ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ ​នៅ​ព្រឹក​​ថ្ងៃ​ទី​៨ ​កុម្ភៈ នេះ បន្ទាប់​ពី​​​ប្រកាស​ជូន​ដំណឹង​តាម​បណ្តាព័ត៌​មាន​រួច​មក​ ​ប្រជាពលរដ្ឋ និងភ្ញៀវ​ទេសចរ​​ជា​ច្រើន​បាន​ធ្វើ​​ដំណើរ​ទៅ​កម្សាន្ត​លើ​ស្ពាន​កោះពស ហៅ ស្ពានតេ​ជោ​មរកត ជា​បណ្តើ​រហើយលាយឡំ​នឹង​ការ​​រំភើប​សប្បាយ​រីករាយ​​គ្រា​ដែល​ពួក​គាត់​​ឃើញ​ទិដ្ឋភាព​ពីលើ​ស្ពាន​ដ៏​ស្រស់​ត្រកាល​នោះ​ ​។

ក្រុម​ភ្ញៀវ​ទេសចរ​​ ដែល​អ្នកខ្លះ​កម្សាន្ត​ជា​លក្ខ​ណៈ​ក្រុម​​គ្រួសារ និងអ្នកខ្លះ​ជា​ក្រុម​មិត្ត​ភក្តិ​បាន​សម្តែង​ទស្សនៈ​ដូច​ៗ​គ្នា​ថា ​​​​នេះ​ជា​លើក​ទី​មួយ​របស់​គាត់​ ដែល​បាន​ឡើង​មក​លើ​ស្ពាន​ដ៏​កម្រ​មួយ​នេះ បើ​ទោះបីជា​ស្ពាន​នេះ បាន​សាងសង់​​អស់​រយៈ​ពេល​ជាង​​៤​ឆ្នាំ​មក​ហើយ​ក្តី ។ ​ពួក​គាត់​មាន​សេចក្តី​រីករាយ​ណាស់ ​​​ដោយ​ពុំ​ដឹង​ថា ទឹកដី​ទេសចរ​ណ៏​ដ៏​ពិសិដ្ឋ​របស់​ខេត្ត​ព្រះ​សីហ​នុ មាន​ទេសភាព​ដ៏​ល្អ​ឯក គួរ​ឱ្យ​ចង់​គយគន់​បែប​នេះ​សោះ​ ។ ​ខ្យល់​ជំនោ​បក់​បោកផ្ទៃ​ទឹកសមុទ្រ​ខៀវស្រងាត់​ទេសភាព​ដី​កោះ និងដី​ឆ្នេរ​ខ្សាច់​សក្បុសគ្មាន​ពីរ ​ដែល​​ទាក់ទាញ​អារ​ម្ម​ណ៏​ពួក​គាត់​ឱ្យ​​ស្លុង​ក្នុង​ពិភព​ធម្មជាតិដ៏​ខៀវ​ស្រ​ងាត់​​នេះ ។​​

ក្នុង​នាម​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ​​ សុំឱ្យ​អាជ្ញាធរ​​ក្រុង​​ព្រះ​សីហ​នុ បើក​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ណ៏​ចូល​មក​កម្សាន្ត​​ជា​រៀង​រហូត ព្រោះថា​នៅ​មានកូន​ខ្មែរ​ច្រើន​ណាស់​ដែល​ពុំ​ទាន់​បាន​​ទស្សនា​​សម្រស់​ធម្មជាតិ​​លើ​ស្ពាន​តេ​ជោ​មរកត​នេះ ។ ម្យ៉ាង​ទៀត ការ​បើកឱ្យ​​ចូល​ទស្សនា​ស្ពាន​នេះ ​​ជា​ការ​បង្ហាញ​អំពី​សក្តានុពល​ទេសច​ណ៏​ដ៏​ពិសិដ្ឋ​របស់​ខេត្ត​ព្រះ​សីហ​នុ នៅ​លើ​ឆាក​អន្តជាតិ ដែល​ពួក​គេ​នឹក​ស្ពាន​មិន​ដល់ ថា ​កម្ពុជា​មាន​ស​ម្ប​ត្តិធម្មជាតិ ទេសភាព​ល្អ​ឥត​ខ្ចោះ​ទាំង​លើ​ដីគោក លើ​ផ្ទៃ​ទឹក និង​ក្នុង​ផ្ទៃ​ទឹក បែប​នេះ​សោះ ​៕