បក្ស​ប្រឆាំង​បដិសេធ​ជា​ថ្មី​ថា​មិន​ពាក់ព័ន្ធ​គម្រោង​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អាមេរិក

គណបក្ស​សង្គ្រោះ​ជាតិ រក្សា​ការ​បដិសេធ​របស់​ខ្លួន​ថា មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង លោក ហ៊ុន សែន នៅ​សហរដ្ឋ​អាមេរិក ឡើយ។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ថា បាតុកម្ម​នោះ​ធ្វើ​ដោយ​បុគ្គល​តែ​ប៉ុណ្ណោះ។

ការ​ប្រកាស​នេះ នៅ​មុន​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ថ្ងៃ​ទី​១៥-១៦ កុម្ភៈ នៅ​សាន់នីឡេនដ៍ (Sunnylands) ទីក្រុង​រ៉េនចូមីរ៉េច (Rancho Mirage) រដ្ឋ​កាលីហ្វ័រញ៉ា (California)

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​រៀបចំ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ខាង​មុខ​នេះ​ទេ។

លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​បែប​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ នា​មន្ទីរ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ គឺ​បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​មួយ​រវាង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីលៀម ហេដថ៍ (William Heidt) និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ៖ «យើង​មាន​ការ​សោកស្ដាយ ​ដោយសារ​ការ​ចែក​គ្នា​មិន​ដាច់​ថា អ្វី​ទៅ​ជា​ស្ថាប័ន​ជា​គោលការណ៍ ហើយ​អ្វី​ទៅ​ជា​បុគ្គល។ ដូច្នេះ យើង​ចង់​ឲ្យ​មាន​ការ​យល់​ដឹង​ពី​លក្ខណៈ​ជា​ស្ថាប័ន និង​ជា​បុគ្គល​ហ្នឹង​ឲ្យ​បាន​ពិត​ប្រាកដ​ច្បាស់លាស់។ ជា​គោលការណ៍ យើង​គណបក្ស​សង្គ្រោះ​ជាតិ យើង​អត់​មាន​ទេ ក៏ប៉ុន្តែ​ជា​សិទ្ធិ​សេរីភាព​លក្ខណៈ​ជា​បុគ្គល។ នោះ​ជា​រឿង​មួយ​ដាច់​ដោយឡែក»

ការ​ថ្លែង​របស់ លោក យ៉ែម បុញ្ញឫទ្ធិ គឺ​ជា​ការ​បដិសេធ​ម្ដង​ទៀត​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា ការ​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​១៥ ខាង​មុខ​នេះ ត្រូវ​បាន​រៀបចំ​ផែនការ​រួច​ជា​ស្រេច ដោយ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មាន​ទាំង​ការ​ផ្ដល់​ថវិកា​ថែម​ទៀត​ផង។ នៅ​ល្ងាច​ថ្ងៃ​ទី​៦ កុម្ភៈ ដដែល អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ច្រាន​ចោល​ភ្លាមៗ​ថា គណបក្ស​សង្គ្រោះ​ជាតិ សោកស្ដាយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ លោក​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ចេតនា​មួលបង្កាច់ ព្រោះ​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​គោលការណ៍​ធ្វើ​បាតុកម្ម​ទេ ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ លោក​បន្ត​ថា ចំពោះ​បុគ្គល​ណា​ដែល​គាំទ្រ ឬ​ស្រឡាញ់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង លោក ហ៊ុន សែន ជា​រឿង​បុគ្គល មិន​មែន​ជា​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទេ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង នៅ​សហរដ្ឋ​អាមេរិក លោក ទូច វិបុល ថ្លែង​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ថា ពួក​លោក​នឹង​រៀបចំ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ពេល​ដែល លោក ហ៊ុន សែន ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក។ លោក​អះអាង​ថា លោក​មិន​មែន​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទេ៖ «ឆ្លើយ​ឲ្យ​ខ្លី គឺ​ខ្ញុំ​មិន​មែន​ជា​សកម្មជន ហើយ​ក៏​មិន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែរ»

លោក ទូច វិបុល ថ្លែង​ថា បាតុកម្ម​នោះ គឺ​ដើម្បី​បង្ហាញ​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ឲ្យ​សារព័ត៌មាន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដឹង​ឮ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ចោទ​ប្រកាន់​របស់ លោក ហ៊ុន ម៉ានិត លោក​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ថា អ្នក​គាំទ្រ​លោក​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​វិញ​ដែរ ប្រសិន​បើ​មាន​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​១៥ កុម្ភៈ នោះ​មែន។

ទោះ​ជា​មាន​ការ​ព្រមាន​ដូច្នេះ​ក្ដី ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង នៅ​សហរដ្ឋ​អាមេរិក លោក ទូច វិបុល ថ្លែង​ថា លោក​នឹង​នៅ​តែ​ធ្វើ​បាតុកម្ម​នេះ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។