បុរសស្រ្តីជនជាតិចិន-វៀតណាម ៥នាក់ ត្រូវបានបញ្ជូនមកតុលាការ ពាក់ព័ន្ធគ្រឿងញៀន ជាច្រើនគីឡូក្រាម

ភ្នំពេញ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ និងបុរសជនជាតិចិន ៣នាក់ ត្រូវបាននគរបាលប្រឆំាង បទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជូនមកកាន់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បន្ទាប់ពីរកឃើញថា ពួកគេជាប់ពាក់ព័ន្ធ នឹងករណីជួញដូរគ្រឿងញៀន ជិតមួយគីឡូក្រាម។

តាមតាមមន្រ្តីតុលាការបានឲ្យដឹងថា បុរសជនជាតិចិន ៣នាក់ និង ស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបន្តបន្ទាប់ នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុច សណ្ឋាគារសុខាភ្នំពេញ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ការឃាត់ខ្លួននេះ គឺធ្វើឡើងបន្ទាប់ពី បុគ្គលិកសណ្ឋាគារសុខា រាយការណ៍កម្លាំងនគរបាល ភ្លាមៗនោះ លោក ប៊ន សំអាត ស្នងការរង នគរបាលរាជធានីភ្នំពេញ ទទួលផែនគ្រឿងញៀន បានដឹកនាំកម្លាំង នគរបាលជំនាញ និងនគរបាលមូលដ្ឋាន ក្រោមការសម្របសម្រួល ពីស្ថាប័នតុលាការផងនោះ សមត្ថកិច្ចបានចុះទៅឆែកឆេរបន្ទប់ នៃសណ្ឋាគារសុខា ភ្នំពេញ រហូតចាប់បានជនសង្ស័យ៤នាក់ មានបុរសជនជាតិចិន ៣នាក់ និងស្ត្រីម្នាក់ជាជនជាតិវៀតណាម។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ជិតមួយគីឡូក្រាម ជាមួយគ្នានេះ សមត្ថកិច្ច បានបន្តឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ទៀត ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ប្រមាណ ៣គីឡូក្រាម។ កម្លាំងនគរបាល បានបំបែកសំណុំរឿងជាពីរ ពោលគឺ បុរសជនជាតិចិន ៣នាក់ និង ស្ត្រីជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជិតមួយគីឡូក្រាម និងបុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជិត ៣គីឡូក្រាម បញ្ជូនមកតុលាការដើម្បីចាត់ការតាមច្បាប់៕

បុរសស្រ្តីជនជាតិចិន-វៀតណាម ៥នាក់ ត្រូវបានបញ្ជូនមកតុលាការ ពាក់ព័ន្ធគ្រឿងញៀន ជាច្រើនគីឡូក្រាម

បុរសស្រ្តីជនជាតិចិន-វៀតណាម ៥នាក់ ត្រូវបានបញ្ជូនមកតុលាការ ពាក់ព័ន្ធគ្រឿងញៀន ជាច្រើនគីឡូក្រាម