ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ បក្សពួក​ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​បាន​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន តាម​ស្រាវជ្រាវ​តាម​ចាប់​បានជា​បន្តបន្ទាប់ បន្ទាប់​ពី​ក្រុម​ចោរ​ទាំងនោះ​ ប្លន់​ផ្ទះ​វីង ​យីហោ «​ហេង រចនា​» រួច​គេចខ្លួន​បាន​​មួយ​រយៈ លុះ​នៅ​​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ​ នេះ នៅ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​បង្ហាញមុខ​ក្រុម​ចោរប្លន់​ទាំងនោះ ។

បើ​តាម​សម្តី​ស្នងការ​នគរបាល​ខេ​ត្ត​ប៉ៃលិន លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​ក្រុម​ចោរ​កាំភ្លើង AK-47 និង​ពូថៅ២​នាក់​ ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង បាន​ចូល​ទៅ​ប្លន់​ផ្ទះ​ផ្ទេរ​ប្រាក់ Wing នៅ​ក្រុងប៉ៃលិន​នោះ កំលាំង​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ​​ចំនួន​៤​នាក់ ដោយ​មាន​​១-​ឈ្មោះហ៊​ត វិសិដ្ឋ អាយុ​២៧​ឆ្នាំ​រស់នៅ​ឃុំ​ជប់​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ, ​២-​ឈ្មោះសេង ដា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ស្រុក​អួរ​រាំង​ឳ ខេត្តកំពង់ចាម, ​៣-​ឈ្មោះប៊ុ​ន ហេង ហៅ​ប៉ូ​គី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ស្រុក​បាទី ខេត្តតាកែវ និង​​៤-​ឈ្មោះសន ដ​ន​ធីតា ភេទ​ស្រី ​អាយុ​២៦​ឆ្នាំ នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

​បើ​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ចោរ​ទាំងនោះ​​ថា គេ​ធ្លាប់​ធ្វើ​សកម្មភាព​៤​ខេត្ត​​មក​ហើយ ជា​ពិសេស​គឺ​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​ធ្លាប់​មាន​ដីកា​​ពី​តុលាការខេត្ត​ត្បូងឃ្មុំ តាម​ចាប់​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​នៅ​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ ។ ​ក្រុម​ចោរ​ទាំងនោះ​ មាន​មេខ្លោង​ធំ​ជា​ច្រើន​ទៀត​ តែ​វា​មិន​បាន​សារភាព​ថា​​ ជា​នរណា​នោះ​ទេ ​គឺ​វា​ធ្វើ​សកម្មភាព​បែងចែក​ជា​ក្រុម​ដើរ​ប្លន់​ចំនួន​៤​ខេត្ត ។ លោកស្នងការ​ខេត្ត​ប៉ៃលិន​សន្យានឹង​តាម​ស្រាវជ្រាវ​ចែក​គ្នា​រកមុខ​សញ្ញា​ក្រុម​ចោរ​ទាំង​អស់នោះ ឲ្យ​បាន​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ លោក​ក៏​បាន​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ ពិសេស​កន្លែង​វេរ​លុយ​វីង និង​ AMK និង​កន្លែង​លក់​មាស​ប្តូរ​លុយ​ជាដើម ត្រូវ​តែ​ប្រុង​ប្រ​យ័​ត្ន​ខ្ពស់ និង​រាយការណ៍​បន្ទាន់​ បើ​មាន​សភាព​ការ​មិន​ប្រក្រតី ។