គ្រូបង្វឹកបិសាចក្រហម មិន​ជឿ​ព័ត៌មាន​ថា​ Morinho មក​​កាន់​តំណែង​នេះ

គ្រូ​បង្វឹក​ក្លិប​បិសាច​ក្រហម Manchester United បច្ចុប្បន្ន​​ពុំ​ជឿ​ទៅ​លើ​ព័ត៌មាន​រាយ​ការណ៍​​ថា ក្លិប​កំពុង​តែ​ចង់​យក​អតីត​គ្រូ​បង្វឹកតោខៀវ​ Chelsea គឺ​លោក Jose Mourinho មក​ជំនួស​កន្លែង ​របស់​​លោក​នោះ​ឡើយ។

Van-Gaalលោក Jose Mourinho ដែល​ត្រូវ​បាន​ដេញ​ចេញ​កាល​ពី​ខែ​ធ្នូ​ ធ្លាប​ឲ្យ​ដឹង​​​ថា លោក​នឹង​វិល​ត្រលប់​មកវិញ ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​បាន​បង្ហើបថា តំណាង​របស់​លោក​បានធ្វើ​ការ​ចរចា​ជាមួយ​និង​ United។ នេះ បើ​តាម​សេចក្តី​រាយការណ៍​ពី​សារព័ត៌មាន​មួយ​ចំនួន​ក្នុង​ប្រទេស អង់គ្លេស កាល​ពី​សប្តាហ៍​មុន។
លោក Luis Van Gaal ថ្លែង​ថា៖ «នៅ​ពេល​ដែល​ធ្លាប់​មាន​រឿង​ផ្តេសផ្តាស​ជាច្រើន​ដែល​ត្រូវ​បាន​គេ​សរសេរឡើងពី​ខ្ញុំ​ កន្លងមក ខ្ញុំ​ពិត​ជា​មិន​អាច​ជឿ​បាន​ទេថា មាន​ទំនាក់ទំនង​រវាង​Manchester United និង Jose Morinho»។​

គ្រូ​បង្វឹក​វ័យ ៦៤ ឆ្នាំ​រូប​នេះ​ កំពុង​​ទទួល​រង​នូវ​សម្ពាធ​ជា​ខ្លាំង​នៅ​ក្រុម​បិសាច​ក្រហម​ បន្ទាប់​ពី​បាន​ជួប​ការ​លំបាកនៅ​ក្នុង​ការ​ដឹក​នាំ​ម្តងទៀត​នៅ​រដូវកាល​ទីពីរនេះ ដោយ​សារ​តែ​យុទ្ធសាស្រ្ត​នៃ​ការ​លេង​នៃ​ក្រុម​របស់​លោក​ត្រូវ​បាន​គេ​រិះ​គន់​ជា​បន្ត​បន្ទាប់។ Man U ​កំពុងតែ​ស្ថិត​នៅ​ក្នុងចំណាត​ថ្នាក់​ទី ៥ នៅ​ក្នុង​តារាង​ Premier League។ លោក Mourinho ដែល​ធ្លាប់​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​ឲ្យ​ក្រុម Inter Milan និង Real Madrid ចាប់​តាំង​តែ​លោក​បាន​បញ្ចប់ការងារ​​ជាមួយ​ក្លិប​តោខៀវ​កាល​ពី​ឆ្នាំ ២០០៧ បាន​អះ​អាង​ថា ក្រុម​គ្រួសារ​របស់​លោក​នឹង​នៅ​តែ​រស់​នៅ​ប្រទេស​អង់គ្លេស។ លោក​​ថា៖ «នៅ​ពេល​ឥលូវ​នេះ ខ្ញុំ​ពុំ​ដឹង​ថា តើ​កីឡាបាល់​ទាត់​នឹង​យក​ខ្ញុំ​ទៅ​ដល់​ណា​នោះទេ ព្រោះ​នៅ​ក្នុង​កីឡានេះ យើង​ពុំ​អាច​ដឹង​ពី​រឿង​នេះ​បាន​នោះ​ឡើយ។ ក៏ប៉ុន្តែ ផ្ទះ​របស់​គ្រួសារ​យើង​នឹង​​ស្ថិត​នៅ​ទីក្រុង ឡុងដ៍ »៕