ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​កំពង់ធំ ៖ បន្ទាប់​ពី​សែន​ចិន​រួច​ ផ្ទះ​ឈើ​​២​ខ្នង​​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​​ហ្មត់​ កាលពី​រសៀល​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​តាំង​ក្រ​សៅ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រសាទ​សំបូរ ។​

​ប្រភព​ព័​ត៌​ពី​កន្លែង​កើតហេតុ​​បាន​និយាយ​ថា​ ​ផ្ទះ​ដែល​ឆេះ​មុនគេ​ គឺ​ផ្ទះ​ឈើ​ប្រក់​​ក្បឿង​ទំហំ​៧ម៉ែត្រគុណ៨ម៉ែត្រ ​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ខ្ចៅ ធឿ​ន ភេទ​ស្រី​ អាយុ​៦៧​ឆ្នាំ រួច​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​១​ខ្នង​ទៀត​ ធ្វើ​អំពី​ឈើប្រក់​​ស្លឹក​ត្នោត​ទំហំ​៤ម៉ែត្រគុណ​៦ម៉ែត្រ ​ដែល​មាន​​ម្ចាស់​ឈ្មោះ តាប់ វ៉ា ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​​ណា​ម្នាក់​​រង​​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​ខាង​លើ​នេះ​​​ឡើយ ​។​

​មន្ត្រីសមត្ថ​កិច្ច​​បាន​បញ្ជាក់​ថា ​ជុំ​វិញ​​ករណី​អគ្គិ​ស​ភ័យ​ខាងលើ​នេះ​ បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​ ឈ្មោះ ខ្ចៅ ធឿ​ន​ បន្ទាប់​ពី​អុជ​ ទៀន​ ធូប ​សែន​ចិន​រួច ​មិន​​ប្រុង​ប្រយ័ត្ន​​ ទើប​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​តួ​ផ្ទះ និង​ផ្ទះ​អ្នក​​ជិត​ខាង​​​បែប​នេះ​​ ​​ពេល​កើត​ហេតុ អ្នក​ភូមិ​​បាន​​នាំ​គ្នា​ជួយ​ពន្លត់​ដែរ តែ​ជួយ​មិន​ឈ្នះ​ ។​

​លោក ខៀវ ប៉ា​ង អភិបាលស្រុក​ប្រសាទ​សំបូរ ក៏​បាន​ចាត់​មន្ត្រី​ឲ្យ​នាំ​យក​អំណោយ​អនុ​សាខា​កាកបាទក្រហម​​កម្ពុជា​​ស្រុក​​មួយ​​ចំនួន​ទៅ​​ឧបត្ថម្ភ​ដើម្បី​ជួយ​សម្រាលទុក្ខ​ធុរៈ​ដល់​​គ្រួសារ​​រង​គ្រោះ​​​​ផង​ដែរ​ ៕