ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ធុន​យី​ឌុ​ប​១​គ្រឿង ​បានបើក​​បុក​ទម្លុះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ធ្វើ​អំពី​ឈើ​លើថ្មក្រោម​ បណ្តាលឱ្យ​​ខូចខាត​ទាំងស្រុង ក្នុង​នោះ​​ម្ចាស់ផ្ទះ​ម្នាក់​​ដែល​កំពុង​ដេក​លង់លក់ បាន​រង​របួសធ្ងន់ ចំណែក​អ្នកជិះ​ក្នុង​រថយន្ត​២​នាក់ ​រួម​ទាំង​អ្នក​បើក​​​រង​របួស​ធ្ងន់​ដូច​​គ្នា ។

ហេតុ​ការ​ណ៍នេះ​ បង្ក​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១០ ​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៧ កុម្ភៈ ​​២០១៦ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ចន្លោះ​គីឡូម៉ែត្រ​លេខ៩៧ ​និង​៩៨ ​ក្នុងភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។

​នគរបាល​ចរាចរ​ណ៍​ស្រុក​រលាប្អៀរ​ឱ្យ​​ដឹងថា​ គ្រោះថ្នាក់​ចរាចរ​ណ៍​​ខាងលើ គឺ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ យី​ឌុ​ប​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0423 បើកបរ​ដោយ​បុរសឈ្មោះ​ស្រ៊​ន អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ឆ្នាំង ។ មុន​ពេល​កើតហេតុ រថយន្ត​​ខាងលើ​​បាន​ដឹកបន្លែ​​ស្ពៃក្តោប​ពេញ បើក​តាម​បណ្តោយ​ផ្លូវជាតិ ក្នុង​ល្បឿន​យ៉ា​ន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់​តែ​ផ្ទុះ​កង់​មុខ​ខាងស្តាំ បណ្តាល​​ឱ្យ​រថយន្ត​រេ​ធ្លាក់​ផ្លូវ​រត់​ក្នុង​ចម្ងាយ​​ជិត​១០០​ម៉ែត្រ ក៏​បាន​បុកទម្លុះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង មាន​ទំហំ​ប្រមាណ​១០ម៉ែត្រ ​គុណ​​​១២​ម៉ែត្រ ទើប​រថយន្ត​ក្រឡាប់​ដេកចាក់​ស្ពៃក្តោប​ពេញ​ក្នុងផ្ទះ​​ ។

សមត្ថកិច្ច​​​បន្ត​ថា ក្រោយ​ពេល​កើតហេតុ អ្នកបើករថយន្តឈ្មោះស្រ៊​ន និង​ព្រូ​ម្នាក់​ទៀតឈ្មោះប៊ុ​ន តាន់ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ខេត្តកំពត បាន​របួសធ្ងន់​កៀប​​ជាប់​ក្នុង​កាប៊ី​នរថយន្តចេញ​មិ រួច ពេល​នោះ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​ប្រើ​​មធ្យោបាយ​ជាង​៣​ម៉ោង គឺ​រហូត​ដល់​ម៉ោង​១ ​និង​៣០នាទី​ឈាន​ចូល​ថ្ងៃ​ទី​៨ ធ្នូ ទើប​យក​អ្នកបើកបរ​ និង​ព្រូ​ចេញពី​ក្នុង​រថយន្ត​បាន ។​ ដោយឡែក សមា​ជិកគ្រួសារ​ម្ចាស់ផ្ទះ​ឈ្មោះកែវ ចិន្តា អាយុ​៤៣​ឆ្នាំ ជា​​ជាង​ជួសជុល​ម៉ូតូ និង​ម៉ាស៊ីន​ក្រឡឹង ម្នាក់​ឈ្មោះ​លន់ ឆៃ​លាង អាយុ​២១ ឆ្នាំ​បាន​រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ ។