អ្នក​អភិរក្ស​ព្រួយបារម្ភ​ពេល​សត្វ​ត្មាត​ងាប់​ច្រើន​

Doliprane TVC

​ត្មាត​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​ដែល​អ្នក​អភិរក្ស​ទាំង​ក្នុងប្រទេស និង នៅលើ​ពិភពលោកកត់ត្រា​ទុក​ក្នុង​សៀវភៅ​ក្រហម​ថា​ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​ទៅហើយ​នៅលើភពផែនដី​យើង​នេះ ។ ដោយសារតែ​សត្វ​ប្រភេទ​នេះ​មាននៅ​សេសសល់​តិចតួច​ទើបក្រុម​អ្នក​អភិរក្ស​ស្រាវជ្រាវ​តាមដាន និង អភិរក្ស​អម្បូរ​សត្វ​ប្រភេទ​នេះ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ប៉ុន្តែ​អ្វីដែល​អ្នក​អភិរក្ស​មានការ​ព្រួយបារម្ភ​នោះ​គឺ​ពពួកសត្វ​ដ៏​កម្រ​ប្រភេទនេះ​បាន​ងាប់​យ៉ាងគំហុក​នៅ​ឆ្នាំនេះ ហើយ​ប្រសិនបើ​មិនមាន​ការអភិរក្ស​ឱ្យបាន​ទាន់ពេលវេលា​ទេវា​ប្រឈម​នឹង​ការ​ផុត​ពូជ​នាពេល​អនាគត ។​ ​តាម​ការកត់ត្រា​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​ត្រូវបាន​អនុវត្ត​នៅ​តំបន់​ចំនួន ៧ នៅ​ទូទៅ​ទាំង​ប្រទេសកម្ពុជា បានបង្ហាញ​ពី​ការប៉ាន់ប្រមាណ​ចំនួន​សត្វ​ប្រភេទ​នេះគឺមាន​ចំនួន​ទាប​បំផុត​ចាប់តាំងពី​ការចាប់ផ្តើម​កត់ត្រា​ក្នុង​ឆ្នាំ ២០០៤ ។

អ្នក​អភិរក្ស​ព្រួយបារម្ភ​ពេល​សត្វ​ត្មាត​ងាប់​ច្រើន​

​របាយការណ៍​ជំរឿន​សត្វ​ត្មាត​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​ប្រចាំ​នៅ​កម្ពុជា ដែល​ចេញផ្សាយ​កាលពីដើម​ខែសីហា ឆ្នាំ ២០១៤ បានឱ្យដឹងថា​មាន​តំបន់​ចំនួន​ពីរ គឺ​តំបន់​ភាគ​ខាងលិច​សៀម​ប៉ាង ខេត្តស្ទឹងត្រែង និង តំបន់​ព្រៃ​ការពារ​ខេត្តព្រះវិហារបានទទួល​ទិន្នន័យ​រហូតដល់​ទៅ ៩៧ ភាគរយ​នៃ​ចំនួន​សរុប ។ ទោះជា​យ៉ាងណា​ជិត ៨០ ភាគរយនៃ​ចំនួន​សត្វ​ត្មាត​សរុប​ទាំងអស់​ដែល​បាន​កត់ត្រា​គឺមាន ១៥៥ ក្បាល ត្រូវបាន​រាប់​នៅ​តំបន់​ភាគ​ខាងលិច​សៀម​ប៉ាង ដែលជា​តំបន់​ព្រៃ​នៃ​ក្តីសង្ឃឹម​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​(Bird Life’s Forest of Hope Site) ។ ទិន្នន័យ​នេះ​បាន​បញ្ជាក់ថា តំបន់​នោះ​ជា​អាហារ​ដ្ឋា​ន​ត្មាត​ធំជាងគេ និង សំខាន់បំផុត​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​ជា​តំបន់​ដ៏​សំខាន់បំផុត និង តែមួយគត់​សម្រាប់ប្រភេទ​ត្មាត​ត្នោត ។តំបន់​ចំនួន ៥ ទៀត​ដែលមាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា បាន​កត់ត្រា​ជា​អតិបរមា​បានត្រឹមតែ ២៦ ក្បាល​ប៉ុណ្ណោះ ។​

