តួ​ក​គី​បង្ហាញ​ចិត្តសប្បុរស​ត្រៀម​បើក​ព្រំដែន​ទទួល​ជនភៀសខ្លួន​ស៊ី​រី​

​ប្រទេស​តួ​ក​គី​នឹង​បើកទ្វារ​ព្រំដែន​របស់ខ្លួន​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី​ដែល​បាន​រត់គេច​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង Aleppo រវាង​ក្រុម​ឧទ្ទាម​និង​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ដែល​គាំទ្រ​ដោយ​រុស្សី​។ ជន​ភៀស​រាប់ពាន់នាក់​ដែល​ភាគច្រើន​ជា​ក្មេងៗ​និង​មនុស្ស​ចំណាស់​បាន​រត់​ភៀសខ្លួន​និង​កំពុងតែ​ជាប់គាំង​នៅ​ព្រំដែន​រវាង​តួ​ក​គី​និង​ស៊ី​រី ដើម្បី​រង់ចាំ​ជំនួយ​និង​ភៀស​ចូល​ទឹកដី​តួ​ក​គី​។​

​រដ្ឋាភិបាល​តួ​ក​គី​និយាយថា​ខ្លួន​នឹងមិន​បោះបង់​ជនភៀសខ្លួន​ស៊ី​រី​ដែល​បាន​រត់គេច​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​ធំ​ទី​២ របស់​ស៊ី​រី រវាង​កងកម្លាំង​ក្រុម​ឧទ្ទាម​ប្រឆាំង​និង​កងទ័ព​រដ្ឋាភិបាលរ​បស់​ប្រធានាធិបតី អាសាដ ដែលមាន​ការគាំទ្រ​ពី​រុស្សី​។ ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង Aleppo បាន​បង្ខំ​ឲ្យ​ប្រជាជន​ស៊ី​រី​រាប់ពាន់នាក់​រត់គេចខ្លួន​ទៅកាន់​ព្រំដែន​ជាមួយ​តួ​ក​គី​ក្នុង​គោលបំណង​គេច​ពី​ការប្រយុទ្ធ​និង​ស្វែងរក​ចំណីអាហារ​។​

​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan ក៏បាន​បញ្ជាក់​ពី​បំណង​បើក​ព្រំដែន ទទួលយក​ជនភៀសខ្លួន​ទាំងនោះ ដ្បិត​ពួកគេ​មិនមាន​ជម្រើស​អ្វី​ទេ ក្រៅពី​រត់​ភៀសខ្លួន​ពី​ការប្រយុទ្ធ​គ្នា​នោះ ខណៈ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​កំពុង​វាយ​សម្រុក​យ៉ាងខ្លាំង​ចូល​ទីក្រុង Aleppo​។ បើតាម​សារព័ត៌មាន Al Jazeera លោក Erdogan និយាយថា តួ​ក​គី​ត្រៀមខ្លួន​រួចរាល់ បើក​ព្រំដែន​ដើម្បី​ទទួល​ជនភៀសខ្លួន​ស៊ី​រី​។

​យ៉ាងណាក្ដី ច្រក​ឆ្លងកាត់​ព្រំដែន Oncupinar ដែល​នៅ​ខាង​តួ​ក​គី​ជាមួយនឹង​ស៊ី​រី​នៅតែ​បន្ត​បិទ​នៅឡើយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ប៉ុន្តែ មន្ត្រី​តួ​ក​គី​អះអាងថា​ច្រក​ឆ្លងកាត់​នេះ​នឹង​បើក បើ​មាន​ករណី​បន្ទាន់​ណាមួយ​កើតឡើង ស្រប​ពេលដែល​ជនភៀសខ្លួន​ស៊ី​រី​រាប់ពាន់​បាន​ឈប់​ត្រៀបត្រា​នៅ​ទីនោះ​អស់បី​ថ្ងៃ​មកហើយ​ក្ដី​។ 

​សូម​បញ្ជាក់ដែរថា ជម្លោះ​ក្នុង​ប្រ​ទេ​ស៊ី​រី កាន់តែ​ផុង​ជ្រៅ​រក​ដំណោះស្រាយ​មិនឃើញ ខណៈ​ជនភៀសខ្លួន​រាប់លាន​នាក់​បាន​ចាក​ចេញពី​ប្រទេស​ទៅ​រស់នៅ​ប្រទេសជិតខាង និង​រាប់ម៉ឺន​ទៀតរ​ត់ដល់​ទ្វីបអឺរ៉ុប​។ កងកម្លាំង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី អាសាដ ក៏បាន​បើក​ការវាយលុក​ទៅលើ​ទីតាំង​ជាច្រើន​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង ដោយមាន​ការគាំទ្រ​ពី​សំណាក់​កងកម្លាំង​ស៊ី​រី​។

​ក្រៅពីនោះ ការ​វាយ​ប្រយុទ្ធ​នេះ​ក៏បាន​ធ្វើ​ឲ្យ​ប្រជាជន​ស៊ី​រី​រាប់សិប​ពាន់​នាក់​ជាប់ផុង​ជាប់​ព្រោះ​ការប្រយុទ្ធ​គ្នា និង​ប្រឈម​កង្វះ​ស្បៀងអាហារ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការ​ផ្គត់​ផ្គង​ជំនួយ​មនុស្សធម៌​មិនអាច​ចូលទៅ​កាន់​តំបន់​ទាំង​នោះបាន​។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​ត្រូវ​រត់​ទៅកាន់​ទឹកដី​តួ​ក​គី​ដើម្បី​រស់រានមានជីវិត​ឬក៏​ប្រថុយ​ជីវិត​ផ្សងព្រេង​ទៅកាន់​ទ្វីបអឺរ៉ុប​៕ 

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​