ាង​ជ្រៅ​ក្រោម​គំនរ​បាក់បែក ។ ថ្ងៃ​ទី​៧ កុម្ភៈ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​កាយ​រើ​គំនរ​បាក់បែក​រួច​មនុស្ស​ជា​ច្រើន​នាក់​អាច​ទាញ​យក​ចេញ​បាន​ដោយនៅ​រស់រាន​មានជីវិត​ក្រោយ​រយៈពេល​ជាង​២៤​ម៉ោង ។ យោង​តាម CNA ថា សរុប​មនុស្ស​ប្រមាណ​ជា​៣០០​នាក់​ត្រូវ​បាន​សង្គ្រោះ ។ ក្នុង​ចំណោម​អ្នក​ស្លាប់​យ៉ាងតិច​២៧​នាក់ ជា​អ្នក​រស់នៅ​ក្នុង​អគារ​១៦​ជាន់​ដែល​បាក់​ទាំងស្រុង ។ អាជ្ញាធរ​ប្រកាស​បើក​ការ​ស៊ើបអង្កេត​មួយ​ក្រោយ​ការ​រិះគន់​នានា​លើ​សមត្ថភាព​អគារ​នេះ​ដែល​សង់​ពុំ​មាន​លក្ខណៈ​អាច​ទប់ទល់​នឹង​ការ​រញ្ជួយ​ដី​មួយ ទើបរ​លំបាក់​ទាំងស្រុង​បែប​នេះ ៕