តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ​ឃុំ​ប្រមេរ​បរាជ័យ​ក្នុង​ការ​ស្វែងរក​ជួប​អភិបាល​ខេត្ត​ព្រះវិហារ

តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​នាំ​គ្នា​ស្កាត់​រក​ជួប​អភិបាល​ខេត្ត​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កុម្ភៈ ដើម្បី​សួរ​បញ្ជាក់​ថា តើ​អាជ្ញាធរ​ខេត្ត​នេះ​ពិត​ជា​អាច​ដោះស្រាយ​បញ្ហា​ព្រំ​ប្រទល់​របស់​ស្រុក​ឆែប ដែល​បាន​បោះ​បង្គោល​ចូល​មក​ក្នុង​ដែនដី​នៃ​ស្រុក​ត្បែងមានជ័យ ជម្រៅ​ប្រហែល ២​គីឡូម៉ែត្រ ទៅ​តាម​ការ​ដែល​ធ្លាប់​សន្យា​បាន​ដែរ ឬ​ក៏​អត់?

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា កន្លង​ទៅ ក្នុង​ពេល​ដែល​សហគមន៍​ទំនាស់​ដីធ្លី​ជាច្រើន​ប្រមូល​ផ្ដុំ​គ្នា ទៅ​ដេក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ គឺ​អភិបាល​ខេត្ត ព្រម​ទាំង​មន្ត្រី​ក្រុមប្រឹក្សា​នៃ​ខេត្ត​ព្រះវិហារ ផង បាន​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​ថា នឹង​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ជាមួយ​នឹង​ក្រុមហ៊ុន​ចិន ឡាន ហ្វេង (Lan Feng) និង រួយ ហ្វេង (Ruoy Feng) ព្រម​ទាំង​កំណត់​ព្រំ​ប្រទល់​រវាង​ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ឲ្យ​បាន​ច្បាស់លាស់​ផង។

តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​កួយ ចំនួន ៦​នាក់​មក​ពី​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​ខក​ចិត្ត ដោយសារ​តែ​ខំ​ធ្វើ​ដំណើរ​មក​ជួប​អភិបាល​ខេត្ត​ព្រះវិហារ ប៉ុន្តែ​បែរ​ជា​សាលា​ខេត្ត​បិទ​ទ្វារ​គ្មាន​មន្ត្រី​ធ្វើ​ការ ដោយ​មន្ត្រី​សំខាន់ៗ​ទៅ​ចូល​ឆ្នាំ​ចិន អស់​ទៅ​ហើយ​នោះ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ម្នាក់​ក្នុង​ចំណោម ៥​នាក់​ផ្សេង​ទៀត គឺ​លោកស្រី រឿង ខាន់។ លោកស្រី​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កុម្ភៈ ថា កាល​ពី​វេលា​ម៉ោង ២​រសៀល​ថ្ងៃ​ដដែល លោកស្រី និង​តំណាង ៥​នាក់​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ភូមិ​ទៅ​រក​ជួប​អភិបាល​ខេត្ត​ព្រះវិហារ ក៏ប៉ុន្តែ​នៅ​ពេល​មក​ដល់​មិន​បាន​ជួប​អភិបាល​ខេត្ត​ទេ ដោយសារ​តែ​អភិបាល​ខេត្ត​មិន​នៅ ហើយ​មន្ត្រី​ប្រាប់​ថា គាត់​ទៅ​ចូលរួម​បុណ្យ​ចូល​ឆ្នាំ​ចិន។ លោកស្រី រឿង ខាន់ បញ្ជាក់​ថា លោកស្រី​ក៏ដូចជា​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ចង់​ជួប​អភិបាល​ខេត្ត​ព្រះវិហារ ដើម្បី​សួរ​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​អាជ្ញាធរ​ខេត្ត​អាច​ដោះស្រាយ​បញ្ហា​ព្រំ​ប្រទល់​ដែល​ស្រុក​ឆែប បោះ​ចូល​មក​ក្នុង​ដី​ស្រុក​ត្បែងមានជ័យ ជាង ២​គីឡូម៉ែត្រ​នោះ​បាន ឬ​ក៏​មិន​បាន?

