ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ខេត្តបាត់ដំបង ៖ បុរស​ចំណាស់​ម្នាក់​រង​របួស​គ្រេចជើង​ទាំង​សងខាង​ធ្ងន់ធ្ងរ បាន​អ្នក​ជិតខាង​ឃើញ​គ្រាហ៍​យក​មក​ដាក់​ក្នុងផ្ទះ​រួច​ទូរស័ព្ទ​ហៅ​ក្រុម​គ្រួសារ​ឱ្យ​ដឹក​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ខណៈ​ដែល​បុរស​រង​គ្រោះ​ស៊ីឈ្នួល​ដេកចាំ​យាម​រោង​ឡ​ធ្វើ​ឥដ្ឋ​ឱ្យ​ថៅកែ​ម្នាក់ លុះ​ដេក​យល់សប្តិ​ឃើញ​មាន​មនុស្ស​មាឌធំ​ៗ​កាន់ដំបង​ដេញ​វាយ​ឱ្យ​ចេញពីផ្ទះ​របស់​គេ​ក៏​លោត​ទម្លាក់​ខ្លួន​ពីលើ​រោង​កំពស់​៤​ម៉ែត្រ បណ្តាល​ឱ្យ​រង​របួស​ជើង​ទាំង​សង្ខាង​តែ​ម្តង ។ តែ​សំណាងល្អ​លោត​មិន​ចំ​ឈើ និង​ដុំឥដ្ឋ​នៅ​ខាងក្រោម កុំ​អី​អាច​បណ្តាល ឱ្យ​របួសធ្ងន់​ជាង​នេះ ឬ​បាត់បង់​អាយុជីវិត​ថែម​ទៀត​ផង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ០៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​រោង​ឡ​ធ្វើ​ឥដ្ឋ ក្នុងភូមិ​ដំណាក់​សាលា ឃុំ​តា​គ្រៃ ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ទូច កុសល ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រង​របួស​ជើង​ទាំង​សង្ខាង​ធ្ងន់ធ្ងរ មាន​ប្រពន្ធ​ឈ្មោះ សុ​ន សាំង អាយុ​៥៥​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ភូមិ​ត្រពាំងរុន ឃុំ​តាន់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត បច្ចុប្បន្ន​រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ខាងលើ​បានឱ្យ​ដឹង​ថា កាលពី​បី​ស​ប្តា​ហ៍​មុន​មាន​បុរស​ម្នាក់​ស្គាល់​រាប់អាន​ជាមួយ​ខ្លួន បាន​ជួល​គាត់​ឱ្យទៅ​ចាំ​រោង​ឡ​ធ្វើ​ឥដ្ឋ​នៅ​ភូមិ​ខាងលើ ដោយ​សន្យា​ឱ្យ​ថ្លៃ​ក្នុង​១​ខែ​ចំនួន​៦០​ម៉ឺន​រៀល ។ គាត់​បន្ត​ទៀត​ថា ខណៈ​ទៅ​ដេក​ម្នាក់ឯង​ប្រពន្ធ​កូន​តែងតែ​ហាមប្រាម​មិន​ឱ្យទៅ​ស៊ីឈ្នួល​គេ​ធ្វើ​បែប​នេះ​ទេ ព្រោះ​ខ្លាចក្រែង​មាន​គេ​ស្អប់​វាយ​ធ្វើបាប ។ តែ​គាត់​មិន​ព្រម​ស្តាប់​តាម​ណាមួយ​គាត់​មិនមែន​ជា​អ្នក​សន្សំរឿង​ជាមួយ​អ្នក​ដទៃ​ឡើយ ហើយ​ក៏​មិនមែន​ជា​មនុស្ស​ខ្លាច​ខ្មោច​អ្វី​ដែរ ។

ស្រាប់តែ​នៅ​យប់​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​១០​យប់ ខណៈ​កំពុង​តែ​ដេក​សុខ​ៗ​យល់សប្តិ​ឃើញ​គេ​នាំ​គ្នា​ចាក់​ធុងបះ​រាំ​នៅ​ក្បែរ​ខ្ទម​របស់​ខ្លួន ហើយ​ឈ្លោះ​ទាស់ទែង​គ្នា​យ៉ាង​រញ៉េរញ៉ៃ ។ នៅ​ពេល​ភ្ញាក់ពីដេក​មិន​ឮ​សូរភ្លេង​អ្វី​នោះ​ឡើយ ស្រាប់តែ​ដេក​លង់លក់​ទៅ​វិញ ក៏​យល់សប្តិ​ឃើញ​មនុស្ស​ប្រុស​មាន​មាឌធំ​ៗ​ចំនួន​៥​ទៅ​៦​ដាក់ បាន​កាន់ដំបង​គ្រប់​ដៃ ហើយ​ដេញ​វាយ​គាត់​ឱ្យ​ចុះពីលើផ្ទះ បើ​មិន​ព្រម​គេ​នឹង​សម្លាប់​ចោល  ។ ពេល​នោះ​គាត់​ក៏​បាន​លោត​ទម្លាក់​ខ្លួន​ពីលើ​ខ្ទម​នោះ​មក​ដី​ដោយ​មិនដឹង​ខ្លួន បណ្តាល​ឱ្យ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​តែ​ម្តង ។

ពេល​ដឹងខ្លួន​ឡើង​ក៏​ស្រែក​ប្រាប់​អ្នក​ជិតខាង​ឱ្យមក​ជួយ​លើក និង​ទូរស័ព្ទ​ហៅ​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​តែ​ម្តង ។​ចំណែក​អ្នក​ភូមិ​ក្បែរ​ៗ​នោះ​បាន​ខ្សឹបខ្សៀវ​ប្រាប់​ថា សូ​ម្បី​តែ​ម្ចាស់​រោង​ឡ​ធ្វើ​ឥដ្ឋ​ខាង លើ​ក៏​ធ្លាប់​មាន​ខ្មោចលង​ពី​មុន​មក​ដែរ កម្មករ​មិន​មាន​នរណា​ហ៊ាន​ស្នាក់​នៅ​ធ្វើការ​ទីនោះ​ឡើយ ដូច្នេះ​បានជា​បុរស​ខាងលើ​ទៅ​ដេកចាំ​ឱ្យ​គេ​ក៏​ត្រូវ​ខ្មោចលង​បន្លាច​បណ្តាល​ឱ្យ​ធ្លាក់​របួស​បែប​នេះ ៕