សម្តេច ហ៊ុន សែន ឲ្យ​មន្ត្រី​ដោះស្រាយ​បញ្ហា​ដែល​ផ្តល់​តាម​ហ្វេ​ស​ប៊ុ​ក អ្នកវិភាគ​គាំទ្រ​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ ក្រសួង ស្ថាប័ន និង​អាជ្ញាធរ តាមដាន​និង​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ ដែល​រាយការណ៍​នៅលើ​ទំព័រ ហ្វេ​ស​ប៊ុ​ក (Facebook) ផ្លូវការ​របស់លោក​។ អ្នកវិភាគ យល់ឃើញថា ការដាក់ចេញ​បញ្ជា​នេះ គឺ​នាយករដ្ឋមន្ត្រី បានដឹង​ពី​ការ​អសមត្ថភាព​ដោះស្រាយ របស់​បណ្ដា​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​កន្លងមក ។​តែ​យ៉ាងណា​អ្នកវិភាគ​ថា គាំទ្រ យន្តការ​ថ្មី​នេះ ដែល​អាចជួយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ។ ប៉ុន្ដែ​វា​ស្ថិត​លើ​ចិត្ត​ស្មោះ​របស់​សម្ដេច ហ៊ុន សែន និង​មន្ត្រី​តាម​ក្រសួង ស្ថាប័ន​ទាំងនោះ​ថា​តើ អាច​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បាន​កម្រិតណា​។​

​ការដាក់ចេញ​យន្តការ​ថ្មី​នេះ គឺជា​រឿង​មួយ​ល្អ សម្រាប់​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ជួប​បញ្ហាដីធ្លី ភាពអយុត្តិធម៌​ក្នុងសង្គម​។ នេះ​ជាការ​យល់ឃើញ​របស់លោក រស់ រ៉ាវុធ អ្នកវិភាគ​នយោបាយ មុន​បន្ថែមថា ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ជួប​បញ្ហា​ទុក្ខលំបាក ដែល​ត្រូវបាន​រង​ការកៀបសង្កត់ មិនមាន​ការដោះស្រាយ​នោះ គួរតែ​ចូលទៅ​រៀបរាប់​ពី​បញ្ហា​ខ្លួន​នៅក្នុង​ហ្វេ​ស​ប៊ុ​ក សម្ដេច ហ៊ុន សែន ដែល​ប្រកាសថា​នឹង​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នេះ​។

​លោក រស់ រ៉ាវុធ មើលឃើញថា យន្តការ​ថ្មី​របស់​សម្ដេច ហ៊ុន សែន នេះ គឺអាច​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ទទួលបាន​ព័ត៌មាន​ពិត​ច្រើន ។ ជាពិសេស​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​មានការ​ប្រុងប្រយ័ត្ន ក្នុងការ​អនុវត្ត​ការងារ និង​កាត់បន្ថយ​បញ្ហា​ពលរដ្ឋ​ច្រើន​ដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​តាមរយៈ​ប្រមុខ​រដ្ឋាភិបាល បាន​តាមដាន​ហ្វេ​ស​ប៊ុ​ក គឺ​គាត់​អាច​ដឹង​ពី​រឿង​ពិត​ច្រើ​ង​ជាង​ការ​ស្ដាប់​និង​ទទួល​ព័ត៌មាន​មិន​ពិត​ពី​ថ្នាក់ក្រោម​កន្លងមក​។ ហើយ​ការដាក់ចេញ​យន្តការ​ថ្មី​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​តាមដាន​ហ្វេ​ស​ប៊ុ​ក​នេះ ជា​រឿង​មួយ​ល្អ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ដែល​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ។ ហើយ​បើ​ការអនុវត្ត​ត្រឹមត្រូវ​នោះ​វា​អាច​កាត់បន្ថយ​ទុក្ខលំបាក​ប្រជាពលរដ្ឋ បញ្ហា​បក្សពួក បញ្ហា​ពុករលួយ​។ តែ​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​តាមដាន​មើល​ដែរ​មិនមែន​ដាក់​តែ​បញ្ជា​ហើយ ឈប់​រវល់​នោះឡើយ​»​។​

