របៀប​ថែរក្សា​លិង្គ​របស់​ក្មេងប្រុស​ទើបនឹង​កើត និង​ចេះ​ដើរ​តេះតាស​

របៀប​ថែរក្សា​លិង្គ​របស់​ក្មេងប្រុស​ទើបនឹង​កើត និង​ចេះ​ដើរ​តេះតាស​

​ថ្វីបើ​មាន​ស្ត្រី​មួយ​ចំនួន​ដឹង​អំពី​ការ​ពិត​ត្រង់​ថា ការលាង​សម្អាត​តំបន់​ឯកជន​របស់​ក្មេង​គឺជា​រឿង​សំខាន់ ព្រោះ​វា​អាច​បង្ការ​ការឆ្លង​រោគ​នៅ​ប្រដាប់​ភេទ​បាន​នោះ តែ​ក៏​មាន​ស្ត្រី​ខ្លះទៀត​មិន​បានដឹង​អំពី​រឿង​នេះ​ដែរ​។ វា​មិន​ខុសគ្នា​ពី​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ឡើយ យក​ល្អ​អ្នក​គួរតែ​សម្អាត​លិង្គ​របស់​កូនប្រុស​អ្នក​គ្រប់ពេល​ផង​។ ប៉ុន្តែ​មុន​ពេល​អ្នក​ឈាន​ទៅ​ដល់​ដំណើរការ​នៃ​ការលាង​សម្អាត​លិង្គ​កូន​នោះ យើង​សូម​ណែនាំ​រឿង​មួយចំនួន​តូច​ដែល​អ្នក​គួរ​ពិចារណា​ផង​។
​សម្រាប់​រយៈពេល​ពីរ​បី​ឆ្នាំ​ដំបូង បើសិនជា​ស្បែក​គ្រប​ក្បាល​លិង្គ​របស់​កូន​មិន​ព្រលាត់​ទេ មានន័យ​ថា​គេ​មាន​បញ្ហា Phimosis ធម្មជាតិ​បែប​ធម្មតា ដែល​វា​អាច​នឹង​កើតឡើង​បណ្តោះអាសន្ន​ទេ​។ ប៉ុន្តែ​បើសិន​ជា​រយៈពេល​ពីរ​បី​ឆ្នាំ​ក្រោយ នៅតែ​មិន​ព្រ​លាត់ទៀត (​ករណី​ខ្លះ​អាច​ដល់ ៥​ឆ្នាំ​) វា​អាច​បញ្ជាក់​ថា​មាន​បញ្ហា Phimosis ទាំងស្រុង​។ រឿងនេះ​វា​គួរតែ​ដល់​ពេល​អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថា​គួរ​ធ្វើការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ចោល​ឬ​អត់​ហើយ​។

តើ​គួរ​លាង​លិង្គ​របស់​ក្មេង​ដូច​ម្តេចទៅ​?
ស្បែក​គ្រប​ក្បាល​លិង្គ​មិន​អាច​ព្រលាត់​ចេញ​ឡើយ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ដំបូង ដូច្នេះហើយ អ្នក​ត្រូវ​តែ​លាង​សម្អាត​ស្បែក​ខាងក្រៅ​ជាមួយ​ទឹក​សិន​។ ប៉ុន្តែ​មិន​ត្រូវ​ព្យាយាម​រុញ​ស្បែក​គ្រប​ក្បាល​លិង្គ​កូន​ខ្លាំងពេក​ទេ ព្រោះ​វា​អាច​នាំ​ឱ្យ​ឈឺចាប់ រមាស់ ឬ​ហូរឈាម​បាន​។

នៅ​ពេល​កូន​អាយុ​កាន់តែ​ច្រើន​បន្តិច ស្បែក​គ្រប់​ក្បាល​លិង្គ​ចាប់ផ្តើម​ព្រលាត់​បន្តិចម្តងៗ​។ ករណីខ្លះ ចូរ​ប្រាកដថា អ្នក​បាន​លាង​សម្អាត​លិង្គ​រាល់​ថ្ងៃ​ក្នុង​ពេល​ងូតទឹក​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ព្រលាត់ស្បែក​គ្រប​ក្បាលលិ​ង្គ​របស់​កូន​បន្តិច​ម្តងៗ និង​ព្យាយាម​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​។ រឿង​នេះ​មិន​ត្រូវ​ការប្រើ​ថ្នាំ​ផ្សះ ឬ​សាប៊ូ​កូនក្មេង​ដើម្បី​សម្អាត​លិង្គ​កូន​ឡើយ​។

អ្នក​អាច​បង្រៀន​កូន​ឱ្យ​ចេះ​សម្អាត​លិង្គ​នៅពេល​គេ​ធំ​ឡើង​។ ខណៈពេល​កំពុង​តែ​ងូតទឹក ចូរ​រុញ​ស្បែក​គ្រប់​ក្បាល​លិង្គ​បន្តិច​ម្តងៗ ដើម្បី​អាច​ប្រើ​ទឹក​លាង​សម្អាត​បាន​។ បន្ទាប់​ពី​លាង​រួច​ចូរ​ធ្វើយ៉ាងណា​ង​សម្ងួត​ក្បាល​លិង្គ​ឱ្យបាន​ល្អ​ផង​។

បើសិន​ជា​កូន​អ្នក​ធ្លាប់មាន​បញ្ហា​មិន​ស្រួល​ខណៈពេល​កំពុង​តែ​នោម ឬ​ស្បែក​គ្រប​ក្បាល​លិង្គ​ទៅជា​ក្រហម ឬ​រមាស់ ចូរ​នាំ​កូន​ទៅ​ព្យាបាល​ជា​មួយ​គ្រូពេទ្យ​ភ្លាម​។ មិន​ត្រូវ​មិន​ខ្វល់​នឹង​សញ្ញា​នៃ​ការបង្ក​រោគ​នៅ​លិង្គ​ឡើយ ហើយ​ក៏​ត្រូវធ្វើ​ទៅតាម​អនាម័យ​នៃ​ការថែរក្សា​លិង្គ​ឱ្យបាន​ត្រឹមត្រូវ​ដែរ​។

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។