អាជ្ញាធរ​អប្សរា​ផ្សព្វផ្សាយ​ក្រម​ប្រតិបត្តិ​អង្គរ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​មុន​ពេល​ចូល​ទស្សនា​អង្គរ

មន្ត្រី​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​ការពារ និង​ថែ​រក្សា​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប ព្រួយ​បារម្ភ​អំពី​ការ​ប៉ះពាល់​ដល់​និរន្តរភាព​នៃ​វត្ថុ​បេតិកភណ្ឌ ហើយ​ក៏​បាន​តាក់តែង​ជា​ក្រម​ប្រតិបត្តិ​អង្គរ​មួយ​ឡើង ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផង និង​ការពារ​ថែ​រក្សា​ឲ្យ​បាន​នូវ​និរន្តរភាព​របស់​ប្រាសាទ​បុរាណ ព្រម​ទាំង​វប្បធម៌​របស់​ខ្មែរ​ផង។

ការ​បង្កើត​ក្រម​ប្រតិបត្តិ​អង្គរ​នេះ នៅ​ស្រប​ពេល​ភ្ញៀវ​ទេសចរ​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា កើន​ឡើងៗ។ មន្ត្រី​ក្រសួង​ទេសចរណ៍ ឲ្យ​ដឹង​ថា ឆ្នាំ​២០១៥ កន្លង​ទៅ កម្ពុជា បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៤​លាន ៨​សែន​នាក់។ ចំនួន​នេះ​កើន​ឡើង ៦,% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ហើយ​នៅ​ឆ្នាំ​២០២០ គេ​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា អាច​នឹង​កើន​ឡើង​ពី ៧​លាន ៥​សែន​នាក់​ទៅ​ដល់ ៨​លាន​នាក់។

នេះ គឺ​ជា​សំឡេង​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ច្រើន​រយ​នាក់ កំពុង​នាំ​គ្នា​ឈរ​តម្រង់​ជួរ​នៅ​ពេល​ល្ងាច រង់ចាំ​ការ​អនុញ្ញាត​ឲ្យ​ឡើង​តាម​ជណ្ដើរ​ធ្វើ​អំពី​ឈើ ទៅ​ទស្សនា​កំពូល​កណ្ដាល​របស់​ប្រាសាទ​អង្គរវត្ត។

មន្ត្រី​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​ការពារ និង​ថែ​រក្សា​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប បាន​យល់​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​បុរាណ​មាន​កាន់​តែ​ច្រើន​ឡើងៗ ដែល​គួរ​ឲ្យ​កម្ពុជា មាន​មោទនភាព​សម្រាប់​វិស័យ​ទេសចរណ៍ ក៏ប៉ុន្តែ​នៅ​ស្រប​ពេល​គ្នា​នេះ គេ​ក៏​គិត​ទៅ​ដល់​ការ​ប៉ះពាល់​វត្ថុ​បុរាណ និង​ផ្នែក​ប្រពៃណី​វប្បធម៌​មួយ​ចំនួន​ពី​អ្នក​ទេសចរ​បរទេស​ទាំង​នោះ​ដែរ។

ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ មន្ត្រី​អាជ្ញាធរ​អប្សរា បាន​សហការ​ជាមួយ​អ្នក​ស្រុក​រស់នៅ​ជុំវិញ​អង្គរ ក្រុម​មគ្គទេសក៍​ទេសចរណ៍ ក្រុម​អ្នក​ជួសជុល​អង្គរ ព្រម​ទាំង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន រួម​គ្នា​តាក់តែង​ជា​ក្រម​ប្រតិបត្តិ​អង្គរ​មួយ​ឲ្យ​ចេញ​ជា​រូបរាង​ឡើង ប្រយោជន៍​រួម​គ្នា​ការពារ​ឧទ្យាន​អង្គរ បរិស្ថាន និង​ប្រពៃណី​របស់​ខ្មែរ។

