ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

រដ្ឋមន្ត្រី​ការ​បរទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម លោក ANWAR MOHAMMAD GARGASH គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ថា ប្រទេស​របស់​លោក​គាំទ្រ​ការ​បញ្ជូន​កងទ័ពជើងគោក​ក្នុង​ក្រប​ខណ្ឌ​នៃ​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ដើម្បី​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អុ​ី​រ៉ា​ក់ ។

នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី លោក GARGASH ថ្លែង​ថា ជំហរ​បស់​យើង​នៅ​តែ​ចង់ឱ្យ​មាន​យុទ្ធនាការ​ពិតប្រាកដ​មួយ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​រួម​បញ្ចូល​គ្នា​ទាំង​ដំណើរការ​នយោ​បាយ និង​បាំង​កងកម្លាំង​ជើង​គោក ។

កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ កន្លង​មកនេះ រដ្ឋាភិបាល​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​ស្នើ​ជា​លើក​ដំបូង​ឱ្យ​បញ្ជូន​កងទ័ពជើងគោក​ទៅ​ស៊ី​រី ដើម្បី​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ការ​ប្រកាស​បែប​នេះ​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នាំ​ឱ្យ​មានការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​រដ្ឋមន្ត្រី​ការ​បរទេស​ស៊ី​រី លោក WALID AL MUALLEM ដែល​បាន​ធ្វើការ​ព្រមាន​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ថា រាល់​កងទ័ព​បរទេស​ដែល​បញ្ជូន​មក​ស៊ី​រីនឹង​វិល​ត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ​ដឹក​ក្នុង​មឈូស ។

ចំណែក​ប្រទេស​អុ​ី​រ៉​ង់​ជា​សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ក៏​បាន​ចេញ​ការ​ព្រមាន​ដែរ​ដោយ​និយាយ​ថា កងទ័ព​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នឹង​ត្រូវ​បោសសម្អាត​ប្រសិនបើ​ដាក់​ពង្រាយ​នៅ​ស៊ី​រី​កំពុង​មាន​សង្គ្រាម ។

រដ្ឋមន្ត្រី​បរទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​បន្ត​ថា ខណៈ​ដែល​កងទ័ព​អីុ​រ៉ា​ក់​កំពុង​រុលទៅមុខ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម រដ្ឋាភិបាល​អីុ​រ៉ា​ក់ ត្រូវ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង ហើយ​រួម​សហការ​ដើម្បី​តស៊ូ​ប្រឆាំង​អង្គការ​ជ្រុលនិយម​នេះ ៕