សាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួនអតីត អ្នកបើករថយន្ត កាពីតូល២នាក់ ដាក់ពន្ធាគារព្រៃស ជាបណ្តោះអាសន្ន

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃចន្ទទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានសម្រេចឃុំខ្លួន អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូល ដាក់ពន្ធាគារបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ ប្រឆាំងអាជ្ញាធរសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិបទអំពើឧក្រិដ្ឋ។

លោក គង់ អាទិត្យ មន្ត្រីសហជីព របស់ស៊ីកាឌូ ដែលត្រូវព្រះរាជអាជ្ញា ចេញដីការចោទប្រកាន់ ដែរនោះ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាច ម៉ោង៥និង១៥នាទី ថ្ងៃចន្ទនេះថា អតីតអ្នកបើករថយន្តពីររូបខាងលើ ត្រូវបានចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគារព្រៃស។

លោក គង់ អាទិត្យ បានបន្តថា «ការសម្រេចឃុំខ្លួននេះ គឺអយុត្តិធម៌សម្រាប់អ្នកទាំងពីរខាងលើ នេះណាស់ដោយគ្រាន់តែតវ៉ា  ដោយមិនបានប្រើអំពើហិង្សា ក្នុងការតវ៉ា ក្រុមហ៊ុនរថយន្ត កាពីតូល កាលពីថ្ងៃសៅរ៍ កន្លងទៅ ដែលបណ្តាលឲ្យ មានផ្ទុះអំពើហិង្សា នោះឡើយ»៕

ប្រវត្តិរឿង៖ មនុស្សពីរនាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីសើុបសួរពាក់ព័ន្ធ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។

បើតាមមន្ត្រីតុលាការបានអោយដឹងថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងស្ថិតក្រោមការសាកសួរ របស់លោកព្រះរាជអាជ្ញារង ស្រី ម៉ាលីន ស្របពេលជាមួយគ្នា នេះក្រុមអ្នកតវ៉ាដែលជាអតីត អ្នកបើកបររថយន្តក្រុង កាពីតូល បានឈរលើកបដាទាមទារ ឲ្យមានការដោះលែងមនុស្សទាំងពីរនាក់នេះ ។

របាយការណ៍របស់សមត្ថកិច្ច នគរបាលខណ្ឌ៧មករា បង្ហាញថា មនុស្សទាំងពីរនាក់នេះឈ្មោះ ណន វណ្ណា អាយុ៣៨ឆ្នាំ មុខរបរជាអតីតអ្នកបើកបររថយន្ត ក្រុងកាពីតូល មានទីលំនៅផ្ទុះជួល ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង ឈ្មោះ រស់ ស៊ីផៃ អាយុ៣៣ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅផ្ទុះលេខ៥៨០ ផ្លូវឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ឆែល វណ្ណណេង អាយុ២៣ឆ្នាំ ជានគរបាលប៉ុស្តិ៍វាលវង់ និង ឈ្មោះ អ៊ូ ពៅ អាយុ៤២ឆ្នាំ ជាអធិការរងនគរបាលខណ្ឌ៧មករា ។

អធិការរងនគរបាលខណ្ឌមករា លោក អ៊ូ ពៅ បានរៀបរាប់ក្នុងពាក្យបណ្ដឹង ថា កាលវេលាម៉ោង៧ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ខ្លួនត្រូវបានអង្គភាពចាត់តាំង ឲ្យការពារក្រុមបាតុករជាមួយ ក្រុមហ៊ុនកាពីតូល ជាមួយកម្លាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌ៧មករា ស្រាប់តែពេលនោះ ក្រុមបាតុករ ក្រុមរ៉ឺម៉កកង់បី និង ក្រុមរត់ម៉ូតូឌុបមួយក្រុមទៀត ប្រតាយប្រតប់ប៉ះទង្គិចគ្នា ជាមួយសមត្ថកិច្ចផ្សេងទៀត ខ្លួនក៏ចូលជួយអន្តរាគមន៍ ក៏ត្រូវក្រុមបាតុករគប់ដុំថ្ម បណ្តាលឲ្យរបួស ភ្នែកខាងឆ្វេង ។

ចំណែកនគរបាលប៉ុស្តិ៍វាលវង់ លោក ឆែល វណ្ណណេង ត្រូវបានក្រុមបាតុករគប់ដុំថ្ម បណ្តាលឲ្យរបួសបែកមាត់ និង រង្គើធ្មេញ៤ ព្រមទាំងបាត់ទូរស័ព្ទ IPhone 6 មួយគ្រឿង ។ ទោះបីយ៉ាងណា នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ បានបដិសេធថា ខ្លួនពុំបានប្រព្រឹត្តហិង្សា លើសមត្ថកិច្ចដូចការចោទប្រកាន់ នោះទេ ៕