ការ​សួរ​បញ្ជាក់​បែប​នេះ ដោយសារ​តែ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា កន្លង​ទៅ អភិបាល​ខេត្ត​ព្រះវិហារ លោក អុំ ម៉ារ៉ា ព្រម​ទាំង​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ ផង ធ្លាប់​បាន​ផ្ដិត​មេដៃ​ដោះស្រាយ​រឿង​នេះ ព្រម​ទាំង​សន្យា​ពិនិត្យ​មើល​លើ​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ឃុំ​ប្រមេរ ដើម្បី​បញ្ចប់​ទំនាស់​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ឡាន ហ្វេង និង រួយ ហ្វេង ផង៖ «ពួក​ខ្ញុំ​ទៅ​ឲ្យ​អភិបាល​ខេត្ត​បញ្ជាក់​ថា ឲ្យ​ព្រំ​ប្រទល់​មក​ស្រុក​ត្បែងមានជ័យ វិញ​ឬ​ក៏​មិន​ឲ្យ? បើ​សិន​ជា​អភិបាល​ខេត្ត​មិន​ឲ្យ​ទេ ចារ​ជា​លាយលក្ខណ៍​អក្សរ​មក​ឲ្យ​ពួក​ខ្ញុំ​មក»

ការ​លើក​គ្នា​ទៅ​ស្វែងរក​ជួប​អភិបាល​ខេត្ត​ព្រះវិហារ នេះ គឺ​បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ក្រុម​មន្ត្រី​ខេត្ត​បាន​កោះ​ហៅ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ឃុំ​ប្រមេរ ទៅ​រួម​ប្រជុំ ហើយ​ប្រាប់​ថា គេ​មិន​អាច​រំកិល​ព្រំ​ប្រទល់​ដី​ស្រុក​ឆែប ទៅ​តាម​ការ​ទាមទារ​នោះ​បាន​ទេ ពីព្រោះ​មាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆែប ជំទាស់។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ឃុំ​ប្រមេរ ឲ្យ​ដឹង​ថា ការ​ដែល​មិន​ព្រម​រំកិល​ព្រំ​ប្រទល់​នៃ​ស្រុក​ឆែប ឲ្យ​ត្រឹមត្រូវ គឺ​ជា​បញ្ហា​ដែល​នៅ​តែ​រារាំង​មិន​ឲ្យ​ពួក​គេ​ឈាន​ទៅ​រក​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​បាន​ទេ។

ទោះ​យ៉ាង​ណា នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​៨ កុម្ភៈ អភិបាល​រង​ខេត្ត​ព្រះវិហារ ដែល​ធ្លាប់​តែ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី លោក ស៊ូ សេរី បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​អ្វី​វែង​ឆ្ងាយ​ឡើយ ដោយ​លោក​ប្រាប់​ថា សាលា​ខេត្ត​ព្រះវិហារ បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ដោះស្រាយ​រឿង​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​នោះ៖ «រដ្ឋបាល​ខេត្ត​យើង​បង្កើត​ក្រុម​ការងារ​ថ្មី​មួយ ដើម្បី​ចុះ​ផ្ទាល់ ហើយ​ខ្ញុំ​មិន​មែន​ជា​សមាជិក​ក្នុង​នោះ​ទេ។ ដូច្នេះ​សូម​ទាក់ទង​ទៅ​ខាង​រដ្ឋបាល»

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ យល់​ថា បញ្ហា​ដែល​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ កំពុង​ទាមទារ​តវ៉ា​នេះ គួរ​តែ​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ស្រុក​ជាដើម ព្យាយាម​ដោះស្រាយ មិន​ត្រូវ​គេចវេះ ហើយ​ជំរុញ​បញ្ហា​នេះ​ទុក​ឲ្យ​តែ​ថ្នាក់​លើ​ដោះស្រាយ​ដូច្នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។