ព្រះ​អគ្គី​លេប​ត្របាក់​ផ្ទះ​៩៨​ខ្នង​កណ្តាលអធ្រាត្រ

ព្រះ​អគ្គី​លេប​ត្របាក់​ផ្ទះ​៩៨​ខ្នង​កណ្តាលអធ្រាត្រ

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​បាន​ឆេះ​សន្ធោសន្ធៅ​ដោយ​លេប​ត្របាក់​ផ្ទះ​តូច​ធំ​ជិត​១០០​ខ្នង នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៨ កុម្ភៈ នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ពី​ករណី​រំលោភ​បូក ដោយ​សម្លាប់​ក្មេង​ស្រី​ម្នាក់​គួរ​ឱ្យ​រន្ធត់​ចិត្ត​នោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចេញពីផ្ទះ​នាំ​គ្នា​ទៅ​ចោមរោម​មើល និង​ជួយ​ស្វែងរក សព ។ លុះ​ពេល​ឃើញ​ហើយ​មិន​ដល់​កន្លះ​ម៉ោង​ផង ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​នៅ​តំបន់​នោះ​ដែល​ជា​ផ្ទះ​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់​ស័ង្កសី និង​ផ្ទះ​ខ្លះ​ទៀត​ជា​ថ្ម​សង់​នៅ​ជាប់​គ្នា​ស្អេកស្កះ ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឆ្លង​រាលដាល​គ្នា​ពី​មួយ​ទៅ​មួយ ។

ប្រជាពលរដ្ឋ​ខ្លះ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ឆេះ គឺ​បណ្តាល​មក​ពី​ក្មេង​លេង​ដុត​ផាវ ដុត​កាំជ្រួច​តូច​ៗ ខ្លះ​ទៀត​ថា​បណ្តាល​មក​ពី​ភ្លើង​ធូប និង​ខ្លះ​ទៀត​អះអាង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ឬ​ក៏​មក​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​មើល​សព​ក្មេង​ស្រី​រំលោភ​បូក​អស់ពី​ផ្ទះ ភ្លេច​ពន្លត់ភ្លើង​ធូប​ទៀន ។  ទោះបីជា​យ៉ាងណា​មិន​ទាន់​មាន​ប្រភព​ណា​អះអាង​ឱ្យ​ពិតប្រាកដ​នៅឡើយ​ទេ ។

ក្នុង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​កណ្តាលអធ្រាត្រ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខេត្តកណ្តាល មក​ជួយ​អន្តរាគមន៍​ផង​ដែរ តែ​ដោយសារ​តំបន់​ផ្ទះ​ខាងលើ​មាន​ផ្លូវ​ចូល​តូច​ចង្អៀត រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​ចេញចូល​រួច ទាល់តែ​ត​ទុយោ​ទឹក​ថែម​វែង ទើប​អាច​បាញ់​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ក្នុង​ថ្ងៃ​ដដែល ។

តួលេខ​ពិតប្រាកដ​បាន​បង្ហាញ​ឱ្យ​ដឹង​ច្បាស់​ថា លំនៅ​ឋាន​ចំនួន​៩៨​ខ្នង បាន​ក្លាយជា​ចំណី​ភ្លើង ។

យោង​តាម​សម្តី​រៀបរាប់​របស់​អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​មាន​អណ្តាតភ្លើង​ឆាបឆេះ ដំបូង​ឡើយ​គឺ​អ្នកស្រុក​មួយ​ចំនួន​ដែល​រស់នៅ​ទីនោះ បាន​នាំ​គ្នា​លេង​ដុត​ផាវ និង​បាញ់​កាំជ្រួច អបអរ​ថ្ងៃ​សែន​ចិន និង​វៀតណាម ។ ដោយ​ការ​ដុត​ផាវ នឹង​កាំជ្រួច​នោះ​ធ្វើ​ឱ្យ​ធ្លាក់​កម្ទេច​ភ្លើង​កាំជ្រួច​ចំ​លើ​លំនៅ​ឋាន​បង្ក​ឱ្យ​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង រហូត​រីក​រាលដាល ជា​បន្តបន្ទាប់​តែ​ម្តង​គួប​ផ្សំ​ខ្យល់​បក់​ខ្លាំង ។

