ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រទេស​តួ​ក​គី​ប្រកាស​ថា ត្រៀម​បើក​ព្រំដែន​របស់​ខ្លួន​សម្រាប់​ជនជាតិ​ស៊ី​រី​ជា​ច្រើន​សិប​ពាន់​នាក់​ដែល​នា​ថ្ងៃ​ទី​៧ កុម្ភៈ ខិតខំ​ស៊ូទ្រាំ​នឹង​ធាតុអាកាស​យ៉ាង​ត្រជាក់​ខ្លាំង​នៅ​កណ្តាលវាល បន្ទាប់​ពី​រត់​ភៀសខ្លួន​គេច​ចេញពី​ការ​វាយលុក​របស់​កងទ័ព​ស៊ី​រី​លើ​ទីក្រុង​អា​ឡែ​ប ។

ពេល​រង់ចាំ​ការ​សម្រេចចិត្ត​របស់​ក្រុង​អង់កា​រ៉ា​សភាពការណ៍​មនុស្សធម៌​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​នាំ​ឱ្យ​មានការ​អស់សង្ឃឹម សម្រាប់​បណ្តាជន​ភៀសខ្លួន​ជា​ជន​ស៊ី​វិល​ពិសេស​នារី និង​កុមារ​នៅ​ភាគ​ខាងជើង​ស៊ី​រី ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន ថ្លែង​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ថា បើ​ពលរដ្ឋ​ស៊ី​រី​ត្រូវ​ជំរុញ​ឱ្យ​ភៀសខ្លួន​មក​កាន់​ដែនដី​យើង នោះ​គ្មាន​ជម្រើស​ណា​ក្រៅ​ដែល​យើង​ត្រូវ​បើក​ព្រំដែន​ឱ្យ​ពួក​គេ​ចូល ហើយ​យើង​នឹង​ធ្វើ​បែប​នេះ ។ ក៏​ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ថា តែ​ពេល​ណា​ជនជាតិ​ស៊ី​រី​ទាំងនេះ អាច​ចូល​ក្នុង​ប្រទេស​លោក​ឡើយ ។

ស្ត្រី​អ្នកកាសែត​ម្នាក់​របស់ AFP កត់សម្គាល់​ឃើញ​ថា ចំណុច​ឆ្លងកាត់​តែ​មួយ​គត់​នៅ​ភាគ​ខាងជើង​ក្រុង​អា​ឡែ​ប គឺ​ប៉ុស្តិ៍​ព្រំដែន​តួ​ក​គី ONCUPINAL ដែល​នៅ​តែ​បិទ​នា​ថ្ងៃ​ទី​៧ កុម្ភៈ ។

នៅ​ព្រំដែន​ខាង​ផ្នែក​ស៊ី​រី​គឺ​នៅ BAB AL SALAMA និង AZAZ ជន​ស៊ី​វិល​ជា​ច្រើន​សិប​ពាន់​នាក់​នៅ​ពពាក់ពពូន​ក្នុង​ស្ថានភាព​ត្រជាក់​ខ្លាំង​បំផុត ។ នេះ​ជា​សោកនាដកម្ម​មួយ​ចំពោះ​ពួក​អ្នក​ដែល​ពុំ​មាន​តង់​សម្រាប់​ដេក ។ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន MSF បាន​ចែកចាយ​តង់​ជាង​២៣០ ក៏​ប៉ុន្តែ​ខ្វះ​ការ​បញ្ជូន​ទឹក និង​ឧបករណ៍​ពេទ្យ ។

យោង​តាម​អភិបាលខេត្ត​ជាប់​ព្រំដែន​តួ​ក​គី​លោក SULEYMAN TAPSIZ ថា ចំនួន​មនុស្ស​ដែល​មក​ដល់ AZAZ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​ប្រមាណ​ជា​ជាង​៣០.០០០​នាក់ ហើយ​អាច​ឡើង​ដល់​៧០.០០០​នាក់ ។

ប្រឈម​មុខ​នឹង​សោកនាដកម្ម​មនុស្សធម៌​ថ្មី​នេះ​ពួក​អឺរ៉ុប​ដែល​ប៉ុនប៉ង​កម្រិត​ការ​ហូរ​ចូល​នៃ​ជនភៀសខ្លួន​ក្នុង​ដែនដី​ពួក​គេ​នោះ​បាន​អំពាវនាវ​ដល់​តួ​ក​គី​ឱ្យ​ទទួល​ពលរដ្ឋ​ស៊ី​រី​ដែល​រត់​ភៀសខ្លួន​ចេញពី​ខេត្ត​អា​ឡែ​ប ។

កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ឧបនាយករដ្ឋមន្ត្រី​តួ​ក​គី លោក NUMAN KURTULMUS បញ្ចេញ​ប្រតិកម្ម​ថា តួ​ក​គី​ដែល​ទទួល​ជនភៀសខ្លួន​ស៊ី​រី​២,៧​លាន​នាក់​រួច​ហើយ​បាន​ដល់​កម្រិត​នៃ​សមត្ថភាព​ទទួល​របស់​ខ្លួន ។ ក៏​ប៉ុន្តែ​ទីបំផុត​មនុស្ស​ទាំងនេះ​គ្មាន​កន្លែង​ណា​ដែល​ទៅ ។ ដូច្នេះ​ពួក​គេ​គ្មាន​ផ្លូវ​ជ្រើសរើស​ក្រៅពី​ត្រូវ​ស្លាប់​ក្រោម​គ្រាប់បែក ឬ​ត្រូវ​សម្រុក​ទម្លុះ​ព្រំដែន​របស់​យើង​ឡើយ ។

ការ​គាបសង្កត់​អាច​កាន់តែ​បង្កើន​នៅ​តំបន់​ព្រំដែន ព្រោះ​កងទ័ព​ស៊ី​រី​កំពុង​រុល​មក​កាន់​ភាគ​ខាងជើង​ខេត្ត​អា​ឡែ​ប​ជួយ​ទ្រទ្រង់​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​រុ​ស្ស៊ី ។ កងទ័ព​នេះ​នា​ថ្ងៃ​ទី​៧ កុម្ភៈ ស្ថិត​នៅ​ចម្ងាយ​ត្រឹម​៧​គីឡូម៉ែត្រ ពី​ទីក្រុង TALL RIFAAT ជាទី​ក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ចុង​ក្រោយ​៣​របស់​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងជើង​ខេត្ត ។ ទិស​ដៅ​របស់​កងទ័ព​ស៊ី​រី​គឺ​រុល​រហូត​ដល់​ព្រំដែន​តួ​ក​គី​នៅ​សល់​៣០​គីឡូម៉ែត្រ​ទៀត ដើម្បី​ខ្ទប់​រាល់​ច្រក​ឆ្លងកាត់​របស់​ពួក​ឧទ្ទាម និង​ការ​បញ្ជូន​អាវុធ​ពី​តួ​ក​គី​មក ។ ប្រភព​យោធា​ស៊ី​រី​ក៏​អះអាង​ផង​ដែរ​ថា កងទ័ព​ស្វះស្វែង​កាត់​ផ្តាច់​រាល់​ផ្លូវថ្នល់​លើ​គ្រប់​រណសិរ្ស ។

ដើម្បី​ទប់​ការ​រុលទៅមុខ​យ៉ាង​លឿន​របស់​កងទ័ព​ស៊ី​រី​នៅ​អា​ឡែ​ប ពួក​ឧទ្ទាម​ក្រុម JABHA AL SHAMIYAN បាន​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​មួយ​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ក្រុម​ទាំង​២​សម្រេច​រួម​កម្លាំង​គ្នា​ដើម្បី​ទប់ទល់​នឹង​កងទ័ព​ស៊ី​រី​ក្នុង​ខេត្ត​អា​ឡែ​ប ។ បើ​តាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍​អា​រ៉ាប់ AL MAYADEEN TV ថា ក្រុម​ដែល​ប្រទូស្ត​រ៉ា​យ​គ្នា​ទាំង​២​នេះ បាន​ព្រមព្រៀង​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ហើយ​ធ្វើការ​ផ្លាស់​ប្តូរ​ឈ្លើយសឹក​គ្នា រួច​អនុញ្ញាត​ឱ្យ​មានការ​បញ្ជូន​អាវុធ និង​ពួក​យុទ្ធ​ជន​កាត់​តំបន់​ដែល​ពួក​គេ​ត្រួតត្រា​នៅ​ភាគ​ខាងជើង​ខេត្ត​អា​ឡែ​ប ៕