​អ្នកវិភាគ​លោក មាស នី យល់ថា យន្តការ​ថ្មី​នេះ​អាច​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​សកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ជាង​មុន ហើយ​មន្ត្រី​មានអំណាច ដែល​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ប្រជាពលរដ្ឋ​ក៏មាន​ការកោតខ្លាច​ដែរ​។ ប៉ុន្ដែ​អាស្រ័យ​លើ​រដ្ឋាភិបាល​ថា​តើ​នឹង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បាន​កម្រិតណា​។ លោក​ថា បើសិនជា​ការដាក់ចេញ​បញ្ជា​នេះហើយ តែ​រដ្ឋាភិបាល​មិន​តាមដាន​ការអនុវត្ត​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​របស់​មន្ត្រី​ថ្នាក់ក្រោម​ទេ នោះ​ការដាក់​បញ្ជា​របស់​រដ្ឋា​ភិ​បាល​នេះ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ​។​

«​បើសិនជា​ការដាក់ចេញ​វិធានការ​នេះហើយ រដ្ឋាភិបាល​ត្រូវ​តាមដាន​មើល​មន្ត្រី​ថ្នាក់ក្រោម​ថា​តើ​របៀប​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​យ៉ាងម៉េច​?​ឆ្លើយតប​ជាមួយ​ពលរដ្ឋ​យ៉ាងម៉េច​? ហើយ​បើ​អាច​ដោះស្រាយបាន​នូវ​អ្វីដែល​ពលរដ្ឋ​ជួបប្រទះ​បញ្ហា​នឹង​សំណូមពរ​ជួយ​ដោះស្រាយ​នោះ​ទើប​មាន​ប្រសិទ្ធភាព ។ តែបើ​គ្មាន​ការដោះស្រាយ​ត្រឹមត្រូវ​ដដែល​នោះ រដ្ឋាភិបាល​នឹង​រឹតតែ​បាត់បង់​ការគាំទ្រ​កាន់តែខ្លាំង​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក មាស នី ដែល​មើលឃើញថា តាមរយៈ​ការប្រើប្រាស់​បណ្ដេញ​ហ្វេ​ស​ប៊ុ​ក ឆ្លងឆ្លើយ​ជាមួយ​ប្រជាពលរដ្ឋ​កន្លងមកនេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​ច្រើន​ផងដែរ ដូចជា​បញ្ហា​ផ្លូវ​វេ​ង​ស្រេង ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣​ជាដើម​។​

​តែ​យ៉ាងណា​អ្នកវិភាគ​នយោបាយ​ទាំងនេះ ជំរុញ​រដ្ឋាភិបាល​ដែល​បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឆ្លើយឆ្លង​ជាមួយ​ពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ហា​ពួកគេ​នេះ គួរតែ​ដោះស្រាយ​ដោយស្មោះ​ត្រង់ មិនមែន​គ្រាន់តែ​សម្ដែង​ទេ ព្រោះ​អាច​ឲ្យ​រដ្ឋាភិបាល​បរាជ័យ និង​បាត់បង់​ការគាំទ្រ​កាន់តែខ្លាំង​ជាង​នេះ​។

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ស្ថាប័ន ក្រសួង​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ ដែល​បាន​រាយការណ៍ នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​របស់លោក​ឲ្យ​ទាន់ពេលវេលា​។​ប្រមុខ​រដ្ឋាភិបាល​បញ្ជា​ក់ថា លោក​នឹង​បញ្ជូន​បញ្ហា​ទាំងនោះ ទៅ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ នៅពេលដែល​ពលរដ្ឋ​សំណូមពរ​កាន់តែច្រើន នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​