ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ស្ត្រី​និង​កីឡា នឹង​រៀបចំ​ឱ្យ​មានកម្ម​វិធី​ប្រកួត​រត់​កម្សាន្ត​មួយ​នា​ថ្ងៃ​ទី​១៤ កុម្ភៈ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក្នុង​ចម្ងាយ​៥​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​ដើម្បី​អបអរ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បំផុស​ស្ត្រី​ឱ្យ​ចូលរួម​លេង​នៅ​ក្នុង សកម្មភាព​កីឡា​ឱ្យ​បាន​ច្រើន មុន​ពេល​កម្ពុជា​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ពិសេស​កម្មវិធី​រត់ប្រណាំង​ជើង​៣​តែ​ម្ដង ។ កម្មវិធី​រត់ប្រណាំង​កម្សាន្ត​ត្រូវ​បាន​គណៈកម្មការ​ស្ត្រី​និង​កីឡា​ប្រកាស​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៥ មក​រា កន្លង​មកនេះ តាម​រយៈ​សន្និសីទកាសែត​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ NOCC ។ តាម​ការ​ឱ្យ​ដឹង កម្មវិធី​រត់ប្រណាំង​កម្សាន្ត​បែប​នេះ បាន​រៀបចំ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ។ ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ចំ​ថ្ងៃ​១៤ កុម្ភៈ នេះ មិនមែន​ធ្វើ​ឡើង​ដើម្បី​អបអរ​ថ្ងៃ​Valentine’ s Day​នោះ​ទេ គឺ​យើង​ធ្វើ​ឡើង​ដើម្បី​ចូលរួម​អបអរ​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់ សាមគ្គីភាព មិត្តភាព និង​ការ​បំផុស​ឱ្យ​ស្ត្រី​ចូលរួម​លេង​កីឡា ។ ម្យ៉ាងវិញទៀត គណៈកម្មការ​ស្ត្រី​និង​កីឡា រៀបចំ​កម្មវិធី​រត់​កម្សាន្ត​នេះ​ឡើង​ដើម្បី​ទាក់ទាញ​យុវជន​ឱ្យ​នាំ​គ្នា​ចូលរួម​លេង​កីឡា កុំ​យក​ថ្ងៃ​១៤ កុម្ភៈ​នេះ ធ្វើ​រឿង​មិនល្អ​ក្បត់​ប្រពៃណី ដែល​ជា​ការ​យល់​ខុស​របស់​យុវជន​មួយ​ចំនួន ថា​ថ្ងៃនេះ​ជា​ថ្ងៃ​បុណ្យ​សង្សារ ។

គួរ​រំលឹក​ថា ជា​ច្រើន​ឆ្នាំ​មកនេះ​មាន​យុវជន​ខ្មែរ​យើង​ភាគច្រើន​តែង​យល់​ច្រឡំ​ចំពោះ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​នេះ ថា​ជា​ថ្ងៃ​បុណ្យ​សង្សារ ធ្វើ​ឱ្យ​នារី​ភាគច្រើន​ចាញ់បោក​បុរស​ៗ​លង់​ទៅ​តាម​ការ​លួងលោម​រហូត​ខូចខ្លួន​ប្រាណ ។ ប៉ុន្តែ​ក្រោយ​ពី​ទទួល​បានការ​ណែនាំ​ជា​បន្តបន្ទាប់​ពី​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​នានា​ជា​ច្រើន​ដែល​មានការ​ពាក់ព័ន្ធ នឹង​ស្ត្រី​ឃើញ​ថា មានការ​យល់​ដឹង​ច្រើន​ជាង​មុន​។ ដូច្នេះ​ហើយ​ទើប​គណៈកម្មការ​ស្ត្រី​និង​កីឡា​តែង​រៀបចំ​កម្មវិធី​រត់ប្រណាំង​កម្សាន្ត​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​បំផុស​ស្ត្រី​ឱ្យ​មានការ​យល់​ដឹង​ពីសារ​សំខាន់​នៃ​ការ​លេង​កីឡា មិន​ត្រឹមតែ​ដើម្បី​សុខភាព​ប៉ុណ្ណោះ​នោះ​ទេ គឺ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ក្នុង​ឆ្នាំ​២០២៣ នា​ពេល​ខាង​មុខ​នេះ​ទៀត​ផង ៕