ទៀប វឌ្ឍនៈ ជ្រើសរើសក្លឹប បឹងកេតអង្គរ ជាទ្រនំថ្មីរបស់ខ្លួន

ភ្នំពេញ៖ ក្រោយបញ្ចប់កុងត្រា ជាមួយក្លឹបជើងឯករង លីកកំពូលកម្ពុជា ណាហ្គាវើល កីឡាករ ទៀប វឌ្ឍនៈ ជ្រើសរើសក្លឹបថ្មី ដើម្បីបន្ដអាជីពបានហើយ គឺក្លឹបបឹងកេតអង្គរ ដែលគេនឹងបង្ហាញវត្តមាន ជាមួយក្លឹបអ្នកមានមួយនេះ នៅក្នុងការប្រកួតរដូវកាលថ្មី ទាំងពាន MCL-2016 និងពាន Hun Sen Cup នាពេលឆាប់ៗខាងមុខនេះ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្លឹបបឹងកេត បានប្រកាសជាផ្លូវការថា ទៀប វឌ្ឍនៈ គឺជាសមាជិកថ្មីមួយរូបទៀត សម្រាប់ត្រៀមរដូវកាល២០១៦នេះ ។ ខ្សែបម្រើវ័យ ៣១ឆ្នាំរូបនេះ ធ្លាប់មានបទពិសោធន៍លេងបាល់ ជាច្រើនឆ្នាំមកហើយ ក្នុងនោះធ្លាប់លេងឱ្យក្រុមជម្រើសខេត្តកំពត, ក្លឹប Hello United (ភ្នំពេញក្រោនបច្ចុប្បន្ន) និងក្លឹបណាហ្គាវើល ។

ប្រភពខាងលើ បានឲ្យដឹងទៀតថា វឌ្ឍនៈ ក៏ជាកីឡាករឆ្នើម ដែលទទួលបាន សេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ ដើម្បីចូលរួមប្រកួតពានរង្វាន់ លើឆាកអន្ដរជាតិជាច្រើនផងដែរ រួមមានពានរង្វាន់ Tiger Cup-2004 នៅវៀតណាម, SEA Games-2005 នៅហ្វ៊ីលីពីន, SEA Games-2007 នៅថៃ, វគ្គជម្រុះពានរង្វាន់ AFC Challenge Cu ឆ្នាំ២០០៩ និងឆ្នាំ២០១៣ និងវគ្គជម្រុះពាន Suzuki Cup-2012 ជាដើម។

ជាពិសេសទៀតនោះ ខ្សែបម្រើប្រយុទ្ធរូបនេះ ក៏បានបង្ហាញសមត្ថភាព យ៉ាងអស្ចារ្យជាមួយនឹងក្រុម Cambodia All Stars ដែលដឹកនាំដោយគ្រូបង្វឹកលោក ប្រាក់ សុវណ្ណារ៉ា អំឡុងពេលយក ឈ្នះក្រុមជើងខ្លាំង Morung Thong United របស់ថៃដោយលទ្ធផល ៤-៣ និងយកឈ្នះក្រុមជើងឯកលីកកំពូលថៃ Buriram United ដោយលទ្ធផល ៦-៥ នៅក្នុងជំនួបមិត្តភាពលក្ខណៈសប្បុរសធម៌ កាលពីអំឡុងពាក់កណ្ដាលខែមករាកន្លងទៅផងដែរ ។

ជាមួយនឹងការបង្ហាញសមត្ថភាព នាពេលកន្លងមកនេះហើយ ដែលធ្វើឲ្យ ទៀប វឌ្ឍនៈ ជ្រើសរើសបានក្លឹបជើងខ្លាំង ដូចជាបឹងកេតអង្គរ ដើម្បីបន្ដអាជីព ។ ដោយឡែកក្លឹបបឹងកេត ក៏សង្ឃឹមដែរថា វឌ្ឍនៈ នឹងក្លាយជាសមាជិកដ៏សំខាន់ នៅក្នុងការប្រកួតប្រជែងដណ្ដើមយកពាន ទាំងពាន MCL-2016 និងពាន Hun Sen Cup លើកទី១០ ដែលគ្រោងនឹងចាប់ផ្ដើម ការប្រកួតនាពេលឆាប់ៗខាងមុខ ៕

ទៀប វឌ្ឍនៈ ជ្រើសរើសក្លឹប បឹងកេតអង្គរ ជាទ្រនំថ្មីរបស់ខ្លួន

ទៀប វឌ្ឍនៈ ជ្រើសរើសក្លឹប បឹងកេតអង្គរ ជាទ្រនំថ្មីរបស់ខ្លួន