មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថា​ការ​បង្ក្រាប​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មាន​ការ​កើន​ឡើង

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.អេច្ឆ.(CCHR) បាន​ចេញ​ផ្សាយ​កម្រង​សិក្សា​មួយ នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ស្ដីពី​ការ​បង្ក្រាប​ទៅ​លើ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) មាន​ការ​កើន​ឡើង។

នៅ​ក្នុង​សលាកបត្រ​ព័ត៌មាន​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចាត់​ទុក​ហ្វេសប៊ុក គឺ​ជា​សមរភូមិ​ថ្មី​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា បន្ទាប់​ពី​មាន​មនុស្ស ៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង ២៤​នាក់​ផ្សេង​ទៀត រង​ការ​គំរាម​កំហែង​ជា​សាធារណៈ គិត​ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៥ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយសារ​បង្ហោះ​សារ ឬ​បញ្ចេញ​មតិ​យោបល់​តាម​បណ្ដាញ​អ៊ីនធឺណិត (Internet)

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ថា ការ​កើន​ឡើង​នូវ​ការ​ចាប់​ខ្លួន​របស់​ប្រជាពលរដ្ឋ ដោយសារ​ការ​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បុគ្គល​សាធារណៈ​ល្បីៗ បាន​គំរាម​កំហែង​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​បរិយាកាស​សេរី និង​បើក​ចំហ​នៅ​កម្ពុជា។ ការ​ប្រើប្រាស់​បទ​បរិហារ​កេរ្តិ៍ និង​ការ​ញុះញង់ ដើម្បី​រារាំង​ការ​រិះគន់​លើ​បុគ្គល​សាធារណៈ គឺ​ជា​ការ​រំលោភ​បំពាន​ដល់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ខាង​ការ​បញ្ចេញ​មតិ ដូច​ដែល​បាន​ប្រកាស​ក្នុង​លិខិតុបករណ៍​អន្តរជាតិ និង​ស្ថាប័ន​អន្តរជាតិ​ជាច្រើន។ ការ​រិះគន់​ទៅ​លើ​មន្ត្រី​សាធារណៈ គឺ​មាន​សារសំខាន់ ដើម្បី​ឲ្យ​ពួក​គេ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។