ចោរ​អាកា​រាតត្បាត ប្លន់​យក​គ្រឿងអលង្ការ​និង​ប្រាក់​ពី​អ្នកលក់​គ្រឿងទេស​នៅ​ស្រុក​ភ្នំព្រឹក

ចោរ​អាកា​រាតត្បាត ប្លន់​យក​គ្រឿងអលង្ការ​និង​ប្រាក់​ពី​អ្នកលក់​គ្រឿងទេស​នៅ​ស្រុក​ភ្នំព្រឹក

ខេត្តបាត់ដំបង ៖ ក្រុម​ជន​មិន​ស្គាល់​មុខ​ចំនួន​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​និង​ដំបង​ផង បាន​ចូល​ប្លន់​ផ្ទះ​អ្នកលក់​គ្រឿងទេស​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​៧ ខែកុម្ភៈ នៅ​ចំណុច​បុស្ស​ស្អំ ស្ថិត​ក្នុងភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ។ ក្នុង​អំពើ​ប្លន់​នេះ​ក្រុម​ចោរ​យក​បាន​គ្រឿងអលង្ការ និង​ប្រាក់​មួយ​ចំនួន រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​ចូល​ក្នុង​ចម្ការ​ដំឡូង​នៅ​តំបន់​នោះ មុន​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់ តែ​មិន​បង្ក​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះទេ ។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​នោះ ប្ដី​ឈ្មោះ ភើ​យ ម៉ៅ អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហ៊ុន ស៊ី​ណាត អាយុ​៤២​ឆ្នាំ​។  ក្រុម​ចោរ​បាន​ចូល​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​ខាងលើ​នេះ ខណៈ​ម្ចាស់ផ្ទះ​កំពុង​លក់ដូរ និង​ខ្លះ​កំពុង​មើល​ទូរទស្សន៍​នៅ​ក្នុងផ្ទះ ដោយ​ប្រើ​កាំភ្លើង​អាកា​ភ្ជង់ រួច​ប្លន់​យក​គ្រឿងអលង្ការ និង​កាបូប​លុយ​ពី​ប្រពន្ធ​រង​គ្រោះ ហើយ​ដើរ​ចេញ​តាម​សម្រួល​គេច​ចូល​ក្នុង​ចម្ការ​ដំឡូង​មី​នៅ​តំបន់​នោះ​បាត់​ស្រមោល​ទៅ ។

លោក ភើ​យ ម៉ៅ ដែល​ជា​ជន​រង​គ្រោះ​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ពេល​ក្រុម​ចោរ​ចូល​ប្លន់ គឺ​ផ្ទះ​របស់​គាត់​នៅ​បើកទ្វារ​លក់ដូរ​នៅឡើយ ។ ខណៈ​ប្រពន្ធ​របស់​គាត់​កំពុង​មើល​ទូរទស្សន៍ ហើយ​គាត់​កំពុង​រៀបចំ​អីវ៉ាន់ ស្រាប់តែ​មាន​ជន​ម្នាក់​ដើរ​ចូល​មក​ក្បែរ​គាត់ ហើយ​យក​ដើម​ដំឡូង​មី​មួយ​កំណាត់​គោះ​ស្មា​គាត់ ។ ពេល​នោះ​គាត់​សួរ​ថា បង​ទិញ​អ្វី ? តែ​ជន​នោះ​បែរជា​តប​វិញ​ថា «​ទិញ​អី ! អញ​ចោរ អត់​ស្គាល់​ទេ ? ដំណាលគ្នា​នោះ ស្រាប់តែ​ជន​ម្នាក់​ទៀត​ស្ទុះ​មក​ភ្ជង់​គាត់​ដោយ​កាំភ្លើង​អាកា​ស្វាយ​បត់​ចំហៀង​ថ្មីចែស ខណៈ​ម្នាក់​ទៀត​ឈរ​យាម​នៅ​ខាង​មុខ​ផ្ទះ ។

លោក ភើ​យ ម៉ៅ បញ្ជាក់​ថា គាត់​មិនដឹង​ថា ក្រុម​ចោរ​មាន​កាំភ្លើង​អ្វីខ្លះ​ទេ ព្រោះ​ឃើញ​តែ​កាំភ្លើង​អាកា​មួយ​ដើម​ដែល​ភ្ជង់​គាត់​ប៉ុណ្ណោះ​។ ក្រុម​ចោរប្លន់់​មិន​បាន​បង្អង់​យូរ​ទេ ភ្លាម​នោះ​បក្សពួក​ម្នាក់​ស្ទុះ​ទៅ​ដោះ​យក​ចិញ្ចៀន ខ្សែ​.​ក និង​ប្រតាយ​យក​កាបូប​លុយ​ពី​ប្រពន្ធ​គាត់ រួច​ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្ដង​។ ជន​រង​គ្រោះ​បាន​បញ្ជាក់​អំពី​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ ចិញ្ចៀន​ប្លា​ទី​ន​៣​វង់ មាស​គ្រឿង​៥​ជី និង​ប្រាក់​៣០​ម៉ឺន​រៀល ។

មន្ត្រី​សមត្ថកិច្ច​និយាយ​ថា ក្រោយ​ពេល​កើតហេតុ​បន្តិច កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ តែ​ក្រុម​ចោរ​បាន​គេចខ្លួន​បាត់​ស្រមោល​អស់​ទៅ​ហើយ ។ ទីតាំង​កើតហេតុ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​ផ្លូវជាតិ និង​ទីប្រជុំជន ។ ដូច្នេះ​បើ​ទោះជា​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ៗ​ក៏​មិន​អាច​ជួយ​អន្តរាគមន៍​ទាន់​ពេល​ដែរ តែ​កម្លាំង​មូលដ្ឋាន​បាន​ចុះ​ទៅ​កាន់​តំបន់​នោះ​ទាំង​យប់​។

មន្ត្រី​នគរបាល​ស្រុក​ភ្នំព្រឹក​មួយ​រូប​និយាយ​ថា កាំភ្លើង​អាកា​ដែល​ក្រុម​ចោរ​ប្រើប្រាស់​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​ខាងលើ​នោះ គឺជា​ប្រភេទ​កាំភ្លើង​អាកា​ស្វាយ​បត់​ចំហៀង​សេ​៊​រី​ថ្មី​មានគុណ​ភាពល្អ​១០០% ។ អាវុធ​ប្រភេទ​នេះ គេ​តែង​ឃើញ​កង​កម្លាំងយោធា និង​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ប្រើប្រាស់ ។ ចំពោះ​ករណី​ប្លន់​ខាងលើ បើ​តាម​មន្ត្រី​រូប​នេះ​និយាយ​ថា សមត្ថកិច្ច​កំពុងធ្វើការ​សួរនាំ​ជន​រង​គ្រោះ និង​សាក្សី​នានា តែ​ហាក់ដូចជា​គ្មាន​តម្រុយ​អំពី​មុខសញ្ញា​ក្រុម​ចោរ​កាំភ្លើង​អាកា​នេះ​ទេ ។

គួរ​កត់​សម្គាល់ថា អំពើ​ប្លន់​ប្រដាប់​អាវុធ​នៅ​ក្នុង​ខេត្តបាត់ដំបង ហាក់​កំពុង​បង្កើន​សកម្មភាព​កាន់តែ​ខ្លាំង ខណៈ​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​អាច​មាន​លទ្ធភាព​ទប់ស្កាត់ ឬ​បង្ក្រាប​បាន ដែល​ជា​ហេតុ​នាំ​ឲ្យ​ជន​សង្គម​ងងឹត​ទាំងនោះ​បានចិត្ត ធ្វើ​សកម្មភាព​ប្លន់​ជា​បន្តបន្ទាប់​មិន​បន្ធូរ​ដៃ​ឡើយ មិន​ថា​នៅ​ទីប្រជុំជន​ឬ​នៅ​ជនបទ​នោះ​ទេ ។ នៅ​ដើមឆ្នាំ​២០១៦​នេះ គ្រាន់តែ​ក្នុង​រយៈពេល​មិន​ដល់​៤០​ថ្ងៃ​ផង អំពើ​ប្លន់​ប្រដាប់​អាវុធ​បាន​កើតឡើង​ចំនួន​៤​លើក​ហើយ  រីឯ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ងងឹតឈឹង​នៅឡើយ ។ 

ការ​កើនឡើង​នៃ​បទល្មើស ដូច​ជា​អំពើ​ប្លន់ លួច ឆក់ និង​គាស់​លំនៅ​ឋាន​លួច​យក​ទ្រព្យសម្បត្តិ​មិន​ថា​យប់​ឬ​ថ្ងៃ​បែប​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ក្រុម​អាជីវករ​លក់ដូរ​តាម​ទីផ្សារ​នានា មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សន្តិសុខ ទាំង​ការ​ធ្វើ​ដំណើរ​ទាំង​ការ​លក់ដូរ​នៅ​ក្នុង​ផ្សារ បើ​ទោះជា​ពេល​នេះ​សមត្ថកិច្ច​កំពុង​បង្កើន​កម្លាំង​ដាក់​ពង្រាយ​គ្រប់​ទីកន្លែង​ទាំង​យប់​ទាំង​ថ្ងៃ​ក្ដី ក៏​គេ​សង្កេត​ឃើញ​ថា គោលនយោបាយ «​ភូមិ​ឃុំ​មាន​សុវត្ថិភាព​» ហាក់​កំពុង​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​ទៅ​ហើយ ៕