ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តស្វាយរៀង​៖​បុរស​វ​យ័​៤៦​ឆ្នាំ​ជា​សន្តិសុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ត្រូវ​ក្រុម​ជនពាល​ក្បាល​ត្រងោល ៥​នាក់​ស្ទាក់​វាយ​ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ជាតិ​លេខ​១​ត្រង់​ចំណុច​ទល់មុខ​ឡឥដ្ឋ​ខាងកើត​ស្ពាន​បូម​ចម្ងាយ​៣០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង កាលពី​វេលា​ម៉ោង​០៩:០០​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​រង​របួស​បែក​ចិញ្ចើម​និង​បែកក្បាល​ពីក្រោយ​ធ្ងន់ធ្ងរ​និង​របួស​កំភួន​ដៃស្តាំ ខ្នងដៃ​ស្តាំ​ហើម​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង រហូត​មក​ដល់​ថ្ងៃ​ទី​៨​កុម្ភៈ​នេះ​ពុំ​ទាន់​ដឹងខ្លួន​នៅឡើយ​។

ជន​រង​គ្រោះ​ឈ្មោះ​នេ​ត ចក់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប បើ​តាម​ឈ្មោះ ប្រាក់ សា​រុំ និង​ប្រពន្ធ​ឈ្មោះ ហាស់ អុ​ន នៅ​ភូមិ​ក្បាលថ្នល់​បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ជប់លៀង​ការកូន​មិត្តភក្តិ​នៅ​ផ្សារ​ជី​ភូ បានឃើញ​ក្រុម​ជនពាល​មាន​គ្នា​បួន​ប្រាំ​នាក់​ក្បាល​ត្រងោល​ប្រកបដោយ​ព្រនង់​គ្រប់​ដៃ​ឈរ​លើ​ថ្នល់ជាតិ​លេខ​១​ព​ទ្ធ័​វាយ​ជន​រង​គ្រោះ​ដួល​សន្លប់​លើ​ថ្នល់ជាតិ​ឃើញ​ដូច្នោះ​មិន​ហ៊ាន​ឈប់​ម៉ូតូ​មើល​ទេ​ក៏​បន្ថែម​ល្បឿន​ទៅ​មុខ​ទៀត​ទាំង​ព្រលឹង​ចុង​សក់​។

បន្ទាប់​មក​ក្រុម​បុគ្គលិក​សន្តិសុខ​សាន​តុង​២​នាក់​ជាមួយ​គ្នា​ជិះ​ម៉ូតូ​តាម​ក្រោយ​បានឃើញ​ក៏​ចុះ​ជួយ​ក៏​ប៉ុន្តែ​ពួក​ជនពាល​បាន​រត់គេច​ខ្លួន​បាត់​អស់ហើយ​បាន​យក​អាយ​កូ​ម​១​គ្រឿង​និង​ខ្នោះដៃ​១​គ្រឿង​របស់​ជន​រង​គ្រោះ​ទៅ​បាត់​បន្សល់​ទុក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​តែម​ឆេះ​សេ​១០០​ពណ៌​ព្រីង​ទុំ​មិន​យក​ទេ​។ បន្ទាប់​មក​ពួក​សន្តិសុខ​ក៏​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​រហូត​មក​ដល់​វេលា​ម៉ោង​១:០០​រសៀល ថ្ងៃ​ទី​៨​កុម្ភៈ​នេះ​ជន​រង​គ្រោះ​មិន​ទាន់​ដឹងខ្លួន​ឡើយ​។

ករណី​ក្រុម​ជនពាល​ស្ទាក់​វាយ​សន្តិសុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង​នេះ​សមត្ថកិច្ច​មិន​ទាន់​ស្រាវជ្រាវ​រក​ឃើញ​ជន​ដៃដល់​ទេ​ដោយ​ជំហាន​ដំបូង​សមត្ថកិច្ច​ស​ង្ស​យ័​ថា​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ប៉ុន្តែ​ប្រភព​ពី​អ្នកស្រុក​និយាយ​ថា​មាន​ក្រុម​ជនពាល​មក​ស្ទាក់​ហៅ​ឲ្យ​ម៉ូតូ​ឈប់​ពេល​ជន​រង​គ្រោះ​ឈប់​ម៉ូតូ​ពួក​ជនពាល​ក៏​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​សន្លប់​នៅ​ក្បែ​ម៉ូតូ​បន្ទាប់​មក​មាន​រថយន្ត​និង​អ្នកដំណើរ​ជិះ​ម៉ូតូ​មក​ពួក​ជនពាល​ក៏​នាំ​គ្នា​គេចខ្លួន​ហើយ​ស​ង្ស​យ័​ថា​ជា​មនុស្ស​រស់នៅ​ក្នុងភូមិ​កើតហេតុ​នោះ​ដោយ​ពួក​គេ​ដើរ​ថ្មើរជើង ហើយ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ចូល​ក្នុងភូមិ​កើតហេតុ នៅ​យប់​ថ្ងៃ​ទី​៥​កុម្ភៈ​ក៏​មាន​ជនពាល​ជិះ​ម៉ូតូ​ដេញ​កាប់​អ្នក​ដើរ​តាម​ដងផ្លូវ​ឲ្យ​រង​របួសធ្ងន់​២​នាក់​និង​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ខ្លួន​បាន​៣​នាក់​ផង​ដែរ​។ ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជន​ដៃដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន​៕