អ្នក​អភិរក្ស​ព្រួយបារម្ភ​ពេល​សត្វ​ត្មាត​ងាប់​ច្រើន​

​លោក Jonathan Eames ទីប្រឹក្សាបច្ចេកទេស​ជាន់ខ្ពស់​របស់​អង្គការ​ជីវិត​សត្វ​ស្លាបបាន​ពន្យល់​ប្រាប់​អ្នកសារព័ត៌មាន​ថា​«​យើង​មានការ​រីករាយ និង មោទកភាព​ក្នុងការ​បានទទួល​ចំនួន​សត្វ​ត្មាត​ដ៏​ច្រើន​បំផុត​នៅ​អាហា​រដ្ឋា​ន​ត្មាត ដែល​យើង​រៀបចំ​នៅក្នុង​ប្រទេស​កម្ពុជា ។ វា​អាចមាន​ការពន្យល់​ជាច្រើន​ពី​មូលហេតុ​របស់ ទិន្នន័យ​ដ៏​ខ្ពស់​នៅ​តំបន់​ខាងលិច​សៀម​ប៉ាង​នេះ ប៉ុន្តែ​ចំនួន​ដ៏​ខ្ពស់​របស់​សត្វពាហនៈ (​គោ និង ក្របី​) ដែល​លែង​ដោយ​សេរី​នៅក្នុង ព្រៃ​បន្ថែម​ជាមួយ​ការផ្តល់​ចំណី​ជា​ទៀងទាត់​របស់​អង្គការ​ជីវិត​សត្វ ស្លាប​អន្តរជាតិ​ចំនួន​ពីរដង​ក្នុង​មួយខែ មានន័យថា​សត្វ​ត្មាត​ទាំង នេះ​បាន​រស់​ប្រមូលផ្តុំ​នៅតាម​ទីកន្លែង​ជិតៗ​នៅពេល​កាលបរិច្ឆេទ នៃ​ការធ្វើ​អាហារ​ត្មាត​ចូលមក​ដល់​» ។​

អ្នក​អភិរក្ស​ព្រួយបារម្ភ​ពេល​សត្វ​ត្មាត​ងាប់​ច្រើន​

​លោក ស៊ុម ភា​រុណ មន្ត្រី​សម្របសម្រួល​គម្រោង​អភិរក្ស​សត្វ​​ត្មាត​ប្រចាំ​កម្ពុជា​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា «​ទិន្នន័យ​ខាងលើនេះ​គឺ​បង្ហាញ​ពី​ការធ្លាក់ចុះ​គួរឱ្យ​ព្រួយបារម្ភ​ដែល​ត្រូវបាន​កើតមានឡើងក្នុងចំណោម​សត្វ​ត្មាត​នេះ​នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា ។ ដូច្នេះហើយ​ត្រូវ​ស្វែង យល់​ពី​មូលហេតុ​ពិត និង ធ្វើការ​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ ។ វា​គឺ​ប្រហែលជា​បណ្តាលមកពី​ហេតុផល​ជាច្រើន​ដូចជា ការបំពុល ការបំផ្លាញ​ទីជម្រក និង ការរំខាន ឬ កង្វះ​នៃ ការធ្វើ​អាហារ​ដ្ឋា​ន​ត្មាត​ជា​ទៀងទាត់ព្រមទាំង​ភាព​ពុំ​ច្បាស់លាស់​នៅក្នុង​ការប្រមូល​ទិន្នន័យ នៅតាម​ទីតាំង​ទាំងនោះ​» ។​

អ្នក​អភិរក្ស​ព្រួយបារម្ភ​ពេល​សត្វ​ត្មាត​ងាប់​ច្រើន​

​របាយការណ៍​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​នេះ​បានឱ្យដឹង​ទៀតថា ឧប្បត្តិហេតុ នៃ​ការពុល​របស់​សត្វ​ត្មាត​ដ៏​ធំ​បាន​កើតឡើង​នៅក្នុង​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី​នៅ​ចុងខែ កុម្ភៈ ឆ្នាំ ២០១៤ ដោយមាន​សាកសព​សត្វ​ត្មាត​ចំនួន ១៣ ក្បាលត្រូវបាន​រកឃើញ ។ នេះ​គឺ ជាការ​ងាប់​សត្វ​ត្មាត​ដ៏​ច្រើន​បំផុត​ដែល​បានទទួល​ការរាយការណ៍​ពី​ហេតុការណ៍​ពុល​មួយនៅ​កម្ពុជា ។ នៅ​កន្លែង​មួយ​ផ្សេងទៀត​នៅ​ខេត្តមណ្ឌលគិរី​នា​ឆ្នាំ ២០១៣ មាន​ក្រុមហ៊ុន វៀតណាម​មួយ​ចាប់ផ្តើម​ឈូសឆាយ​ព្រៃ​ជិត​ទីជម្រក​ពង​កូន​របស់​សត្វ​ត្មាត ដែលជា​លទ្ធផល​នាំឱ្យមាន​ការបោះបង់ចោល​ប្រភព​ទីជម្រក​របស់​វា​នៅ​ឆ្នាំ ២០១៤ ។​
​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​នេះ​បាន​បង្ហាញថា សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​នៅសល់​មិន​ដល់ ២០០ ក្បាល​ផង ប្រសិនបើ​មិនមាន​ការអភិរក្ស​ឱ្យបាន​ហ្មត់ចត់​ទេនោះ​សត្វ​ដ៏​កម្រប្រភេទ​នេះ​ប្រឈម​នឹង​ការបាត់បង់​ទាំងស្រុង​ដែលជា​ការព្រួយបារម្ភ​បំផុត​សម្រាប់​អ្នក​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ៕ នឿន