ក្រម​ប្រតិបត្តិ​អង្គរ​ដែល​មាន​បកប្រែ​ទៅ​ជា ៦​ភាសា មាន​ខ្មែរ ចិន ជប៉ុន កូរ៉េ បារាំង និង​ភាសា​អង់គ្លេស នោះ គឺ​បាន​ចេញ​ផ្សព្វផ្សាយ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ដឹង និង​អនុវត្ត​តាម​ជា​លើក​ដំបូង​តាំង​តែ​ពី​អំឡុង​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥។

អគ្គនាយក​រង​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​ទេសចរណ៍ គឺ​លោក សុខ សង្វារ។ លោក​មាន​ប្រសាសន៍​ថា អាជ្ញាធរ​អប្សរា​ដែល​កំពុង​គ្រប់គ្រង​តំបន់​អង្គរ​បច្ចុប្បន្ន គឺ​យោង​ទៅ​លើ​ពាក្យ​ស្លោក​មួយ​ដែល​មាន​ន័យ​ថា «អភិរក្ស​ដើម្បី​អភិវឌ្ឍ និង​អភិវឌ្ឍ ដើម្បី​អភិរក្ស»។ លោក សុខ សង្វារ បញ្ជាក់​ថា នៅ​ពេល​ដែល​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ឲ្យ​ល្អ​ស្អាត ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​ចេះ​តែ​កើន​ឡើង ក៏​អាជ្ញាធរ​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរ​ប៉ះពាល់​ទៅ​លើ​ប្រាសាទ​បុរាណ បរិស្ថាន និង​វប្បធម៌​ខ្មែរ​ខ្លាំង​ពេក ទើប​អាជ្ញាធរ​អប្សរា​សម្រេច​បង្កើត​ក្រម​ប្រតិបត្តិ​អង្គរ​មួយ​ឡើង៖ «ក្រម​ប្រតិបត្តិ​នេះ​ជា​មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ដទៃ​ទៀត ដែល​យើង​អប់រំ​ភ្ញៀវ​ទេសចរ​ឲ្យ​គាត់​ដឹង​មុន កុំ​ឲ្យ​ស្លៀក​ពាក់​ខ្លី​ពេក ឬ​ក៏​ទៅ​ប៉ះ​សិលា​ចារឹក ឬ​ក៏​ចោល​សំរាម ស្រែក​ឡូឡា​អី​ជាដើម»

ក្រម​ប្រតិបត្តិ​អង្គរ​ដែល​បោះពុម្ព​ផ្សាយ និង​អប់រំ​ភ្ញៀវ​ទេសចរ​បរទេស​កុំ​ឲ្យ​ជក់​បារី​ក្នុង​តំបន់​ប្រាសាទ​បុរាណ កុំ​ឲ្យ​ភ្ញៀវ​បរទេស​ស្រី​ទៅ​ប៉ះពាល់​ព្រះសង្ឃ​នៃ​ព្រះពុទ្ធ​សាសនា តាម​រយៈ​ការ​សុំ​ថត​រូប​អនុស្សាវរីយ៍ ឬ​ហាម​ចូល​ទៅ​ក្នុង​តំបន់​ហាម​ឃាត់ ព្រម​ទាំង​ហាម​បោះ​ស្ករ​គ្រាប់​ទៅ​ឲ្យ​ក្មេងៗ ជាដើម​នោះ ត្រូវ​បាន​អាជ្ញាធរ​ចែក​ឲ្យ​ផ្សព្វផ្សាយ​នៅ​តាម​ទីភ្នាក់ងារ​ទេសចរណ៍ តាម​សណ្ឋាគារ​ធំៗ តាម​ជើង​ហោះហើរ និង​បិទ​ផ្សាយ​តាម​ច្រក​ចេញ​ចូល​នៃ​ព្រលាន​យន្តហោះ ព្រម​ទាំង​កន្លែង​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ​ផង។ ក្រៅ​ពី​នោះ ក្រម​ប្រតិបត្តិ​ក៏​មាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ តាម​គេហទំព័រ​របស់​អាជ្ញាធរ​អប្សរា និង​តាម​គេហទំព័រ​បរទេស ឡូនលី ផ្លាណែត (Lonely Planet) ជាដើម។

