បង្កើន​ថាមពល​ផ្លូវចិត្ត​ដោយ​ទម្លាប់ ៥ យ៉ាង​

Doliprane TVC

​ការរស់នៅ​បែប​សាមញៗ​មិន​ត្រូវការ​ផ្លូវចិត្ត​រឹងមាំ​ប៉ុន្មាន​ទេ ផ្ទុយទៅវិញប្រសិនបើ​ការរស់នៅ​មាន​ភាពស្មុគស្មាញ​ចាក់​ស្រែះ​ដោយ​បញ្ហា​ច្រើន​ជំពូក​នោះ យើង​ត្រូវ​រក្សា​ផ្លូវចិត្ត​ឱ្យ​រឹងមាំ​ជា​យុទ្ធសាស្ត្រ​យកឈ្នះ​ឧបសគ្គ​ក្នុង​ជីវិត ។ អ្នក​អាច​សាកល្បង​កែប្រែ​ខ្លួនឯង​ដោយ​ប្រើ​ទម្លាប់​រក្សា​ផ្លូវចិត្ត​ឱ្យ​រឹងមាំ​ដូចខាងក្រោម ។

១ – ធ្វើការ​វាយតម្លៃ​ជំនឿ​ចិត្ត​
​មនុស្ស​គ្រប់រូប​រមែង​មាន​ជំនឿ​ក្នុង​ចិត្ត​ជីវភាព​រស់នៅ និង ពិភព​របស់ខ្លួន ។ ជំនឿ​ចិត្ត​មាន​ការវិវឌ្ឍ​ទៅតាម​ពេលវេលា​អាស្រ័យ​លើ​បទពិសោធ​ពី​អតីតកាល​របស់​យើងដែល​ជះឥទ្ធិពល​ដល់​គំនិត ឥរិយាបថ និងប្រាក់​របស់​យើង ។ ជួនកាល​យើង​ក៏​អាចមាន​ជំនឿ​ចិត្ត​ខុសឆ្គងនិងមិន​ប្រាកដនិយម ។ ឧទាហរណ៍​ប្រសិនបើ​យើង​គិត​បែប​អវិជ្ជមាន​ថា​ជីវិត​យើង​គ្មាន​ថ្ងៃ​នឹង​បានទទួល​ជោគជ័យនោះ​យើង​ប្រាកដជា​មិន​ចង់​ប្តូរ​ការងារ ឬ ធ្វើ​មិន​បានល្អ​នៅពេល​សម្ភាស​ការងារ​ថ្មីៗ មានន័យថា​ជំនឿ​ចិត្ត​មិន​ខុសពី​ទំនាយ​ជីវិត​ទេ ។ ចូរ​កំណត់ និង វាយតម្លៃ​ជំនឿ​ចិត្ត​របស់​អ្នក​ថាតើ​វា​ជា​ជំនឿ​ចិត្ត​វិជ្ជមាន ឬ អវិជ្ជមាន និង ករណី​លើកលែង ព្រោះ​ជួនកាល​ជីវិត​មិន​ប្រាកដថា​ត្រូវ​រហូត ឬ ខុសរហូត​នោះទេ ។ ការកែប្រែ​ជំនឿ​ចិត្ត​ទាមទារ​ឱ្យមាន​គោលបំណង​ជាក់លាក់ និង ការខិតខំ​ប្រឹងប្រែង ប៉ុន្តែ​ថា​មិនត្រូវ​វា​អាច​កែប្រែ​ជីវិត​យើង​ឱ្យ​ល្អប្រសើរ​ទាំងស្រុង​ក៏​ថា​បាន ។

