ចៅអធិការ​វត្ត​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ បណ្តេញ​ព្រះសង្ឃ​គាំទ្រ Ldp ១៣ អង្គ​ចេញពី​វត្ត

​ដោយសារតែ​មិន​ព្រមស្តាប់​ការ​ទូន្មាន​របស់ខ្លួន ព្រះគ្រូ​ចៅអធិការ​វត្ត ជ្រៃ​ហូរ​ព្នៅ ស្ថិតនៅ​ឃុំ​វាល ស្រុក គង​ពីសី ខេត្តកំពង់ស្ពឺ សម្រេច​ព្រះទ័យ​បណ្តេញ​ព្រះសង្ឃ ១៣ អង្គ ចេញពី​វត្ត​អារាម កាលពី​ថ្ងៃទី​៧ កុម្ភៈ​។ ប៉ុន្តែ ព្រះសង្ឃ​ទាំង​១៣​អង្គ មិន​ព្រម​ចាកចេញ​ជាដាច់ខាត ហើយ​ថែមទាំង​រួមគ្នា តវ៉ា​ឲ្យ​មានការ​ផ្តាស់​ប្តូ​ចៅអធិការ​ទៀតផង​។​

​គ្រាន់តែ​លេចឮ​ការបណ្តេញ​ព្រះសង្ឃ​ជា​កូន​ម្ចាស់​ស្រុក​ទាំង ១៣​អង្គ ចេញពី​វត្ត​ភ្លាម ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មួយចំនួន បាន​ជួបជុំគ្នា ដើម្បី​សួររក​ហេតុផល និង​ធ្វើ​អន្តរាគមន៍​។ រហូតមកដល់​ពេលនេះ អធិករណ៍​ក្នុង​វត្ត​ជ្រៃ​ហូរ​ព្នៅ មិនទាន់​ស្ងប់រំងាប់នៅ​ឡើយទេ ដោយសារតែ​បរិស័ទ​ភាគច្រើន​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​ព្រះគ្រូ​ចៅអធិការ ខណៈដែល​អាចារ្យ​និង​គណៈកម្មការ បាន​គាំទ្រ​ការបណ្តេញ​នេះ​។ នេះ​បើតាម​សង្ឃដីកា របស់​ព្រះ​តេជគុណ កើត ផល ជា​ជនរងគ្រោះ​មួយអង្គ​ក្នុងចំណោម​១៣ អង្គ ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាពេល​ព្រឹក​ថ្ងៃទី​៨ កុម្ភៈ​។​

​ព្រះ​ភិក្ខុ កើត ផល បាន​បន្ថែមថា មូលហេតុ​ធំៗ​ពីរ ដែល​ធ្វើ​ឲ្យ​ព្រះគ្រូ​ចៅអធិការ ព្រះនាម ប៊ូ ពុ​ទ្ធី​ណា បណ្តេញ​ព្រះសង្ឃ​ចេញពី​វត្ត គឺ​ដោយសារតែ​ព្រះសង្ឃ​ទាំង​១៣​នោះ មិន​ព្រមស្តាប់​តាម​ការណែនាំ ហើយ​ថែមទាំង​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ព្រះគ្រូ​ចៅអធិការ​មិន​ពេញចិត្ត​។ ព្រះអង្គ​បានបញ្ជាក់​បែបនេះ​ថា​៖«​គ្រូ​ចៅអធិការ​ហ្នឹង ថា​ពួក​អាត្មា​មិន​ស្តាប់​តាម​គេ ទើប​គេ​ដេញចេញ ហើយ​រឿង​គាំទ្រ​LDP ក៏​ជា​មូលហេតុ​មួយ​ដែរ​»​។​

