ចិន-ឥណ្ឌា រួមគ្នាធ្វើ សមយុទ្ធយោធា តាមព្រំដែន ដើម្បីជួយនៅពេលមាន គ្រោះធម្មជាតិ

សៀងហៃ៖ យោធាចិននៅតាមព្រំដែន និងឥណ្ឌា បានរួមគ្នាហ្វឹកហាត់ ដើម្បីត្រៀមខ្លួនជួយសង្គ្រោះ នៅពេលមានគ្រោះធម្មជាតិកើតឡើង ។ វាជាសញ្ញាមួយបញ្ជាក់ថា ប្រទេសទាំងពីរបាន ចងមេត្រីភាពល្អជាមួយគ្នា នៅក្នុងតំបន់អាស៊ី ដោយភាគីទាំងពីរ បានខិតខំស្វែងរកដំណោះស្រាយដ៏យូរលង់ នៅតាមបន្ទាត់ព្រំដែននោះ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា កងយោធានៃប្រទេសឥណ្ឌា និងកងយោធាព្រំដែននៃប្រទេសចិន បានរួមគ្នាធ្វើលំហាត់សមយុទ្ធមួយ ដើម្បីចូលរួមជួយសង្គ្រោះ នៅពេលមានគ្រោះធម្មជាតិកើតឡើង ។

គួររំលឹកថា កាលពីខែឧសភា កន្លងទៅ មេដឹកនាំនៃប្រទេសទាំងពីរបានជួបគ្នា ដើម្បីបានលើកឡើង នូវបញ្ហាព្រំដែនមកពិភាក្សាគ្នា ហើយភាគីនៃប្រទេសទាំងពីរ ក៏បានឯកភាពធ្វើយ៉ាងណា ឲ្យភាពតានតឹងនៅតាមព្រំដែន កាន់តែធូរស្រាលវិញ ។

គេបានដឹងថា ជម្លោះដែនដីរវាងឥណ្ឌា និងចិន គឺបានកើតឡើងគិត ចាប់តាំងពី ឆ្នាំ១៩៦២ម្ល៉េះ ដោយប្រទេសទាំងពីរ ធ្លាប់មានជម្លោះ និងសង្គ្រាមតិចតួចជាមួយគ្នាដែរ ៕