កងម៉ារីន កូរ៉េខាងត្បូង ព្រមានបាញ់ទៅលើ នាវាជើងទឹក របស់កូរ៉េខាងជើង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា នៅថ្ងៃចន្ទនេះ កងម៉ារីនរបស់ប្រទេសកូរ៉េខាងត្បូង បានប្រមានថា នឹងបាញ់ទៅលើនាវាជើងទឹក ប្រទេសកូរ៉េខាងជើង ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះគ្រាប់រ៉ុក្កែត រយៈចម្ងាយឆ្ងាយរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ចំថ្ងៃបុណ្យប្រពៃណីចិន ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងថា នាវាជើងទឹករបស់កូរ៉េខាងជើង បានឆ្លងកាត់ចូលមក ដែនសមុទ្រលឿង ដែលជាច្រកព្រំដែនទឹក នៅមុនម៉ោង ៧ព្រឹកមិញ ។

មន្ត្រីមួយរូបមកពី ក្រសួងការពារជាតិ បាននិយាយថា "នាវាជើងទឹកនោះ វាគេចខ្លួនបានរហ័ស បន្ទាប់ពីកងម៉ារីន របស់យើងព្រមានថា នឹងបាញ់" ។

គួរបញ្ជាក់ថា ខ្សែបន្ទាត់ព្រំដែនទឹក ដែលបានកំណត់រវាងកូរ៉េទាំងពីរ តែរដ្ឋាភិបាលក្រុងព្យុងយ៉ាង មិនបានឯកភាពឡើយ វាគ្រាន់តែជាការកំណត់ឡើង ដោយសហរដ្ឋអាម៉េរិក ខណៈដែលសង្រ្គាមកើតឡើង នៅឧបទ្វីបកូរ៉េពី ឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ តែប៉ុណ្ណោះ ។

គេបានដឹងថា ប្រទេសទាំងពីរ បានបែងចែក និងកំណត់ព្រំដែនទឹករវាងគ្នា នៅក្នុងឆ្នាំ១៩៩៩ និងឆ្នាំ២០០២ ហើយនិងឆ្នាំ២០០៩ ៕