លោក សុខ សង្វារ ឲ្យ​ដឹង​ថា រហូត​មក​ដល់​បច្ចុប្បន្ន អាជ្ញាធរ​អប្សរា​បាន​បោះពុម្ព​ក្រម​ប្រតិបត្តិ​អង្គរ​ចំនួន​ជិត ១០​ម៉ឺន​ច្បាប់​ហើយ ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ភ្ញៀវ​ទេសចរ​បរទេស ឲ្យ​បាន​ដឹង​នៅ​មុន​ពេល​ចូល​ទស្សនា​អង្គរ ឬ​តាម​ប្រាសាទ​បុរាណ​នានា។

នៅ​តាម​ប្រាសាទ​បុរាណ​ជាច្រើន​នៃ​ឧទ្យាន​អង្គរ​ខេត្ត​សៀមរាប គឺ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​រាប់​ពាន់​នាក់ តែង​ចេញ​ចូល​ទៅ​ទស្សនា​ជា​រៀង​រាល់​ថ្ងៃ។

ក្រៅ​ពី​ក្រម​ប្រតិបត្តិ​អង្គរ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​យល់​ដឹង​ពី​ក្រឹត្យក្រម​ចូល​ទស្សនា​អង្គរ នៅ​តាម​សណ្ឋាគារ ព្រលាន​យន្តហោះ ឬ​ក៏​កន្លែង​លក់​សំបុត្រ​ជាដើម​នោះ គេ​ក៏​បាន​បោះពុម្ព​ធ្វើ​ជា​កាត​តូចៗ​ចែក​ឲ្យ​បុគ្គលិក​គ្រប់​រូប​ដែល​ដាក់​នៅ​តាម​គោលដៅ​ការពារ​ប្រាសាទ សម្រាប់​ជួយ​រំឭក និង​បង្រៀន​ភ្ញៀវ​ទេសចរ​ណា​ដែល​ពុំ​ទាន់​បាន​ដឹង​ថែម​ទៀត។

ឆ្មាំ​អង្គរ​ម្នាក់​ដែល​ប្រចាំ​ការពារ​ប្រាសាទ​អង្គរវត្ត លោក ប៊ុយ ពុយ បាន​បង្ហាញ​ក្រម​ប្រតិបត្តិ​អង្គរ​ដែល​ធ្វើ​ជា​សន្លឹក​តូចៗ​សម្រាប់​ពាក់​នៅ​នឹង​ក​របស់​គាត់ ហើយ​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃៗ គឺ​គាត់​តែង​រំពៃ​មើល​ភ្ញៀវ​ទេសចរ​បរទេស​ណា​ដែល​មាន​អាកប្បកិរិយា​ខុស​ឆ្គង ហើយ​លោក​ក៏​យក​ក្រម​ប្រតិបត្តិ​អង្គរ​ដែល​ពាក់​នឹង​ក ទៅ​បង្ហាញ និង​អប់រំ​ពួក​គេ៖ «ក្នុង​ម៉ោង​ដែល​យាម​ហ្នឹង ជួន​ណា​ក៏​បាន ៤-៥​នាក់។ ភ្ញៀវ​មក​សព្វថ្ងៃ គឺ​គេ​គោរព​តាម​ក្រម​យើង​ច្រើន ហើយ​យើង​ក៏​អបអរ​សាទរ​គេ​ដែរ»

