សម័យ​ថ្មី​​យុវវ័យ​និយម​ម៉ូតូ​អូតូ

សម័យ​ថ្មី​​យុវវ័យ​និយម​ម៉ូតូ​អូតូ

សម័យ​ថ្មី យុវវ័យ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​បង្ហាញ​ភាព​ទាន់​សម័យ​ដើម្បី​ឲ្យ​តាម​ទាន់​ការវិវឌ្ឍន៍​នៃ​សង្គម។ ដូច​ការ​ជ្រើសរើស​ស៊េរី​ម៉ូតូ ឃើញ​ថា​ម៉ូតូ​លេខ​អូតូ កំពុង​ទទួល​ការ​ពេញ​និយម​ក្នុង​ចំណោម​ស្រទាប់​យុវវ័យក្មេងៗ។

 

សម័យ​ថ្មី​​យុវវ័យ​និយម​ម៉ូតូ​អូតូ

 

ជា​យុវវ័យ​​អ្នក​​ទីក្រុង​ កញ្ញា រីកា និស្សិត​សិក្សា​ឆ្នាំ​ទី​ពីរ​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ប្រាប់​ថា បើ​ជ្រើសរើស​​រវាងម៉ូតូ​អូតូ និង​ចង្កឹះ​លេខ​កញ្ញា​ជ្រើស​រើស​យក​ម៉ូតូ​អូតូ​ដោយសារ​ម៉ូតូ​នេះ​ងាយ​ស្រួល​ជិះ​ធ្វើ​ដំណើរ​​មិន​​ពិបាក​​សាង​លេខ​ចុះ​ឡើង។

 

យុវតី​ដែល​កំពុង​ប្រើប្រាស់​ម៉ូតូ Scoopy រូប​នេះ​បន្ត​ថា ម៉ូតូ​លេខ​អូតូ​ពេញ​និយម​ក្នុង​ចំណោម​ស្រទាប់​យុវវ័យ​ក្មេងៗ​ជា​ពិសេស​យុវនារី​តែ​ម្តង។ ​ណាមួយ​ក៏​រំលេច​នៅ​ភាព​​ឡូយ​ឆាយ​ក្នុង​ពេល​ជិះ​ធ្វើ​ដំណើរ។

 

ទោះ​បី​​មិន​បាន​ច្រាន​ចោល​​ទស្សនៈ​​រសនិយម​​ការ​ពេញ​ចិត្ត​ម៉ូតូ​អូតូ​របស់​យុវវ័យ​មួយ​ចំនួន​ប៉ុន្តែ​ បញ្ញា​រិទ្ធ និស្សិត​មួយ​រូប​​លើក​ឡើង​ថា ម៉ូតូ​អូតូ​ឡូយ​​ឆាយ​​ពិតមែន​ហើយ​​ ប៉ុន្តែ​ក៏​មាន​គ្រោះ​ថ្នាក់​ច្រើន​​ណាស់​ដែរ។

 

យុវជន​រូប​នេះ​បញ្ជាក់​ថា ម៉ូតូ​លេខ​អូតូ​ប្រើប្រាស់​ប្រព័ន្ធ​ហ្រ្វាំង​មាន​លក្ខណៈ​ពិបាក​ជាង​ម៉ូតូ​ដែល​ប្រើ​ចង្កឹះ​លេខ ពីព្រោះ​កាលណា​បើកបរ​ក្នុង​ល្បឿន​លឿន ​ចាប់​ហ្រ្វាំង​បង្ខំ​អាច​បោក​ខ្ទប់​ដែល​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ម្យ៉ាង​វិញ​ទៀត ការ​ប្រើប្រាស់​សាំង​ក៏​ស៊ី​អស់​​​ច្រើន​ជាង​ម៉ូតូ​ប្រើ​ចង្កឺះលេខ​ដែរ។

 

​ក្នុង​មួយ​ឆ្នាំ​ៗ​​មាន​​ប្រភេទ​ម៉ូតូ​អូតូ​និង​ចង្កឹះ​លេខ​ជា​ច្រើន​ ត្រូវ​បាន​នាំ​ចូល​មក​លក់​យ៉ាង​គគ្រឹកគគ្រេង​នៅ​លើ​​ទីផ្សារ​ ដើម្បី​ប្រកួត​ប្រជែង​គ្នា​​និង​បំពេញ​តម្រូវ​ចិត្ត​អ្នក​ប្រើប្រាស់។

 

លោក​វ៉ា សៀង ម្ចាស់​ហាង​លក់​ម៉ូតូ​គ្រប់​ប្រភេទ​នៅ​ម្តុំ​គីរីរម្យបាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​ម៉ូតូ​លេខ​អូតូ​មាន​ការ​និយម​ជិះ​ច្រើន ក្នុង​ចំណោម​យុវវ័យ​ក្មេងៗ ប៉ុន្តែ​បើ​គិត​រួម​ម៉ូតូ​ដែល​ប្រើ​ចង្កឹះ​លេខ​នៅ​តែ​មាន​ទីផ្សារ​ប្រើប្រាស់​ច្រើន​ជាង។

 

លោក​ថា យុវវ័យ​ដែល​ចូលចិត្ត​ភាព​ហ៊ឺហា គេ​ចូលចិត្ត​​ប្រើ​ម៉ូតូ​អូតូ​ដូចជា​ស្កុបពី​ ណិច ហ្វីណូ​។ តែ​ប្រភេទ​​ម៉ូតូ​លេខ​អូតូ​មាន​សន្ទុះ​រីកចម្រើន​ខ្លាំង​តែ​ទៅ​លើ​ក្រុម​យុវវ័យ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ដែល​ជា​អ្នក​និយម​ចូលចិត្ត​លេង​ស្តាយ៍​ម៉ូតូ​និង​ប្រើប្រាស់​តាម​គ្នា​។ បើ​មើល​លើ​ទីផ្សារ​ ម៉ូតូ​ប្រើ​ចង្កឹះ​លេខ​នៅ​​តែ​មាន​ចំនួន​ប្រើប្រាស់​ច្រើន​ជាង​សម្រាប់​ពលរដ្ឋ​​ប្រើប្រាស់​ទូទៅ។

 

ចំណែក​តម្លៃ​វិញ ម្ចាស់​ហាង​រូប​នេះ​ឲ្យ​ដឹង​ថា ម៉ូតូ​លេខ​អូតូ​មាន​តម្លៃ​ថ្លៃ​ជាង បើ​ប្រៀបធៀប​ម៉ូតូ​ប្រើ​ចង្កឹះ​លេខ​មួយ​ចំនួន៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា