ទូក​ដឹក​អ្នក​ដំណើរ​នៅ​ខេត្ត​ព្រះសីហនុ​១​គ្រឿង​ជួប​គ្រោះ​ថ្នាក់​លិច​ក្នុង​សមុទ្រ

ភ្ញៀវ​ទេសចរ​បរទេស​ជិះ​ទូក​ខ្នាត​តូច​មួយ​គ្រឿង តាម​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ជួយ​សង្គ្រោះ​ភ្លាមៗ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​លិច​ទូក​ក្នុង​សមុទ្រ នៅ​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ។

ស្នងការ​ខេត្ត​ព្រះ​សីហនុ លោក ជួន ណារិន្ទ ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​ជិះ​ទូក​នោះ ជា​ជនជាតិ​វៀតណាម មាន​គ្នា​៦​នាក់ ស្រី​៤នាក់ ក្នុង​នោះមាន​ក្មេង​ស្រី​២​នាក់ និង​ប្រុស​២​នាក់ រួម​នឹង​អ្នក​បើកបរ​ជនជាតិ​ខ្មែរ​២​នាក់​ទៀត សរុប​៨​នាក់៖ «យើង​បាន​បិទ​ការ​ឆ្លង​តាំង​ពី​ម្សិល​មិញ តែ​គាត់​(អ្នកទេសចរ​ជនជាតិ​វៀតណាម) ព្រឹក​ឡើង​ទៅ​ជួល​អូប័រ​ធុន​ចំណុះ​២០​នាក់ ជា​លក្ខណៈ​ឯកជន ៦​នាក់​គ្នា​គាត់ ទៅ​កោះរ៉ុង នៅ​ព្រឹក​ម៉ោង​ជាង​៧។ ពួកគាត់​ធ្វើ​ដំណើរ​នៅ​សល់​ជាង​២០​គីឡូ​ម៉ែត្រ ក៏​លិច​ទៅ ដោយ​សារ​ខ្យល់​ធំ​បោក​ខ្ទប់​ជាន់​ៗ​គ្នា ហើយ​ចេះ​បាន​ទូក​ឈើ​ដឹក​ទំនិញ​ឃើញ​ទាន់ ព្យាយាម​ជួយ​សង្គ្រោះ»។

លោក ជួន ណារិន្ទ បញ្ជាក់​ថា ការ​ដែល​អាច​ជួយ​សង្គ្រោះ​បាន​ភ្លាម​ៗនេះ ដោយ​សារ​មាន​ទូក​ឈើ​​ដឹក​ទំនិញ​នៅ​ក្បែរ​ទូក​ដែល​លិច​នោះ ហើយ​អ្នក​ធ្វើ​ដំណើរ​ ក៏​មាន​ពាក់​អាវ​ពោង​ជាប់​ខ្លួន​ដែរ ។ លោកបញ្ជាក់ថា អាជ្ញាធរ​បាន​ផ្អាក​ការ​ធ្វើ​ដំណើរតាមទូក​ឆ្លង​ទៅ​កោះរ៉ុងជាបណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ មក បន្ទាប់​ពី​មាន​ខ្យល់បក់​​ខ្លាំង និង​រលក​ធំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។