ក្រម​ប្រតិបត្តិ​អង្គរ មិន​មែន​ជា​ច្បាប់​ដែល​អាច​ដាក់​ទោស​ទណ្ឌ​ភ្ញៀវ​ទេសចរ​បរទេស​ណា​ដែល​ចូល​ទស្សនា​តំបន់​អង្គរ ហើយ​ស្លៀក​ពាក់​ខ្លី ខើច​លើ​ខើច​ក្រោម ឬ​ក៏​ទៅ​ប៉ះពាល់​រូប​ចម្លាក់​បុរាណ​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​អប់រំ​ឲ្យ​ពួក​គេ​បាន​ដឹង​ពី​អ្វី​ដែល​មិន​គួរ​ធ្វើ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ចាត់​ទុក​ក្រម​ប្រតិបត្តិ​អង្គរ​ដែល​បាន​ចេញ​ផ្សព្វផ្សាយ​រយៈពេល ២​ខែ​មក​ហើយ​នេះ​ថា គឺ​ជា​ចំណុច​ល្អ​បំផុត​ដែល​អ្នក​ទេសចរ​បរទេស​ចង់​បាន៖ «ព្រោះ​អង្គរ​ជា​ទី​សក្ការៈ ជា​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ។ ម្ល៉ោះ​ហើយ ទាំងអស់​គ្នា​មក​មើល​ទស្សនា​ផង ហើយ​ក៏​ត្រូវ​ចូលរួម​ការពារ​ផង​ដែរ»

អ្នក​ទេសចរ​ជនជាតិ​ស្វីស (Sweden) ម្នាក់ ដែល​ចាប់​អារម្មណ៍​ជាមួយ​ផ្ទាំង​ចម្លាក់​អង្គរវត្ត​យ៉ាង​ខ្លាំង លោក អេរិក ប៊ើកហាត (Eric BURKHARD) មាន​ប្រសាសន៍​ថា អ្នក​ទេសចរ​ខ្លះ​យល់​ថា ក្រម​ប្រតិបត្តិ​អង្គរ គឺ​ជា​សម្ពាធ​មួយ​សម្រាប់​ដំណើរ​ទេសចរណ៍​របស់​ពួក​គេ ប៉ុន្តែ​ចំពោះ​រូប​លោក​មិន​យល់​ឃើញ​ដូច្នេះ​ទេ គឺ​វា​ជា​ចំណុច​ល្អ​មួយ៖ «ខ្ញុំ​ធ្លាប់​ទៅ​ទស្សនា​សំណង់​បុរាណ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ហើយ​នៅ​តាម​ស្ថាបត្យកម្ម​បុរាណ​ទាំង​នោះ គឺ​គេ​មាន​ក្រម​ប្រតិបត្តិ​ដើម្បី​ការពារ​ដូច​គ្នា​នេះ​ដែរ។ ដូច្នេះ​អ្នក​ទេសចរ​បរទេស ត្រូវ​តែ​យល់​ដឹង​ពី​ក្រម​នេះ នៅ​មុន​ពេល​ចូល​ទស្សនា​អង្គរ»

មន្ត្រី​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ក្រម​ប្រតិបត្តិ​អង្គរ​បាន​ចេញ​ផ្សព្វផ្សាយ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ដឹង​រយៈពេល ២​ខែ​មក​នេះ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​បរទេស​ស្រី​ដែល​ចូល​ទស្សនា​អង្គរ បាន​ផ្លាស់​ប្រែ​ឥរិយាបថ​ពី​ការ​ស្លៀក​ខ្លី ទៅ​ជា​ការ​ស្លៀក​ពាក់​សមរម្យ​បាន​ច្រើន។

ទោះ​យ៉ាង​ណា អាជ្ញាធរ​អប្សរា​នៅ​តែ​ដាក់​មន្ត្រី​នៅ​តាម​គោលដៅ​ទេសចរណ៍​ជាច្រើន ដើម្បី​តាម​ឃ្លាំ​មើល​ភ្ញៀវ​ទេសចរ​បរទេស​ខ្លះ ដែល​នៅ​តែ​មិន​ទាន់​យល់​ដឹង​អំពី​ក្រម​ប្រតិបត្តិ​អង្គរ​នៅ​ឡើយ ហើយ​នឹង​ប្រឹងប្រែង​ផ្សព្វផ្សាយ​ជាមួយ​ការ​អប់រំ​បន្ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។