​ព្រះ​ភិក្ខុ​អង្គ​នេះ​បាន បន្តថា ព្រះសង្ឃ​ជា​ម្ចាស់​ស្រុក ព្រមទាំង​បរិស័ទ​ខ្លះ មិន​ពេញ​ចិត្តនឹង​ព្រះគ្រូ​ចៅអធិការ​អង្គ​នេះឡើយ ដូច្នេះហើយ ទើប​ព្រះសង្ឃ​ទាំង​១៣​អង្គ ដែល​គាំទ្រ LDP តែងតែ​មិន​និមន្ត​ទៅ​ឆាន់ចង្ហាន់​ជា​រៀលរាល់​ថ្ងៃសីល ហើយ​ព្រមទាំង​មិន​និមន្ត​ទៅ​នមស្សការ​ព្រះ​ផងដែរ​។ ព្រះអង្គ​ថា ចំណុច​ទាំងនេះ​បានធ្វើ​ឲ្យ​ព្រះគ្រូ​ចៅអធិការ ក្តៅ​ព្រះទ័យ​យ៉ាងខ្លាំង រហូត​ទ្រាំ​មិនបាន ក៏​សម្រេច​បណ្តេញ​ព្រះសង្ឃ​ទាំងនោះ​ចេញពី​វត្ត​តែម្តង​។

​ប៉ុន្តែ ព្រះសង្ឃ​ទាំង​១៣ នោះ បាន​ប្តេជ្ញាចិត្ត មិន​ព្រម​ចេញពី​វត្ត​កំណើត​របស់ខ្លួន​ជាដាច់ខាត​។ មិន​ត្រឹមតែ​មិន​ចេញ​នោះទេ តែ​ព្រះសង្ឃ​ទាំង​១៣​អង្គ បានទាមទារ​ឲ្យ​ផ្លាស់ប្តូរ​គ្រូ​ចៅអធិការ​ទៀតផង​។ នេះ​ជា​ការបញ្ជាក់រ​របស់​ព្រះ​ភិក្ខុ កើត ផល ហើយ​បន្ទាប់មក ព្រះអង្គ​ក៏បាន​ប្រាប់ថា ព្រះគ្រូ​ចៅអធិការ អង្គ​នោះ ទើបតែ​និមន្ត​មកពី​វត្ត​ផ្សេង ហើយក៏​ត្រូវបានតែងតាំង​ពី​មន្ទីរ​ធម្មការ​ខេត្ត ដោយមាន​ការគាំទ្រ​ពី​អាចារ្យ​និង​គណៈកម្មការ​វត្ត ខណៈដែល​ព្រះសង្ឃ​ជា​កូន​ម្ចាស់​ស្រុក និង​បរិស័ទ​ខ្លះ មិន​ពេញចិត្ត​សោះឡើយ​។

​ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​អត្ថាធិប្បាយ ពី​ព្រះគ្រូ​ចៅអធិការ ព្រះនាម ប៊ូ ពុ​ទ្ធី​ណា បានទេ ដោយសារតែ​ព្រះអង្គ​ទទួល​ទូរ​សព្ទ​ដែរ តែ​មិន​ព្រម​មាន​សង្ឃដីកា ពន្យល់​ឬ​បកស្រាយ​អ្វី​ច្រើន​ឡើយ​។ ព្រះអង្គ​បានត្រឹមតែ​បញ្ជាក់​យ៉ាងនេះ​ថា​៖ «​បើ​ចង់បាន​ព័ត៌មាន ត្រូវ​មកដល់​វត្ត​អាត្មា​មក​»​។​

​យ៉ាងណាក្តី​នៅ​ព្រឹក​ថ្ងៃទី​៨ កុម្ភៈ នេះ ព្រះសង្ឃ រួមទាំង​អាចារ្យ គណៈកម្មការ​វត្ត បាន​បើក​កិច្ចប្រជុំ ជុំវិញ​អធិករណ៍​នេះ​។ ក្នុង​កិច្ចប្រជុំ​នេះ ព្រះសង្ឃ​ដែល​ត្រូវបាន​បណ្តេញ បានស្នើ​ឲ្យ​ដក​ព្រះគ្រូ​ចៅអធិការ​បច្ចុប្បន្ន​ចេញ ហើយ​តែងតាំង​ព្រះគ្រូ​ចៅអធិការ​ថ្មី ដែលជា​កូន​ម្ចាស់​ស្រុក​។ ក៏ប៉ុន្តែ លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​មិនទាន់​សម្រេច​ថា​យ៉ាងណា​នោះទេ​។

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​