២ – ពង្រឹង​ថាមពល​ផ្លូវចិត្ត​ឱ្យបាន​ទូលំទូលាយ​
​ការចំណាយ​ចិ​ត្ត្ត​ទៅ​គិត​រឿង​ដែល​យើង​មិនអាច​គ្រប់គ្រង​បានធ្វើឱ្យ​នឿយ​ចិត្ត​ឥតប្រយោជន៍ ។ ការគិត​ផ្តោត​តែ​លើ​រឿង​អវិជ្ជមាន​ធ្វើឱ្យ​ខួរក្បាល​ខាត​ថាមពល​សម្រាប់​ស្វែងរក​ដំណោះស្រាយ​ល្អ ។ ឧទាហរណ៍​ការ បារម្ភ​ពី​បម្រែបម្រួល​អាកាសធាតុ​មិនមាន​ប្រយោជន៍​អ្វី​ធ្វើឱ្យ​អាកាសធាតុឈប់​ប្រែប្រួល​នោះទេ ។ ការព្រួយបារម្ភ​ពុំ​អាច​ទប់ស្កាត់​បញ្ហា​មិនឱ្យ​កើតឡើង​បានទេ ប៉ុន្តែ​បើ​អ្នកធ្វើការ​ប្រុងប្រៀប​ខ្លួន ហើយ​ផ្តោតអារម្មណ៍​លើ​អ្វីដែល អាច​គ្រប់គ្រង​បាន​ទើប​ជាការ​ប្រសើរ ។ សូមកុំ​ចំណាយ​ចិត្ត​លើ​រឿង​ដែល​គ្មាន​ប្រយោជន៍ យក​ល្អ​គិតពី​ដំណោះស្រាយ ឬ ធ្វើការ​កំណត់​គោលដៅ​ជីវិត​វិញ ។ ប្រសិនបើ​អ្នក​គិត​អ្វី​មិន​ចេញសូម​ប្តូរ​ទៅ​គិត​អ្វីដែល​ងាយៗ​ធ្វើចិត្ត​ឱ្យ​ទូលាយ​ដើម្បី​បង្កើត​ទម្លាប់​ផ្លូវ​ចិត្តល្អ ។

៣ – ផ្លាស់ប្តូរ​ពី​គំនិត​អវិជ្ជមាន​ទៅជា​គំនិត​សម្បូរបែប​
​អ្នក​ប្រហែលជា​ពុំ​ធ្លាប់​គិតថា​ខ្លួន​ជា​មនុស្ស​មានគំនិត​បែបណា​នោះទេ ? ដូចនេះ​អ្នក​គួរ​បង្កើន​ការយល់ដឹង​ចំពោះ​ខ្លួនឯង​ដោយ​ទម្លាប់​គិត​រឿង​មានប្រយោជន៍​ដើម្បី​ស្វែងរក​ដំណោះស្រាយ ។ សូម​ទម្លាប់​កុំ​គិត​អវិជ្ជមាន​ជ្រុល​ពេក ព្រោះ​អាច​គ្របដណ្តប់​គ្រប់គ្រង​ផ្លូវចិត្ត និង ឥរិយាបថ​របស់​អ្នក ។
​សូម​កំណត់​បញ្ហា​ជាជាង​ការគិត​អវិជ្ជមាន​ដើម្បី​ស្វែងរក​ដំណោះស្រាយ ។ ការគិត​សម្បូរបែប​មិន​សំដៅ​ទៅលើ​ការគិត​វិជ្ជមាន​សុទ្ធសាធ​នោះទេ ប៉ុន្តែ​ត្រូវ មាន​ភាពជាក់ស្តែងពោលគឺ​ចេះ​ថ្លឹងថ្លែង​ដូចជា​«​ខ្ញុំ​មាន​ចំណុចខ្សោយ​ក៏​ពិតមែន តែ​ខ្ញុំ​ក៏មាន​ចំណុចខ្លាំង​ដែរ​» ។ ការផ្លាស់ប្តូរ​ទម្លាប់​ទាមទារ​ការព្យាយាម​ត្រួតពិនិត្យ​ខ្លួនឯងដើម្បី​កែប្រែ​ខ្លួន​ជា​មនុស្ស​ល្អ​ម្នាក់ ។