លោក​វរសេនីយ៍ទោ ព្រហ្ម យ៉​ន នាយការិយាល័យ​ពន្លត់ និង​បង្ការ​គ្រោះ​មហន្តរាយ​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្នុង​ការ​ឆេះ​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​២៥​គ្រឿង ស្មើនឹង​៦០​ជើង និង​ប្រើ​ពេលវេលា​ជាង​៤​ម៉ោង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០​ភាគរយ ។ ក្នុង​នោះ​ដែរ លំនៅ​ឋាន​ចំនួន ៩៨​ខ្នង​ផ្ទះ គឺ​ត្រូវ​ឆាបឆេះ​ហ្មត់​គ្មាន​សល់ រួម​ជាមួយ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ផង​ដែរ ។ លោក​បន្ត​ថា ក្នុង​ការ​ឆាបឆេះ​ដដែល​នេះ សមត្ថកិច្ច​យើង​ពិតជា​មានការ​ពិបាក​ខ្លាំង​បំផុត ក្នុង​ការ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយសារ​ស្ថានភាព​ផ្លូវ​ច្រកចូល​ទៅ​កាន់​កន្លែង​កើតហេតុ មាន​លក្ខណៈ​តូច​ចង្អៀត មិន​អាច​ឱ្យ​រថយន្ត​ចូល​ទៅ​បាញ់​ទឹកបាន ។ ម្យ៉ាងទៀត លំនៅ​ឋាន​ទាំងអស់ ដែល​ត្រូវ​ឆាបឆេះ គឺជា​លំនៅ​ឋាន​ដែល​សង់​ជាប់​គ្នា​រដឹក ជា​ហេតុ​ធ្វើ​ឱ្យ​អណ្តាតភ្លើង ងាយស្រួល​ក្នុង​ការ​ឆេះ​រាលដាល​បាន​លឿន​បំផុត ។ ទោះបីជា​បែប​ណា ក្នុង​ករណី​នេះ មិន​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

សម្រាប់​ថ្ងៃ​ទី​១ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន វៀតណាម ទៅ​ទូ​ទាំង​ប្រទេស​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​បី​លើក ដោយ​មិន​ទាន់​រាប់​ប​ញ្ជូ​ល​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ទេ ។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​របស់​ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន វៀតណាម ត្រូវ​នឹង​ថ្ងៃ​ទី​៧ កុម្ភៈ ដែល​ជា​ថ្ងៃ​សែន​ចិន មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នៅ​ភ្នំពេញ វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៧ កុម្ភៈ ។ អគ្គិភ័យ​កើត​មាននៅ​ក្រុម​ទី​១៨ ភូមិ​៣ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ក្នុង​បរិវេណ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

នៅ​ខេត្តកំពង់ស្ពឺ ម៉ោង​១៣​និង​៤៥​នាទី​រសៀល នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ដោយសារ​ក្មេង​លេង​ភ្លើង​ឆេះ​អស់​ចំនួន​៥​ខ្នង ។

នៅ​ខេត្តកំពង់ធំ នា​រសៀល​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​៧ កុម្ភៈ នៅ​ភូមិ​សូ​រិ​យា ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ គ្រោះ​អគ្គិភ័យ​ដែល​បង្ក​ដោយ​ភ្លើងទៀន ធូប​បាន​លេប​ត្របាក់​ផ្ទះ​២​ខ្នង ទំហំ​ផ្ទះ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ (​ប្រក់​ស្លឹក ជញ្ជាំង​ក្តារ​) ស្រូវ​៤០​បាវ លុយ​៨០​មុ​ឺ​ន​រៀល និង​សម្ភារ​មួយ​ចំនួន​ទៀត ៕