​ខេត្ត​ចំនួន​៥ និង​ទទួល​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅពេល​យប់​នេះ​

ភ្នំពេញ: នៅ​យប់​ថ្ងៃទី​៨ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ អាកាសធាតុ នឹង​បន្ត​ត្រជាក់ ចន្លោះ​ពី​១២ ទៅ​១៤​អង្សា​សេ នៅ​បណ្តា​ខេត្ត​ចំនួន​៥ នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​លោក ចាន់ យុ​ត្ថា បាន​លើកឡើងថា បណ្តា​ខេត្ត​ចំនួន​៤​ផ្សេងទៀត ក៏មាន​អាកាសធាតុ​ត្រជាក់​ចន្លោះ​ពី ១៥-១៧​អង្សា​សេ​ដែរ ក្នុងនោះ​រួមមាន ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប និង​ខេត្តស្ទឹងត្រែង​។ ក្រៅពី​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅពេល​យប់ និង​ពេលព្រឹក ក៏មាន​ខ្យល់​បក់​ខ្លាំង មាន​ល្បឿន​ពី​៥​ទៅ​៧​ម៉ែត្រ ក្នុង​មួយ​វិនាទី ទូទាំងប្រទេស​ផងដែរ​។ ចំពោះ​ស្ថានភាព​អាកាសធាតុ​ត្រជាក់​នេះ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ចំពោះ​សុខភាព ជាពិសេស​ក្មេងៗ ព្រមទាំង​មនុស្ស​ចាស់​។ លោក​បាន​បន្តថា ៖ "​សូម​ឲ្យ​ពួកគាត់​ប្រុង​យ័​ត្ន ខ្លាចក្រែង​ផ្តាសាយ ពាក់​ខោអាវ​ក្រាស់ៗ ជាពិសេស​មនុស្ស​ចាស់ និង​កូនក្មេង ដែល​ពួកគាត់​ពិបាក​ទ្រាំទ្រ​នឹង​អាកាសធាតុ ដែល​ត្រជាក់​ខុសពី​ធម្មតា​បែបនេះ​"​។ សម្រាប់​បណ្តា​ខេត្ត​ផ្សេងទៀត រួមទាំង​រាជធានី​ភ្នំពេញ​ផង សីតុណ្ហភាព​ចន្លោះ​ពី​១៨-២0​អង្សា​សេ បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​ដដែល​៕

​ខេត្ត​ចំនួន​៥ និង​ទទួល​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅពេល​យប់​នេះ​