៤ – ទម្លាប់ចិត្ត​ឱ្យ​ចេះ​អត់ធ្មត់​
​ផ្លូវចិត្ត​រឹងមាំ​មិនមែន​សំដៅ​ទៅលើ​អ្នក​គ្មាន​អារម្មណ៍​នោះទេ ។ ជាក់ស្តែង​ផ្លូវចិត្ត​រឹងមាំ​ទាមទារ​ការយល់ដឹង​ឱ្យបាន​ច្បាស់លាស់​ពី​អារម្មណ៍​របស់​ខ្លួនឯ ដើម្បី​ធ្វើការ​ឆ្លើយតប​ឱ្យបាន​ត្រឹមត្រូវ ។ ផ្លូវចិត្ត​រឹងមាំ​គឺ​ចេះ​ទទួលស្គាល់​នូវអារម្មណ៍​របស់​យើង​ដោយ​មិនឱ្យ​អារម្មណ៍​មក​គ្រប់គ្រង​យើង​បានទេ ។ ផ្លូវចិត្តរឹងមាំ​គឺជា​ការយល់​បាន​ថា​តើ​ពេលណា​យើង​គួរប្រើ​ឥរិយាបថ​ជំទាស់​ទៅនឹង​អារម្មណ៍​ខ្លួនឯង ។ ឧទាហរណ៍​នៅពេល​អ្នកមាន​អារម្មណ៍​ខ្លាច​មិន​ហ៊ាន​សាកល្បង​អ្វីដែល​ថ្មី ឬ ទទួលយក​ឱកាស​ចំពោះមុខ​សូម​សាក​គិត​ម្តងទៀត ហើយ​ប្រឈមមុខ​នឹង​ស្ថានភាព​បែបនេះ ។ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ពិបាក​ទ្រាំ ប៉ុន្តែ​អ្នក​ត្រូវតែ​ទម្លាប់​នឹង​ស្ថានភាព​បែបនេះ ព្រោះថា​វា​ជា​គន្លឹះ​ក្នុងការ​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង ។

៥ – តាមដាន​ការអនុវត្ត​ប្រចាំថ្ងៃ​របស់​អ្នក​
​យុគសម័យ​នេះ​គឺជា​ពេលវេលា​ដ៏​សែន​មមាញឹក​ដែល​ធ្វើឱ្យ​មនុស្ស​គ្រប់ រូប​ភ្លេច​គិតពី​ការវាយតម្លៃ​ខ្លួនឯង ។ ចំណាយ​ពេលខ្លះ​ដើម្បី​វាយតម្លៃ​ខ្លួនឯង​ថា តើ​គំនិត​របស់​យើង​មាន​ការវិវឌ្ឍ ឬ យ៉ាងណា ? ជា​រៀងរាល់ថ្ងៃ​យើង​គួរ​សួរ​ខ្លួនឯង​ថា ថ្ងៃនេះ​យើង​បាន​ឈ្វេងយល់​ពីអ្វី​ខ្លះមានគំនិត​យ៉ាងម៉េច អារម្មណ៍​យ៉ាងម៉េច និង ប្រើ​ឥរិយាបថ​បែបណា ? ហើយ​កំណត់​គោលដៅ​ថ្មី​សម្រាប់​ថ្ងៃស្អែក ។ ការកែប្រែ​ទម្លាប់​ផ្លូវចិត្ត​គឺជា​ការអនុវត្ត​ជាប្រចាំ​ដើម្បី​វិ​វ​ឌ្ឍ​ខ្លួន​ឱ្យ​បានល្អ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ នេះ​ពុំមែន​ជា​ការងារ​ងាយស្រួល​នោះទេ ដូចនេះ​យើង​ត្រូវ​វាយតម្លៃ​ខ្លួនឯងដើម្បី​បង្កើន​សមត្ថភាព​ឈានទៅរក​ជោគជ័យ​នៃ​ជីវិត​ប្រកបដោយ​ភាពថ្លៃថ្នូរ ៕